banner1
លោក ហ៊ុន សែន ស្នើឲ្យបណ្តាប្រទេសនៅអារ៉ាប់ បង្កើនការវិនិយោគនៅកម្ពុជា

 17-ធ្នូ-2024

ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អារ៉ាប់ ​បង្កើន​ការ​វិនិ​យោគ​នៅ​កម្ពុជា​ ព្រោះ​ថាកម្ពុជា​មាន​សន្តិ​សុខ​ស្បៀង ​ខណៈ​ប្រទេស​៤​ទៀត​នៅ​អារ៉ាប់​មាន​សន្តិ​សុខ​ថា​ម​ពល​ ធន​ធាន​ហិរញ្ញ​វត្ថុ និង​មាន​បច្ចេក​ទេស​ខ្ពស់​ ដែល​អាច​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​របស់ ​លោក​ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​​លោក​ទៅ​បំពេញ​ទស្សន​កិច្ច ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត រដ្ឋ​កាតា ​អេមីរ៉ាត​អារ៉ាប់​រួម​ និង​សាធារណៈ​រដ្ឋ​តួក​គី​ ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១៤ ​ខែ​ធ្នូ​ ឆ្នាំ​២០២៤​។

លោក ហ៊ុន សែន ធ្វើសន្និសីទរួមគ្នា អំឡុងពេលទស្សនកិច្ច នាបណ្តាប្រទេសនៅអារ៉ាប់ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ២០២៤ © SHS Media

នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៤ ខែធ្នូ ព្រឹទ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា លោក ហ៊ុន សែន បានស្នើឲ្យបណ្តាប្រទេសនៅអារ៉ាប់មកវិនិយោគនៅកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវអង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនមុខទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

បើតាមអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កិច្ចព្រៀមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលជាធរមាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ មានសារសំខាន់សម្រាប់ផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។ លើសពីនេះ លោក ហ៊ុន សែន ក៏បានស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ រវាងប្រទេសទាំងនោះ ជាមួយកម្ពុជា ព្រមទាំងបង្កើន និងបង្កើតការហោះហើរត្រង់មកកម្ពុជាផងដែរ។

តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ឋសភាកម្ពុជាដដែល ភាគីទាំងអស់បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដទៃទៀត មានដូចជា វិស័យអប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និងផ្លាស់ប្តូរប្រជាជន និងប្រជាជន។

គួរឲ្យដឹងថា នៅក្នុងចំណោមប្រទេសអារ៉ាប់ អេមីរ៉ាតអារ៉ាប់រួមមានទំនាក់ទំនងពាណិជ្ជកម្មសំខាន់មួយជាមួយកម្ពុជា។ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម មានប្រមាណ ៧៥លានដុល្លារអាមេរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលចូលជាធរមានកាលពីដើមឆ្នាំ២០២៤។ ក្នុងនោះកម្ពុជាបាននាំចេញទំនិញតម្លៃប្រមាណ ៥៥លានដុល្លារ ទៅអេមីរ៉ាតអារ៉ាប់រួម និងនាំចូលមកវិញប្រមាណ ២០លានដុល្លារ។ នេះបើតាមការលើកឡើងរបស់ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាមួយ កាលពី ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់ប្រមុខគណបក្សកាន់អំណាចនៅកម្ពុជាទៅកាន់បណ្តាប្រទេសនៅអារ៉ាប់ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ នេះ ធ្វើឡើងក្រោយពី លោក ហ៊ុន សែន ទើបវិលត្រឡប់ពីធ្វើទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២៤៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា