banner1
ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ីថា វិស័យធនាគារនៅកម្ពុជាខ្វះតម្លាភាព និងគណនេយ្យភាពចំពោះអតិថិជន

 10-ធ្នូ-2024

ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ី ឬហៅថា Fair Finance Asia បានចេញផ្សាយរបាយការណ៍វាយតម្លៃមួយស្តីពី ស្ថានភាពវិស័យធនាគារនៅតំបន់អាស៊ីដោយកំណត់យកធនាគារធំៗចំនួន១៥ ពីប្រទេសចំនួន៥ ហើយក្នុងនោះក៏មានធនាគារចំនួន៣ កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ ក្នុងរបាយការណ៍នោះ ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ី បានរំលេចឱ្យឃើញពីភាពវិជ្ជមាន នៃវិស័យធនាគារនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងអប់រំផ្នែកអក្ខរកម្មហិរញ្ញវត្ថុដល់អតិថិជន។ តែបញ្ហានៅត្រង់ថា វិស័យធនាគារនៅកម្ពុជាកង្វះតម្លាភាព និងគណនេយ្យភាព។ ពលរដ្ឋរស់នៅជនបទកំពុងបំពេញឯកសារដើម្បីទទួលបានប្រាក់កម្ចី © Internet

ក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ីហៅកាត់FFA បានអះអាងថា ធនាគារនៅកម្ពុជាកង្វះតម្លាភាព ហើយកិច្ចការពារអតិថិជន ពិសេសការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជនមានកម្រិតទាបនៅឡើយ។ ទន្ទឹមគ្នានេះ FFA បានរំលេចឱ្យដឹងទៀតថា នៅកម្ពុជា ស្ថាប័នធនាគារមិនបានជូនដំណឹងឱ្យអតិថិជនដឹងថា ប្រាក់បញ្ញើដែលពួកគេដាក់ផ្ញើ ត្រូវភាគីធនាគារយកទៅវិនិយោគលើផ្នែកអ្វីនោះទេ។ FFAចាត់ទុកចំណុចនេះថា ខ្វះតម្លាភាព និងគណនេយ្យភាពខ្លាំង។

យោងលើរបាយការណ៍ដដែល ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ីបានជ្រើសយកធនាគារធំៗចំនួន៣ នៅកម្ពុជាមកវាយតម្លៃ ដែលមានដូចជា ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារអេប៊ីអេ។ ក្រោយការវាយតម្លៃ ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ី បានផ្តល់ពិន្ទុឱ្យកម្ពុជាជារួមចំនួន១.៥ពិន្ទុ ពោលគឺជាពិន្ទុទាបជាងកម្រិតមធ្យម៣.៥ និងស្ថិតក្រោមប្រទេសចំនួន៤ផ្សេងទៀតក្នុងតំបន់អាស៊ីរួមមាន ឥណ្ឌូនេស៊ី ថៃ ប៉ាគីស្ថាន និងហ្វីលីពីន។

បើតាមស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ី កម្ពុជាទទួលបានពិន្ទុសរុបចំនួន២.៤ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាកម្មដល់អតិថិជន ឬបរិយាបន្នហិរញ្ញវត្ថុ ​(Financial Inclusion) ពោលគឺទាបជាងកម្រិតពិន្ទុមធ្យមដែលបានកំណត់៥.២។ ចំណែកយន្តការការពារអតិថិជនវិញ កម្ពុជាទទួលបាន១.៧ពិន្ទុ ទាបជាងពិន្ទុកំណត់ជាមធ្យម៥.៥ ខណៈការផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជនកម្ពុជាទទួលបានពិន្ទុ0.៨ ទាបជាងពិន្ទុកំណត់ជាមធ្យម៣.១។ ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ីក៏បានវាយតម្លៃបន្តថា ចំពោះយន្តការចូលរួម និងគណនេយ្យភាពរបស់វិស័យធនាគារនៅកម្ពុជានៅតែមានភាពខ្វះចន្លោះដោយកម្ពុជាទទួលបានពិន្ទុត្រឹមតែ០.៩ប៉ុណ្ណោះ។

លោកស្រី ម៉ារ អមរា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ធនាគារអេស៊ីលីដា ចាត់ទុករបាយការណ៍របស់ស្ថាប័នយុត្តិធម៌ហិរញ្ញវត្ថុអាស៊ីដែលរកឃើញថា ធនាគារអេស៊ីលីដាគ្មានយន្តការគណនេយ្យភាព និងការអប់រំផ្នែកហិរញ្ញវត្ថុដល់អតិថិជន គឺជារឿងមិនត្រឹមត្រូវ។ តាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ លោកស្រី ម៉ារ អមរា បញ្ជាក់ថា ធនាគារនឹងពិនិត្យមើលរបាយការណ៍នេះដោយយកចិត្តទុកដាក់បន្ថែមទៀត។ តែលោកស្រីក៏មិនភ្លេចបញ្ជាក់ថា រាប់តាំងពីធនាគារបានបង្កើតមក ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងកិច្ចការពារអតិថិជន គឺគោលដៅចម្បងបំផុតរបស់ធនាគារ និងថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងនូវអ្វីដែលធនាគារ អេស៊ីលីដា បានចូលរួមចំណែកក្នុងវិស័យហិរញ្ញវត្ថុក្នុងរយៈពេល 30ឆ្នាំកន្លងមកនោះទេ។

សូមជម្រាបថា គិតត្រឹមបំណាច់ឆ្នាំ២០២៣ មានពលរដ្ឋខ្មែរជិត៥លាននាក់ បាននិងកំពុងជំពាក់បំណុលមីក្រូហិញ្ញវត្ថុ និងធនាគារ ដោយគិតជាទឹកប្រាក់សរុបជាង៥៧ពាន់លានដុល្លារអាមេរិក ឬស្មើប្រមាណ១៣៥% នៃផលិតផលក្នុងស្រុកសរុប។ នេះបើតាមរបាយការណ៍របស់ស្ថាប័នគ្រប់គ្រងទិន្ន័យ និងប្រវត្តិអ្នកកម្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា Credit bureau Cambodia (CBC) ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 131
ឯកសារពិគ្រោះ : 398
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា