ONG៖ បំប្លែងព្រៃជាជង្រុកស្បៀង និងថាមពល ជាផែនការបង្ហិនបង្ហោចបរិស្ថាន
21-មករា-2025
រដ្ឋាភិបាលឥណ្ឌូណេស៊ីទើបបានបង្ហាញផែនការបំប្លែងព្រៃ២០លានហិចតារទៅជាតំបន់សម្រាប់ផលិតស្បៀង និងថាមពល។ ប៉ុន្តែសម្រាប់សម្ព័ន្ធអង្គការការពារបរិស្ថាន ផែនការនេះ មិនត្រូវតាមក្បួនតក្កវិទ្យាសោះ និងបង្ហិនបង្ហោចខ្លាំងណាស់ដល់បរិស្ថាន។
ONG៖បំប្លែងព្រៃជាជង្រុកស្បៀងនិងថាមពល ជាផែនការបង្ហិនបង្ហោចបរិស្ថាន © rfi khmer
លោកប្រធានាធិបតីឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាតូ បានប្តេជ្ញាពង្រឹងស្វ័យភាពស្បៀងអាហារ និងថាមពល ដោយជំរុញ និងបង្កើនការប្រើប្រាស់វត្ថុធាតុដើមដាំដុះនៅឥណ្ឌូណេស៊ីមានជាអាទិ៍ការប្រើប្រេងជីវៈឥន្ធនៈជាជាងប្រើប្រេងឥន្ធនៈនាំចូល។
ហេតុដូច្នេះហើយបានជារដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងបំប្លែងផ្ទៃដីព្រៃចំនួន២០លានហិចតារទៅតំបន់សម្រាប់ផលិតស្បៀង ថាមពល និងទឹក។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងព្រៃឈើ លោក Raja Juli Antoni ដោយធានាអះអាងកុំឱ្យព្រួយបារម្ភរឿងកាប់ព្រៃឈើ។ បើតាមលោករដ្ឋមន្ត្រី គម្រោងបំប្លែងព្រៃនេះ មិនបានលុបបំបាត់ព្រៃទេ តែជាការទាញយកប្រយោជន៍ពីព្រៃជាអតិបរិមា តាមរយៈប្រព័ន្ធកសិព្រៃឈើ។
ជាងនេះទៅទៀត រដ្ឋាភិបាលដៅតែលើដីព្រៃ ដែលធ្វើសម្បទានហើយតែប៉ុណ្ណោះ មិនទៅប៉ះពាល់ព្រៃស្រោងធម្មជាតិរបស់ប្រទេសទេ។ ឧទាហរណ៍ រដ្ឋាភិបាលបានកំណត់ទីតាំងព្រៃ១,១លានហិចតារ នៅក្រុងហ្សាការតា សម្រាប់បំប្លែងជាដីកសិកម្មធ្វើស្រែ ដែលអាចផ្តល់ផលរហូតដល់៣,៥លានតោនក្នុង១ឆ្នាំៗ ពោលគឺស្មើនឹងបរិមាណស្រូវនាំចូលសរុបរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០២៣។ នេះបើតាមការលម្អិតរបស់លោករដ្ឋមន្ត្រីក្រសួងព្រៃឈើដដែល ដោយបន្ថែមទៀតថា រដ្ឋាភិបាលគ្រោងដាំដើមត្នោតដើម្បីបានប្រេងជីវៈអេតាណុល។
ប៉ុន្តែសម្រាប់សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល Clean Transition Coalition គម្រោងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីនេះ មានហានិភ័យបំផ្លាញបរិស្ថាន និងជីវៈចម្រុះដោយមិនអាចស្តារបកក្រោយវិញបានឡើយ ហើយបញ្ច្រាសនឹងកម្មវត្ថុរបស់រដ្ឋាភិបាលក្នុងផ្នែកសន្តិសុខចំណីអាហារនិងថាមពលទៀត។ ព្រៃបំប្លែងមានផ្ទៃក្រឡាធំជាងកោះជ្វា (Java)ដែលជាកោះដ៏ចម្បងគេរបស់ឥណ្ឌូណេស៊ី ជិតពីរដង។ គម្រោងបំប្លែងព្រៃច្បាស់ជានឹងបង្កើនគ្រោះរីកដុះដាលនៃចំការដូងប្រេងជាក់ជាមិនខាន។ នេះបើតាមប្រសាសន៍របស់នាយកប្រតិបត្តិអង្គការ Sawit Watch លោក Achlad Surambo។ ការស្រាវជ្រាវរបស់អង្គការការពារបរិស្ថាន Satya Bumi បានបង្ហាញថា ឥណ្ឌូណេស៊ីមានចំការដូងប្រេងសរុបដល់ទៅ១៧,៧៧លានហិចតារ។ រដ្ឋាភិបាលគួរតែផ្តុំគិតរកវិធីបង្កើនប្រសិទ្ធភាពដីកសិកម្មមានស្រាប់ ដើម្បីគោរពសិទ្ធិជនជាតិដើមភាគតិច និងធ្វើកំណែទម្រង់ពិតៗទាក់ទងនឹងការគ្រប់គ្រងដីកសិកម្ម។ នេះជាសំណើរបស់សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាល ដើម្បីបរិស្ថាន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ