banner1
ថៃ​ ចេញ​ច្បាប់​​ឱ្យ​បើក​កាស៊ីណូ ប្រទេស​ជិត​ខាង​គួរ​ព្រួយ​បារម្ភទេ?

 20-មករា-2025

ពីពេល​នេះ​ដល់​ឆ្នាំ​២០២៩ ថៃអាច​នឹង​ក្លាយ​ជា​វិមាន​កាស៊ីណូ​ប្រចាំ​តំបន់​អាស៊ី។ នេះ​ជា​កម្មវត្ថុ​របស់​រដ្ឋាភិបាល​ថៃ​ ដែល​ទើប​អនុម័ត​គម្រោង​ច្បាប់​អនុញ្ញាត​ឱ្យ​​បើក​​កាស៊ីណូ​ និង​កន្លែង​លេង​ល្បែង​ស៊ីសង​ដោយ​ស្រប​ច្បាប់ នៅ​ក្នុង​រាជាណាចក្រ​ថៃ។ គំនិត​ផ្តួច​ផ្តើម​របស់​ក្រសួង​ហិរញ្ញវត្ថុនេះ​ ធ្វើ​ឡើង​ក្នុង​​ទិសដៅ​លើក​ស្ទួយវិស័យ​ទេសចរណ៍ និង​ពង្រឹង​​សេដ្ឋកិច្ច ព្រម​ទាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​កាស៊ីណូ​ខុស​ច្បាប់។

ថៃចេញ​ច្បាប់​​ឱ្យ​បើក​កាស៊ីណូ AFP – STEPHANE DE SAKUTIN

ដោយ​ដឹងថា ​ជា​ប្រធានបទ​រសើបខ្លាំង​ នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី ​ភែថងថាន ស៊ីណាវ៉ាត់ បាន​ប្រកាស​ដោយ​ប្រយ័ត្ន​ប្រយែង​បំផុត និងចៀស​មិន​ប្រើ​ពាក្យ​ថា​ “កាស៊ីណូ”ទេ។ នៅ​ក្នុង​គម្រោង​ច្បាប់សំដៅ​អនុញ្ញាត​ឱ្យ​បើក​កាស៊ីណូ និង​កន្លែង​លេង​ល្បែង​ស៊ីសង​ដោយ​ស្រប​ច្បាប់ ដែល​ទើប​អនុម័ត​រួច​ ថៃ​បាន​ប្រើ​ពាក្យ​ថា “មណ្ឌលកម្សាន្ត”។ ធ្វើ​ដូច្នេះ​ គេ​អាច​​បន្ធូរ​បន្ថយ​កង្វល់​របស់ប្រជាជន ដែល​ភាគច្រើន​ជា​ពុទ្ធសាសនិក ខ្វល់​ខ្វាយ​ខ្លាំង​នឹង​ផលវិបាក​បង្ក​ឡើង​ដោយ​​ល្បែង​ស៊ីសង។

នៅក្នុង​គម្រោង ថៃ​នឹង​បើក “កាស៊ីណូ” ​ចំនួន​៥​កន្លែង៖ ពីរ​នៅ​បាងកក បីទៀត​នៅ​ប៉ាតាយ៉ា នៅឈៀងម៉ៃ និង​នៅ​ភូកេត។ កាស៊ីណូ​ទាំងនោះ ត្រូវ​ស្ថិត​នៅក្នុង​ មណ្ឌល​កម្សាន្ត​​ ដែលផ្គុំ​​ដោយ​​​សណ្ឋាគារ សាលសន្និសីទ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឬ​សួន​ឧទ្យាន​សម្រាប់ទាក់ទាញ​ភ្ញៀវ​ជា​លក្ខណៈ​​គ្រួសារ។ មនុស្ស​​អាយុ​ក្រោម​២០​ឆ្នាំ ​មិន​អនុញ្ញាត​ឱ្យ​ចូល​លេង​កាស៊ីណូ​ទេ។ ជន​បរទេស​អាច​ចូល​លេង​ដោយ​ឥតគិត​ថ្លៃ តែ​ពលរដ្ឋ​ថៃ​គ្រប់​អាយុ​ត្រូវ​បង់​សេវាចូល​​តម្លៃ​១៤០អឺរ៉ូ។

រដ្ឋ​ថៃ​ហាមឃាត់​មិន​ឱ្យ​បើក​​កន្លែង​លេង​ល្បែងស៊ីសង​​​តាំងពី​ឆ្នាំ​១៩៣៥​មក និងអនុញ្ញាត​ឱ្យ​​មាន​តែ​ឆ្នោត​ជាតិ​ ព្រមទាំង​ល្បែង​ប្រណាំង​សេះ​តែ​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ថៃមុនៗ និង​ក្នុង​ចំនួន​ដ៏​​​ច្រើន​ណាស់ ​បាន​សាកល្បងជា​បន្ត​បន្ទាប់​រក​វិធី​បើក​កាស៊ីណូ​ ប៉ុន្តែ​មិន​សម្រេច ព្រោះ​ប្រជាពលរដ្ឋ​ប្រឆាំង​ខ្លាំងពេក។ ចុះ​ហេតុអ្វី​រដ្ឋាភិបាល​របស់​លោកស្រី ភែថងថាន ធ្វើ​បាន?

ទើប​ចូល​កាន់​ការ​នៅ​ខែ​កញ្ញា ២០២៤ រដ្ឋាភិបាល​ថៃ​របស់​លោកស្រី​ ភែថងថាន ស៊ីណាវ៉ាត់ បាន​លើក​យក​ហេតុផល​សេដ្ឋកិច្ច​មក​ដឹក​មុខ។ ទេសចរណ៍​ជា​ក្បាលម៉ាស៊ីននៃ​សេដ្ឋកិច្ចថៃដ៏​ចម្បង​ ហើយ​​កាស៊ីណូជា​ធ្នាក់​ទាញ​ទេសចរ​បរទេស​បាន​កាន់​តែ​ច្រើន​​ឱ្យ​មក​លេង​ប្រទេស​ថៃ។ ដូច្នេះ​ថៃ​នឹង​អាច​ប្រមូល​ថវិកា​បាន​ច្រើន​សម្រាប់​បំពេញ​ហិប​រដ្ឋ ពីការ​យក​ពន្ធ​លើ​កាស៊ីណូ។ បើ​តាម​គម្រោង​ច្បាប់ និង​ដើម្បី​មាន​ភាព​ទាក់​ទាញ​ខ្លាំង ថៃ​នឹង​យក​ពន្ធ​លើ​កាស៊ីណូ​ក្នុង​អត្រា​១៧% ពោល​គឺ​ទាប​ជាង​គេ​បំផុត​នៅអាស៊ី។ រដ្ឋាភិបាល​ថៃ ចង់​ឱ្យ​​បាងកកយក​​គំរូ​តាមសិង្ហបុរី​ ដែល​ឧស្សាហកម្ម​ល្បែង​បាន​បំប៉ន​​វិស័យ​ទេសចរណ៍​ផង និង​​​កំណើន​សេដ្ឋកិច្ចឱ្យ​ឡើង​ខ្លាំង ​គួរ​ជា​ទី​កត់​សម្គាល់ផង។ ហេតុ​ផលសំខាន់មួយ​ទៀត គឺនៅពេល​​មាន​ច្បាប់​គ្រប់គ្រង​កាស៊ីណូ រដ្ឋាភិបាល​ថៃ​នឹង​អាច​ប្រយុទ្ធ​ប្រឆាំងនឹងការ​​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់ ព្រមទាំង​អាច​​ទប់​ស្កាត់​សកម្មភាព​កាស៊ីណូ​ ដែល​កំពុង​បំពុល​នៅ​តាម​ព្រំដែន​ជាមួយ​កម្ពុជា ភូមា ឬឡាវ ទៀត។

ដូច្នេះ​ប្រទេស​ជិត​ខាង​ច្បាស់​ជា​តាម​ដាន​គម្រោង​ច្បាប់​ថៃ​មិនលែង​ឡើយ ជាពិសេស​គឺ​សិង្ហបុរី និង​ហ្វីលីពីន​តែ​ម្តង ព្រោះ​ប្រទេសទាំងពីរ​​ធ្លាប់​ទាញ​ចំណូល​សម្បើម​ខ្លាំងណាស់ ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ ​ពី​វិស័យកាស៊ីណូ​នេះ។ ម៉ាកាវ​ ជើង​ឯក​ពិភពលោក​ខាង​កាស៊ីណូ ​ដែល​ប្រមូល​ចំណូលក្នុង​មួយ​ឆ្នាំៗ ​ក្បែរ​២៨ពាន់​លានដុល្លារ​ មិន​ព្រួយ​ទេនឹង​ការ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់​ទេ។ ប៉ុន្តែ​កម្ពុជា​អាច​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ ប្រសិន​បើ​ថៃ​អាច​បើក​កាស៊ីណូ​បាន​ដោយ​ស្រប​ច្បាប់។ កាស៊ីណូនៅលើ​ទឹក​ដី​ខ្មែរ​ប្រមាណ​ពី​​៣០ ទៅ​៤០​កន្លែង​អាច​នឹង​ត្រូវ​បិទ​ទ្វារ។ ​បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ចូល​លេង​​កាស៊ីណូខ្មែរ ​ដែល​​នៅ​តាម​បណ្តោយ​ព្រំដែន ភាគ​ច្រើន​ជា​ជនជាតិ​ថៃ។ ហ្វីលីពីន​ក៏​អាច​នឹង​ចុះ​ចំណូល​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រធានាធិបតី​ម៉ាកូស គ្រោង​នឹង​អនុញ្ញាត​ឱ្យ​បើក​​​សណ្ឋាគារ​មាន​​​កាស៊ីណូ​ថ្មីៗ​បន្ថែម​​ទៀត ដើម្បី​ទាក់ទាញ​ទេសចរ។

ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច អ្វី​ដែល​ប្រាកដ​ខ្លាំង​ គឺ​កាស៊ីណូ​មាន​ទិសដៅ​ទាក់ទាញ​ភ្ញៀវ​បរទេស​អ្នក​មាន​ ហើយ​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការ​បើក​កាស៊ីណូ មិន​អាចលុប​បំបាត់​ល្បែង​ស៊ីសង​ខុស​ច្បាប់ ដែល​ពលរដ្ឋ​ថៃ​រាប់​សិប​ម៉ឺន​​នាក់ងប់​លេង ​និង​​មាន​បំណុល​វ័ណ្ឌក​បាន​ទេ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 422
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា