banner1
កម្ពុជាជាប់ឆ្នោតជាសមាជិកគណៈកម្មការកសាងសន្តិភាពUNសម្រាប់អាណត្តិ២០២៥-២០២៦

 23-ធ្នូ-2024

កម្ពុជាជាប់ជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦។ នេះបើសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់កម្ពុជា នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពពិភពលោក ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

កងទ័ពមួកខៀវកម្ពុជាដែលត្រៀមបញ្ចូនទៅបេសកកម្មរបស់អង្គការសហប្រជាជាតិ © Phnom Penh Post

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា កម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពUN សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៦ ដែលធ្វើឡើងក្នុងសម័យប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាទអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ​ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងញ៉ូវយក។

ចំពោះការជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពរបស់UNនាពេលនេះ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា មកពីការគាំទ្រ និងទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះរដ្ឋាភិបាលកម្ពុជា និងភាពរីកលូតលាស់នៃវិស័យការទូត និងការកសាងសន្តិភាពរបស់កម្ពុជា។

ចំណែកបេសសកម្មកសាងសន្តិភាពនៅលើពិភពលោក ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ចូនកងកម្លាំងរក្សាសន្តិភាពជាង ៩០០០នាក់ ដើម្បីបម្រើការក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន១១លើក ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៥ លើពិភពលោក ក្នុងការរួមចំណែកថែរក្សាសន្តិភាពពិភពលោក។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកការជាប់ឆ្នោតជាសមាជិករបស់កម្ពុជា គឺជាកិត្តិយសរបស់ប្រជាជាតិខ្មែរទាំងមូល ដែលកម្ពុជាធា្លប់តែទទួលបានជំនួយពីបរទេសក្នុងសម័យសង្គ្រាម ដើម្បីស្វែងរកសន្តិភាព ខណៈពេលនេះកម្ពុជាមានសមត្ថភាពជួយប្រទេសដទៃ ក្នុងការស្វែងរកសន្តិភាពទាំងក្នុងតំបន់ និងនៅលើពិភពលោក។

សម្រាប់លោកបណ្ឌិត យង់ ពៅ នេះគឺសរបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិទទួលស្គាល់នូវតួនាទី និងការចូលរួមពីកម្ពុជាក្នុងការចូលរួមថែរក្សា ការពារសន្តិភាពនៅលើពិភពលោក និងថា ការចូលជាសមាជិករបស់កម្ពុជា គឺជាការបើកទំព័រការទូតថ្មីមួយទៀតសម្រាប់កម្ពុជា ក្នុងតួនាទីជ្រោមជ្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់លើពិភពលោក។

សូមជម្រាបថា គណៈកម្មការកសាងសន្តិភាព ឬហៅថា PBC គឺជាស្ថាប័នប្រឹក្សារបស់អង្គការសហប្រជាជាតិ ដែលជួយដល់ប្រទេសដែលឆ្លងកាត់សង្គ្រាម និងជម្លោះឈានទៅរកសន្តិភាព៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា