កម្ពុជាសម្រេចបង្កើតស្ថានទូតនៅទីម័រខាងកើត ក្រោយទំនាក់ទំនងទ្វេភាគី ២២ឆ្នាំ
30-ធ្នូ-2024
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតស្ថានទូតរបស់ខ្លួនក្នុងប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត ក្រោយពីប្រទេសទាំងពីរមានទំនាក់ទំនងនឹងគ្នារយៈពេល ២២ឆ្នាំ។ នេះបើតាមអនុក្រឹត្យចេញផ្សាយថ្ងៃទី២៧ ធ្នូ នេះ ស្តីពីការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រខាងកើត។ ទង់ជាតិកម្ពុជា និងទង់ជាតិទីម័រខាងកើត © Interne
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២២ តុលា ឆ្នាំ២០២៤ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ទី២៧ ធ្នូនេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ទីម័រឡេស្ដេ ឬទីម័រខាងកើត និងមាននិវេសនដ្ឋាននៅទីក្រុងឌីលី ដែលជារដ្ឋធានីរបស់ប្រទេសនេះ។ យោងតាមអនុក្រឹត្យដដែល ស្ថានទូតខ្មែរប្រចាំប្រទេសទីម័រខាងកើត ត្រូវដឹកនាំដោយប្រធានបេសកកម្ម១រូប មានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ដោយមានសមាសភាពមន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា ទៅតាមតម្រូវការការងារជាក់ស្តែង។
គួរបញ្ជាក់ថា មកទល់ពេលនេះទំនាក់ទំនងការទូតរវាងកម្ពុជា និងទីម័រខាងកើត មានរយៈពេល២២ឆ្នាំមកហើយ។ ភាគីទាំង២ បានសម្រេចបង្កើតទំនាក់ទំនងទ្វេភាគី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ ដោយកាលណោះទីម័រខាងកើតបានបើកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ។
ក្រៅតែពីទំនាក់ទំនងទ្វេភាគី កម្ពុជាក៏បានប្រកាសគាំទ្រ ចង់ឲ្យទីម័រខាងកើតក្លាយជាសមាជិកនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០២២។ ក្នុងពេលរង់ចាំឲ្យទីម័រខាងកើតអាចចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន កម្ពុជាបានប្រកាសទទួលស្គាល់ទីម័រខាងកើត ជាសមាជិកអ្នកសង្កេតការណ៍ ដែលអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ នៃរាជ្យបណ្ឌិតសភាកម្ពុជា យល់ឃើញថា ការណ៍ដែលរដ្ឋាភិបាលកម្ពូជាសម្រេចបើកស្ថានទូតខ្មែរនៅទីម័រខាងកើតនាពេលនេះជារឿងមួយសំខាន់ ព្រោះថា កម្ពុជាបានយល់ច្បាស់ពីតម្រូវការរបស់ប្រទេសទីម័រខាងកើត នោះគឺការគាំទ្រផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងល្អជាមួយបណ្តាប្រទេសផ្សេងទៀត។
គួរជ្រាបថា ប្រទេសទីម័រខាងកើតធ្លាប់ស្ថិតក្រោមអាណានិគមរបស់ប្រទេសព័រទុយហ្កាល់ មុននឹងទទួលបានឯករាជ្យភាពវិញ នៅឆ្នាំ ១៩៧៥។ រួចផុតពីអាណានិគមព័រទុយហ្គាល់ បានតែក្នុងរយៈពេល៩ថ្ងៃ ប្រទេស ដែនកោះមួយនេះត្រូវបានឈ្លានពាន និងកាន់កាប់ដោយយោធាឥណ្ឌូណេស៊ី។ ទីម័រខាងកើតទើបបានទទួលឯករាជ្យភាពពេញលេញ នៅឆ្នាំ២០០២។
ក្រោយពីរំដោះខ្លួនចេញផុតពីប្រទេសឥណ្ឌូណេស៊ី ទីក្រុងឌីលីបានខិតខំភ្ជាប់ខ្លួនជាមួយអង្គការអន្តរជាតិ ក៏ដូចជាប្រទេសនានាក្នុងតំបន់។ កាលពីឆ្នាំ២០១១ ទីម័រខាងកើតបានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការតំបន់អាស៊ាន ប៉ុន្តែដោយសារតែប្រទេសមួយនេះមិនទាន់មានគ្រប់លក្ខខណ្ឌក្នុងការចូលជាសមាជិក ការស្នើសុំបានអូសបន្លាយពេលមកជាង១៣ឆ្នាំ។
ទីម័រខាងកើត មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងជាប្រទេសដែនកោះមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសដែនកោះមួយនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសឥណ្ឌូណេស៊ី ហើយមានប្រជាជនប្រមាណ១លាន៣សែននាក់ ព្រមទាំងមានផ្ទៃដីសរុប១៤ ៨៧០គីឡូម៉ែត្រការ៉េ។ ទីម័រខាងកើតមានរដ្ឋធានីឈ្មោះថា ឌីលី ចំណែកភាសាផ្លូវការ គឺព័រទុយហ្កាល់ និងភាសាតាទុម ខណៈ សេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ គឺពឹងផ្អែកទាំងស្រុងលើពាណិជ្ជកម្មប្រេង៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ