ថ្មីៗនេះ សហភាពអឺរ៉ុបបានបញ្ជូនអង្ករខ្មែរមួយចំនួនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានរកឃើញនៅមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិ។ នេះបើតាមក្រសួងកសិកម្មក្នុងថ្ងៃទី២០ មករា ដោយអះអាងបន្ថែមថា បញ្ហានេះពិតជាបាន និងកំពុងជះឥទ្ធិពលអាក្រក់ដល់ការនាំចេញអង្ករខ្មែរ ទៅកាន់សហភាពអឺរ៉ុប។
ក្រសួងកសិកម្មបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២០ មករា ថា មានអង្ករខ្មែរមួយចំនួនដែលបាននាំចេញទៅសហភាពអឺរ៉ុប ត្រូវបានដឹកត្រឡប់មកកម្ពុជាវិញ ដោយសារតែអង្ករទាំងនោះមានសំណល់ថ្នាំកសិកម្មលើសកម្រិតបញ្ញត្តិរបស់សហភាពអឺរ៉ុប។ ក្រៅពីបានបញ្ជូនអង្ករខ្មែរទាំងនោះឱ្យត្រលប់មកកម្ពុជាវិញ សហភាពអឺរ៉ុបក៏បានជូនដំណឹងជាបន្ទាន់នៅលើគេហទំព័រស្តីពីម្ហូបអាហារ និងចំណីសត្វរបស់ខ្លួនពីការរកឃើញនៅក្នុងអង្ករខ្មែរនូវកម្រិតសំណល់ថ្នាំកសិកម្មជាសារធាតុ Acetamiprid Tricyclazole និងសារធាតុ Thiamethoxam លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុបចំនួន ០,០១មីលីក្រាមក្នុងអង្ករមួយគីឡូក្រាម។
គួរជ្រាបថា តាមបញ្ញត្តិរបស់សហភាពអឺរ៉ុប គឺមានសារធាតុសកម្មថ្នាំកសិកម្មតែចំនួន ៣១៣មុខប៉ុណ្ណោះ ក្នុងចំណោម ៥១៧មុខ ដែលអនុញ្ញាតឱ្យប្រើប្រាស់លើដំណាំស្រូវ។ ចំណែកកម្រិតសំណល់ថ្នាំកសិកម្មអតិបរមាក្នុងអង្ករអនុញ្ញាតឲ្យមានត្រឹមតែ ០,០១មីលីក្រាមប៉ុណ្ណោះ ក្នុងអង្ករមួយគីឡូក្រាម។ ក្នុងសេចក្តីជូនដំណឹងដដែល ក្រសួងកសិកម្មបានចាត់ទុកការដឹកអង្ករខ្មែរ ដែលមានសំណល់ថ្នាំកសិកម្មលើសកម្រិតមកកម្ពុជាវិញពេលនេះថា ជាផលប៉ះពាល់អាក្រក់ដល់ការនាំចេញអង្ករខ្មែរទៅកាន់សហភាពអឺរ៉ុប។
ជាការឆ្លើយតបនឹងបញ្ហាមួយនេះ អគ្គនាយកដ្ឋានកសិកម្មបានអះអាងថា ខ្លួនកំពុងជំរុញឲ្យមានការអនុវត្តនូវវិធានការមួយចំនួនដូចជា ការរៀបចំចងក្រងសហគមន៍កសិកម្មទំនើប ផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា និងការដាំដុះប្រភេទពូជស្រូវ ដែលមានសក្តានុពលរបស់ជាតិ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានកសិកម្មបានកំណត់តំបន់ដាំដុះដំណាំស្រូវ ផ្សព្វផ្សាយអំពីលក្ខខណ្ឌសម្រាប់តម្រូវការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប ពិសេសផ្តោតលើការប្រើប្រាស់ប្រភេទថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបញ្ញត្តិ។
គួរជ្រាបថា របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករប្រមាណ ៦៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់មានប្រមាណ ៤៩១លានដុល្លារអាមេរិក។ ក្នុងនោះ ទីផ្សារនាំមុខគេរបស់កម្ពុជា គឺសហភាពអឺរ៉ុប ដែលបានទទួលទិញអង្ករខ្មែរក្នុងបរិមាណជាង ៣២ម៉ឺន៧ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៥៣លានដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com