សារអបអរឆ្នាំថ្មី ប្រមុខរដ្ឋចិន សន្យាពីវឌ្ឍនភាពសេដ្ឋកិច្ច និងជំរុញសន្តិភាព
2-មករា-2025
នាឱកាសថ្លែងសារអបអរឆ្លងឆ្នាំថ្មី ប្រធានាធិបតីចិន ស៊ី ជីនពីង រំពឹងសន្ទុះកំណើនសេដ្ឋកិច្ច និងប្រកាសជំរុញសន្តិភាពក្នុងពិភពលោក។ ផ្ទុយទៅវិញ អ្នកជំនាញហិរញ្ញវត្ថុ បានព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ប្រសិនបើមិនធ្វើកំណែទម្រង់ស៊ីជម្រៅនោះទេ។ ទោះបីជាថ្លែងពីសន្តិភាពពេញៗមាត់ តែថ្នាក់ដឹកនាំចិនបញ្ជាក់ថា បន្ទាត់នយោបាយអន្តរជាតិចិន នឹងមិនផ្តាច់ចេញពីរុស្ស៊ី នោះឡើយ។
ក្នុងឱកាសថ្លែងសារអបអរឆ្នាំថ្មី ប្រមុខរដ្ឋចិន ស៊ី ជីនពីង សន្យាពីវឌ្ឍនភាពសេដ្ឋកិច្ច និងជំរុញសន្តិភាពពិភពលោក។ AP – Ju Peng
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើលោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានថ្លែងសារអបអរឆ្លងឆ្នាំថ្មី ថាក្នុងឆ្នាំ២០២៤ ផលិតផលក្នុងស្រុកសរុប បានកើនឡើងជាង ១៣០ ០០០ ពាន់លានយ៉ន់ចិន (ស្មើនឹងប្រហែល ១៧ ១០០ ពាន់លានអឺរ៉ូ) ហើយលោកសន្យានឹងធ្វើនយោបាយសេដ្ឋកិច្ចឲ្យសកម្មតទៅទៀត ដើម្បីជំរុញសន្ទុះវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំថ្មី ២០២៥។
លោកប្រសាសន៍ថ្លែងដូច្នេះ បន្ទាប់ពីសេដ្ឋកិច្ចចិន បានងើបឡើងបន្តិចមកវិញ ក្រោយពីបានដាក់ចេញនយោបាយកំណែទម្រង់ កាលពី៣ខែមុន។ ពោលគឺកាលពីចុងខែកញ្ញាកន្លងទៅ អាជ្ញាធររដ្ឋអំណាចចិនបានចេញវិធានការមួយចំនួន សំដៅដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យ កាត់បន្ថយបំណុលថ្នាក់ក្រោមជាតិ ទម្លាក់អត្រាការប្រាក់កម្ចីឥណទាន បន្ធូរបន្ថយបែបបទច្បាប់សម្រាប់ការទិញលំនៅដ្ឋានផ្ទះសម្បែង ព្រមទាំងជំរុញកំណើនបញ្ជាទិញ និងជំរុញតម្រូវការក្នុងស្រុក។
ទោះជាយ៉ាងនេះក្តី អនាគតសេដ្ឋកិច្ចចិននៅតែបន្តប្រឈមនឹងភាពមិនច្បាស់លាស់ដដែល។ ដ្បិតថា វិបត្តិអចលនទ្រព្យនៅតែចោទជាបញ្ហា។ បញ្ហាយុវជនអត់ការងារធ្វើ ក៏នៅតែច្រើនសន្ធឹក ហើយនិងការបញ្ជាកុម្ម៉ង់ទិញទំនិញពីខាងក្រៅប្រទេស ក៏មិនសូវមានសន្ទុះខ្លាំង។ ចំណុចចុងក្រោយនេះ មានជាប់ពាក់ព័ន្ធនឹងការឡើងកាន់អំណាចជាថ្មី របស់លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក ដែរ។ ជាប្រភពដើមនៃសង្គ្រាមពាណិជ្ជកម្មរវាងប៉េកាំង និងវ៉ាស៊ីនតោន លោក ត្រាំ នឹងបញ្ជាឲ្យអនុវត្តដាក់រនាំងពន្ធគយធ្ងន់កទៀតចំពោះទំនិញរបស់ចិន នៅគ្រាដែលលោកចូលកាន់អំណាចជាផ្លូវការ នាប៉ុន្មានថ្ងៃខាងមុខ។
អាស្រ័យហេតុនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានព្យាករកំណើនសេដ្ឋកិច្ចឆ្នាំថ្មី ថាអាចនឹងធ្លាក់ចុះជាងឆ្នាំចាស់បន្តិច។ ឆ្នាំ២០២៤ សេដ្ឋកិច្ចចិនកំណើន ៤,៨% ហើយឆ្នាំ២០២៥ អាចស្រុតចុះមកត្រឹម ៤,៥%។ លោកស្រី Kristalina Georgieva នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ក៏ដាស់តឿនដែរ ថា ប្រសិនបើ ចិនមិនខំប្រឹងធ្វើកំណែទម្រង់ឲ្យធំដុំ ច្បាស់ជាវឌ្ឍនភាពសេដ្ឋកិច្ច ដាំក្បាលចុះក្រោម ៤% ទៅទៀត នៅក្នុងឆ្នាំថ្មី។
ក្នុងសំណុំរឿងអន្តរជាតិវិញ ប្រមុខរដ្ឋចិនបានថ្លែងសារជំរុញឲ្យមានសន្តិភាពក្នុងពិភពលោក។ ក៏ប៉ុន្តែ ក្នុងករណីសង្គ្រាមនៅអ៊ុយក្រែន លោក ស៊ី ជីនពីង អះអាងអំពីជំហរអព្យាក្រឹត្យ។ ប្រឈមមុខនឹងសភាពការណ៍ពិភពលោក ដែលប្រួលប្រែបត់បែនខ្លាំងឆាប់រហ័ស រដ្ឋបាលក្រុងប៉េកាំងត្រូវតែដើរផ្លូវកណ្តាល ដោយមិនចូលបក្សសម្ព័ន្ធណា១ និងក៏មិនត្រូវប្រឈមមុខផ្ទាល់ក្នុងជម្លោះណា១ ក៏ទេដែរ។ ទោះបីជាអះអាងមិនចូលបក្សសម្ព័ន្ធណា១ក្តី ក៏ប៉ុន្តែ លោក ស៊ី ជីនពីន នៅតែចាត់ទុកបុរសខ្លាំង វ៉្លាឌីមៀរ ពូទីន ថាជាកល្យាណមិត្តល្អបំផុត ហើយនិងថា ប្រមុខរដ្ឋរុស្ស៊ីជាសម្ព័ន្ធមិត្តដៃគូសហការ គួរឲ្យទុកចិត្តជាងគេ។
ចំណែកសំណុំបញ្ហាដែនកោះតៃវ៉ាន់ ប្រធានាធិបតីចិន ស៊ី ជីនពីង មានប្រសាសន៍ថា ចិនដីគោក និងចិនតៃវ៉ាន់ សុទ្ធតែជារង្វង់គ្រួសារតែ១។ ដូច្នោះហើយ គ្មាននរណាម្នាក់ អាចមកផ្តាច់ចំណងសាច់សាលោហិតនេះបានទេ ហើយក៏គ្មាននរណាម្នាក់ អាចរារាំងការបង្រួបបង្រួមតៃវ៉ាន់ជាមួយចិន នោះដែរ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ