CDC ៖ កម្ពុជាអនុម័តគម្រោងវិនិយោគសរុប ៦៩០០លានដុល្លារ ក្នុងឆ្នាំ២០២៤
25-ធ្នូ-2024
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ជាភាសាអង់គ្លេស CDC បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោងក្នុងឆ្នាំ២០២៤ ដែលទំហំទុនវិនិយោគគិតជាទឹកប្រាក់មាន ៦ ៩០០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ តាម CDC គម្រោងវិនិយោគនេះបានកើនឡើងចំនួន ១៤៦ គម្រោង ឬស្មើនឹង៥៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ និងបញ្ជាក់បន្ថែមថា មានការងារសរុបចំនួន ៣៣ម៉ឺន កន្លែងត្រូវបានបង្កើតឡើង ក្នុងវិស័យឧស្សាហកម្មមានអាត្រាខ្ពស់ជាងគេ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ © Chanthol Sun DPM
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញផ្សាយនៅថ្ងៃទី២៤ ធ្នូ នេះបានបញ្ជាក់ថា កិច្ចប្រជុំរបស់ CDC ពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងកំណត់ទិសដៅការងារបន្ថែមទៀត។ ទាក់ទងនឹងការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងឆ្នាំ២០២៤ និងដោយមានទំនុកចិត្តពី សហគមន៍អន្តរជាតិ លើភាពជាម្ចាស់របស់រដ្ឋាភិបាលកម្ពុជាត្រូវបាន CDC បញ្ជាក់ថា គឺមានប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០២៣ ដែរ។ ក្នុងនោះ កម្ពុជាទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ២ ១០០លានដុល្លារអាមេរិក ដោយមាន ៤០% ជាហិរញ្ញប្បទានឥតសំណង និង៦០% ជាឥណទានសម្បទាន។
ជាការកត់សម្គាល់ ភាគច្រើននៃហិរញ្ញប្បទានត្រូវបានប្រើប្រាស់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ២២% និងនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចប្រមាណជា ២៥%។ ដោយឡែក នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងពី កំណែទម្រង់គួរឲ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា និងការបន្តយកចិត្តទុកដាក់លើវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាព និងភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យទៅកាន់ឆាកអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាត្រូវត្រៀមលក្ខណៈឲ្យកាន់តែល្អប្រសើរ ដើម្បីជាការឆ្លើយតបនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត ខណៈដែលស្ថានភាពនយោបាយពិភពលោក និងការប្រកួតប្រជែងនៅក្នុងតំបន់មានការប្រែប្រួលយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ថា របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើនសេដ្ឋកិច្ច ៥.៣% ក្នុងឆ្នាំ២០២៤។ តាមរបាយការណ៍ដដែល កំណើនសេដ្ឋកិច្ចរបស់កម្ពុជាភាគច្រើនបានមកពីវិស័យពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ទំនិញ បូកផ្សំនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍។
បន្ថែមពីនេះ ទុនវិនិយោគរបស់បរទេសក៏ជាផ្នែកមួយដ៏សំខាន់ដែលរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពវិជ្ជមានក្នុងឆ្នាំ២០២៤ ដែរ។ ចំណែកសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានធនាគារពិភព លោកព្យាករមានកំណើន ៦,១% និង ៦,៤% សម្រាប់ឆ្នាំ ២០២៦៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr.kh
អត្ថបទពាក់ព័ន្ធ