banner1
កម្ពុជា ច្រានចោលការលើកឡើងដែលថា «ចិនឈប់ផ្តល់កម្ចីឲ្យកម្ពុជា»

 17-ធ្នូ-2024

អ្នក​នាំ​ពាក្យ​ក្រ​សួង​សេដ្ឋ​កិច្ច ​នៅ​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ​ឆ្នាំ ​២០២៤ បាន​ចេញ​មក​ច្រាន​ចោល​ព័ត៌​មាន​ដែល​ថា ​«ចិន​ឈប់​ផ្តល់​កម្ចី​ឲ្យ​កម្ពុជា»​ ។ ​ចំពោះ​ក្រសួង​សេដ្ឋ​កិច្ច ​នេះជា​ការ​លើក​ឡើង​ដែល​បង្ក​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​ច្រាន​ចោល​របស់​មន្ត្រី​រដ្ឋា​ភិបាល​ ធ្វើ​ឡើង​ក្រោយ​ពី​ លោក សម ​រង្ស៊ី ​បានចំ​អក​ឲ្យ​ លោក​ ហ៊ុន សែន​ ថា​ «បរាជ័យ​នយោបាយ​សេដ្ឋ​កិច្ច»​ និង​ថា ​ចិន​លែង​ឲ្យ​កម្ពុជា​ខ្ចី​លុយ​ទៀត​ហើយ​។​

ជំនួប លោក ហ៊ុន សែន និង លោក ស៊ី ជីនពីង នៅប្រទេសចិន អំឡុងទស្សនកិច្ចពីថ្ងៃទី​ ២-៤ ធ្នូ ២០២៤ © SHS Media

ក្នុងវី​ដេអូឃ្លីប​រយៈ​ពេល​២នាទី​ផ្សព្វ​ផ្សាយ ​តាម​ហ្វេស​ប៊ុក​របស់​អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​លោក ​មាស សុខសេនសាន បាន​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដែល​ថា ​ចិន​ឈប់​ផ្តល់​កម្ចី​ឲ្យ​កម្ពុជា​ ថា​ជាការ​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំ​ ព្រោះថា ​បច្ចុប្បន្ន​នេះ ​ភាគី​ទាំង​ពីរ​ ចិន-កម្ពុជា កំពុងបន្តមានទំនាក់ទំនងគ្នាស្អិតរមួត និងគ្រោងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានផ្សេងទៀត។

បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ភាគីកម្ពុជា និងចិន កំពុងសិក្សាពីផលប៉ះពាល់នៃគម្រោងទាំងនោះយ៉ាងលំអិត ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងជាក់លាក់នៅពេលខាងមុខ។

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកថា «ទន្សាយក៏រួច ត្រីរ៉ស់ក៏រួច សុខចិត្តចោល EBA ព្រោះអាងខ្ចីលុយពីចិន តែឥឡូវអត់ទាំងពីរ ចិនលែងឲ្យខ្ចី»។

មេដឹកនាំបក្សប្រឆាំងរូបនេះ ថែមទាំងបានចូលទៅបញ្ចេញមតិនៅខាងក្រោមសារ ដែលលោកបានបង្ហោះនោះទៀតថា «នយោបាយសេដ្ឋកិច្ចរបស់ លោក ហ៊ុន សែន ទៅអែបស្និទ្ធចិន បានទាល់ច្រក និងបរាជ័យ ហើយវាជាកំហុសដ៏ធំបំផុតរបស់ លោក ហ៊ុន សែន ដែលកំពុងបរាជ័យនយោបាយសេដ្ឋកិច្ច»។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានស្នើឲ្យ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគមកម្ពុជាបន្ថែមទៀត។ បើតាម លោក ហ៊ុន សែន ជំនួយរបស់ចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ ចិនមិនបានឆ្លើយតបចំៗទៅនឹងរឿងផ្តល់ជំនួយទេ តែចិនបញ្ជាក់ថា ខ្លួននឹងបន្តគាំទ្រកម្ពុជា ដើម្បីកសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា។

យោងតាមទិន្នន័យស្តីពី ព្រឹត្តិបត្របំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បំណុលដែលកម្ពុជាជំពាក់ចិនបានថយចុះចំនួន ២% គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ ការថយចុះនៃបំណុលចិនពេលនេះ ត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters និងអ្នកនយោបាយប្រឆាំងរបស់កម្ពុជា ដាក់សេចក្តីសន្និដ្ឋានថា ចិនបានផ្អាកផ្តល់កម្ចីឱ្យកម្ពុជាដោយសារតែចិនបរាជ័យក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ និងថា ចិនហាក់មិនគាំទ្ររបបដឹកនាំកម្ពុជាសព្វថ្ងៃ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា