សេដ្ឋកិច្ចអាល្លឺម៉ង បន្តដាំក្បាលចុះ ២ ឆ្នាំជាប់គ្នា
16-មករា-2025
អាល្លឺម៉ង ដែលជាក្បាលម៉ាស៊ីនទី១នៃតំបន់សេដ្ឋកិច្ចចាយប្រាក់អឺរ៉ូ បន្តជួបវិបត្តិសេដ្ឋកិច្ច ២ឆ្នាំជាប់គ្នា ហើយឆ្នាំថ្មីក៏មានសញ្ញាមិនល្អដែរ។ ច្រើនខែមកនេះ រដ្ឋាភិបាលក្រុងប៊ែរឡាំង បានខំប្រឹងដាក់ចេញនូវវិធានការជាច្រើន ដើម្បីលើកកម្ពស់សន្ទុះវឌ្ឍនភាពសេដ្ឋកិច្ច។ បញ្ហាសេដ្ឋកិច្ច បានរាលដាលជះឥទ្ធិពលដល់នយោបាយ ហើយក៏ជាផ្នែកធំមួយជំរុញឲ្យអាល្លឺម៉ង់រៀបចំបោះឆ្នោតសភាមុនអាណត្តិ។ តើវិបត្តិនៅអាល្លឺម៉ង់នេះ បណ្តាលមកពីកត្តាអ្វីខ្លះ? បណ្តាធនាគារអាល្លឺម៉ង់ នៅក្រុង Frankfurt ។ AP – Michael Probst
ឆ្នាំ២០២៤ នៅអាល្លឺម៉ង់ ផលិតសរុបក្នុងស្រុក ធ្លាក់ចុះ ០,២% ដែលជាការដាំក្បាលចុះ ២ ឆ្នាំបន្តបន្ទាប់គ្នា។ នេះបើយោងតាមការព្យាករបឋមរបស់លោកស្រី Ruth Brand នាយិកាវិទ្យាស្ថានស្ថិតិសហព័ន្ធអាល្លឺម៉ង់ (Destatis) ដោយបានរំឮកថា ក្នុងឆ្នាំ២០២៣ ផលិតសរុបក្នុងស្រុកអាល្លឺម៉ង់ បានធ្លាក់ចុះថយ ០,៣%។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី១៥ ខែមករា មន្ត្រីជំនាញអាល្លឺមឺងដដែល គូសបង្ហាញថា ក្នុងឆ្នាំ២០២៤កន្លងទៅ ទោះបីជាការដោះដូរពាណិជ្ជកម្មក្នុងពិភពលោកមានសន្ទុះគ្រាន់បើ ក៏ពិតមែន តែការនាំចេញទំនិញរបស់អាល្លឺម៉ង់ នៅតែបន្តធ្លាក់ចុះ គួរឲ្យកត់សម្គាល់។
សុខភាពសេដ្ឋកិច្ចអាល្លឺម៉ង់ មិនល្អព្រោះតែបញ្ហាជាច្រើនផ្តុំគ្នា មានទាំងវិបត្តិក្នុងប្រទេសផង និងវិបត្តិខាងក្រៅផង។ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនជាកម្លាំងចលករធំជាងគេ។ កាលពីមុនសង្គ្រាមនៅអ៊ុយក្រែន អាល្លឺម៉ង់ពឹងផ្អែកខ្លាំងទៅលើប្រភពថាមពលឧស្ម័នរុស្ស៊ី ដើម្បីបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ខ្លួន។ ក៏ប៉ុន្តែ ចាប់តាំងពីផ្ទុះសង្គ្រាមអ៊ុយក្រែន សហភាពអឺរ៉ុបនិងប្រទេសលោកខាងលិច ពួតដៃនាំគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដោយដាក់ទណ្ឌកម្មត្រង់ទៅលើឧស្ម័នរុស្ស៊ី។ អឺរ៉ុបឈប់ទិញថាមពលរុស្ស៊ីនិងដាក់ច្បាប់ហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ី ដោយសំអាងហេតុផងថា រដ្ឋបាលក្រុងម៉ូស្គូយកលុយចំណេញទៅចិញ្ចឹមភ្លើងសង្គ្រាមនៅអ៊ុយក្រែន។
ឈប់នាំចូលថាមពលពីរុស្ស៊ី រដ្ឋាភិបាលអាល្លឺម៉ងត្រូវប្រឈមមុខនឹងវិបត្តិឧស្សាហកម្ម។ គ្រប់គ្នាដឹងហើយថា ការផលិតរថយន្ត ជាឧស្សាហកម្មដ៏ចម្បងមួយនៃសេដ្ឋកិច្ចអាល្លឺម៉ង់។ តែវិស័យនេះ ត្រូវជួបវិបត្តិខ្លាំង ព្រោះតែថាមពលឡើងថ្លៃ ហើយត្រូវប្រឈមមុខនឹងការប្រកួតប្រជែងមិនស្មើភាពជាមួយក្រុមហ៊ុនរថយន្តចិន ពីព្រោះថា រដ្ឋអំណាចក្រុងប៉េកាំង បានជួយឧបត្ថម្ភធនក្នុងការផលិតរថយន្តអគ្គិសនីនៅស្រុកចិន។ ម្ល៉ោះហើយ ទើបក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ងត្រូវជួបឧបសគ្គជាខ្លាំង។ ជាក់ស្តែង ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ដ៏ល្បី Volkswagen បានប្រកាសកាត់បន្ថយការផលិត ហើយបណ្តេញបុគ្គលិកនិងលុបចោលការងារ ចំនួន ៣៥ ០០០ កន្លែង ចាប់ពីពេលនេះ ដល់ឆ្នាំ២០៣០។
ជាវិធានការដោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលអាល្លឺម៉ង់ ដឹកនាំដោយអធិការបតីអូឡាហ្វ ស្ហុលស៍ ខំប្រឹងដាក់ចេញនូវវិធានការជាច្រើន ដើម្បីជំរុញការវិនិយោគ។ វិធានការទាំងនោះ រួមមាន បញ្ចុះតម្លៃអគ្គិសនីសម្រាប់ក្រុមហ៊ុន កាត់បន្ថយបញ្ហាការិយាធិបតេយ្យ និងបន្ធូរបន្ថយពន្ធដារ ចំនួនជាង ២៣ ពាន់លានអឺរ៉ូ។ បន្ថែមពីលើការជ្រើសរើសពលករបរទេសឲ្យចូលធ្វើការ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ក៏បានជំរុញលើកទឹកចិត្តឲ្យមនុស្សចំណាស់កុំអាល់ចូលនិវត្តន៍ ហើយត្រូវបន្តធ្វើការឲ្យសកម្មថែមទៀត។ បញ្ហាមនុស្សវ័យចាស់កាន់តែច្រើនឡើងៗ ហើយអត្រាកំណើតធ្លាក់ចុះទាប និងមិនសូវសម្បូរយុវជនចូលប្រលូកក្នុងការងារ ដែលបញ្ហានេះបន្តដាក់បន្ទុកលើសេដ្ឋកិច្ចជាតិ ថែមមួយកម្រិតទៀត។ ក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលអាល្លឺម៉ងក៏បានចាក់បញ្ចូលថវិកាវិនិយោគទុន ១០០ ពាន់លានអឺរ៉ូ ដើម្បីជំរុញការប្រកួតប្រជែងឧស្សាហកម្ម និងចូលរួមក្នុងកម្មវត្ថុបរិស្ថានអាកាសធាតុ។
ពេលនេះ សេដ្ឋកិច្ចឧស្សាហកម្មអាល្លឺម៉ង នឹងត្រូវបន្តប្រឈមវិបត្តិដដែល ដ្បិតថា មានរបាំងឧបសគ្គច្រើនចំពោះមុខ។ នោះគឺហានិភ័យគំរាមកំហែងពីរនាំងពន្ធគយរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ហើយទន្ទឹមនឹងគ្នានេះ ចិនក៏នឹងដាក់របាំងពន្ធគយធ្ងន់ដែរ ចំពោះទំនិញអឺរ៉ុបនិងអាល្លឺម៉ង់។ នោះជាការសងសឹកចំពោះអឺរ៉ុបដែលសម្រុកបិទខ្ទប់និងដាក់ពន្ធនាំចូលច្រើន ទៅលើទំនិញចិន។
សភាពការណ៍ក្នុងបរិបទថ្មី បូករួមនិងគំនរបញ្ហាចាស់ដែលបន្សល់ទុកជាហូរហែទាំងនេះ បានជំរុញឲ្យ អ្នកជំនាញសេដ្ឋកិច្ច ព្យាករបន្ថែមថា ឆ្នាំថ្មី២០២៥នេះ សេដ្ឋកិច្ចអាល្លឺម៉ង់ អាចនឹងធ្លាក់ចុះបន្តទៀត ចូល ៣ ឆ្នាំជាប់គ្នា៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ