banner1
ទូតចិន ចង់ឲ្យខេត្តព្រះសីហនុ ជាគំរូនៃកិច្ចសហប្រតិបត្តិការខេត្ត-ក្រុង កម្ពុជា-ចិន

 2-មករា-2025

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វេនប៊ិន បានលើកឡើងនៅលើហ្វេសប៊ុករបស់លោកថា លោក និងអភិបាលខេត្តព្រះសីហនុ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ក្នុងនោះក៏មានការប្រយុទ្ធប្រឆាំងនឹងការឆបោក និងល្បែងអនឡាញផងដែរ។ ការគូសបញ្ជាក់របស់ឯកអគ្គរដ្ឋទូតចិនដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកធ្វើទស្សនកិច្ច និងជួបពិភាក្សាជាលើកដំបូងជាមួយអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

នៅលើហ្វេសប៊ុកផ្លូវការរបស់​ខ្លួន​ លោក វ៉ាង វេនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានសរសេរថា លោក និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានរៀបចំជំនួបពិភាក្សាប្រកបដោយផ្លែផ្កា។ ក្រៅពីជំនួបប្រកបដោយផ្លែផ្កា ឯកអគ្គរដ្ឋទូតចិនក៏បានអះអាងផងដែរថា លោក​ និងលោក ម៉ាង  ស៊ីណេត បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការតាមខេត្ត-ក្រុង រវាងប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ​ លោក វ៉ាង វេនប៊ីន ក៏បានលើក​ឡើងពីចំណុចវិជ្ជមានមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងឥទ្ធិពលចិន ដូចជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤ ០០០ដុល្លារ។  តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលវិនិយោគដោយប្រទេសចិន បានរួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ រួមនឹងភ្ញៀវទេសចរចិនដែលក្លាយជាភ្ញៀវទេសចរបរទេសច្រើនជាងគេមកទស្សនាខេត្តព្រះសីហនុ។

ដោយឡែក រដ្ឋបាលខេត្តព្រះសីហនុបានត្រឹមបង្ហាញរូបភាពនៃជំនួបរវាងឯកអគ្គរដ្ឋទូតចិន និងអភិបាលខេត្តព្រះសីហនុនៅលើបណ្តាញសង្គមរបស់ខ្លួនប៉ុណ្ណោះ ពោលមិនមានសរសេរខ្លឹមសារអ្វីទាំងអស់។ តែលោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុបានឲ្យដឹងថា​ ជំនួបរវាងឯកអគ្គរដ្ឋទូតចិន និងអភិបាលខេត្តព្រះសីហនុ ពិតជាបានជជែកពីការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាដែលមានស្រាប់នៅក្នុងខេត្តព្រះស៊ីហនុ។

សូមរំលឹកថា​ ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចទី២ នៃប្រទេសកម្ពុជា ដែលត្រូវបានវិនិយោគដោយវិនិយោគិនចិន។ ទន្ទឹមគ្នានេះ​ ខេត្តព្រះសីហនុកន្លងមកត្រូវបានគេមើល​ឃើញជាបណ្តុំនៃបទល្មើសដែលបង្កឡើងដោយជនជាតិចិន​ ដូចជាការចាប់ជំរិត ការឆបោកតាមអនឡាញ និងល្បែងអនឡាញខុសច្បាប់ជាដើម។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបានចាប់បញ្ចូនជនជាតិចិនជាង ១២០០នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្នុងបទជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក៏មានករណីចាប់បញ្ជូនឧក្រិដ្ឋជនជនជាតិចិនជាង២០០នាក់បន្ថែមទៀតពីកម្ពុជាទៅកាន់ប្រទេសចិនដែរ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា