banner1
អ-ស-ប ទាញសញ្ញាអាសន្នថា ពិភពលោក​ប្រឈម​នឹង​ការវាតទីលុកលុយ​របស់​វាលខ្សាច់​រហោឋាន

 9-ធ្នូ-2024

ជាមួយ​លក្ខខណ្ឌ​ប្រែប្រួល​អាកាសធាតុ គ្រោះរាំងស្ងួត ជាបន្តបន្ទាប់ ផ្ទៃដី​ពណ៌បៃតង​របស់ផែនដី​បានចុះថយ និង​ជំនួស​មកវិញ​ដោយ​វាលខ្សាច់ ដីខ្សោះគ្មាន​ជីរជាតិ។ នៅក្នុង​គោលដៅ​ទប់ស្កាត់​វាលខ្សាច់​រហោឋាន ដែល​ពង្រីក​ខ្លួន រាលដាល​នៅគ្រប់ទ្វីប អង្គការ​សហប្រជាជាតិ បើក​សន្និសីទ​អន្តរជាតិ​ដើម្បី ត្រិះរិះ​ពិចារណា និងទាមទារ​ការចូលរួម​ពី​គ្រប់ប្រទេស​សមាជិក ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម និង​បន្ទាន់​របស់​ពិភពលោក។

អ-ស-បទាញសញ្ញាអាសន្នថា ពិភពលោក​ប្រឈម​នឹង​ការវាតទីលុកលុយ​របស់​វាលខ្សាច់​រហោឋាន AFP/File

នៅថ្ងៃ​បើកដំបូង​នៃ​សន្និសីទស្តីពី ​វាលខ្សាច់​រហោឋាន និងដីខ្សោះ​គ្មានជីរជាតិ អ្នកជំនាញ​បាន​ទាញ​សញ្ញាអាសន្ន​ពី​ផលវិបាក​ដ៏អាក្រក់​នៃការកាប់ព្រៃឈើ និងការធ្វើកសិកម្ម​ដែលប្រើថ្នាំ ជីគីមី​ច្រើនជ្រុល​ហួសហេតុ។

និន្នាការ​កាប់ព្រៃឈើ បូកផ្សំ​នឹង​ភាពរាំងស្ងួត ដោយសារ​កត្តាប្រែប្រួល​អាកាសធាតុ និងការបូម ប្រើប្រាស់ទឹកក្រោមដី​យ៉ាង​ខ្ជះខ្ជាយ ហួស​ប្រមាណ បានធ្វើ​ឲ្យ​ពិភពលោក​បាត់អស់​ដី សម្រាប់ធ្វើ​កសិកម្ម និង​ដីរស់នៅ​អស់ច្រើនសន្ធឹក។ ជំនួសមកវិញ គឺដីខ្សោះ​គ្មានជីរជាតិ វាលខ្សាច់​ល្ហល្ហេវ។ ការបាត់បង់​ដីមាន​អំណោយផល​ដល់​ជីវិតមនុស្ស សត្វ បាន​ជះផល​អាក្រក់​ដល់​សន្តិសុខ​ស្បៀង ដូចជា​គ្រោះអត់ឃ្លាន ការបាត់បង់ការងារ និងការចំណាកស្រុក អន្តោប្រវេសន៍​ទៅប្រទេស​ដទៃ។

នៅក្នុង​របាយការណ៍​ចុះផ្សាយ​កាលពីថ្ងៃអង្គារ ​ទី៣ ​ធ្នូ អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​រួចហើយ​ថា គ្រោះរាំងស្ងួត​ដែលបណ្តាលមកពី​ការប្រែប្រួលអាកាសធាតុ វិបត្តិ​គ្មានទឹក​នឹង​ប៉ះពាល់​ដល់​ប្រជាជន​៧៥%​នៅក្នុងពិភពលោក យ៉ាងយូរ​នៅ​ឆ្នាំ២០៥០។ សព្វថ្ងៃនេះ អាកាសធាតុក្តៅ​រាំងស្ងួត​ហួតហែង បានបណ្តាល​ឲ្យ​មាន​ភ្លើងឆេះព្រៃ វិបត្តិ​ខ្វះទឹក និង​បំផ្លាញ​ដំណាំកសិកម្ម។ គ្រោះរាំងស្ងួត​បានធ្វើ​ឲ្យពិភពលោក​ខាតបង់​ជិត​៣០០ពាន់លាន​អឺរ៉ូ ក្នុងមួយឆ្នាំៗ។ នេះបើតាមរបាយការណ៍​របស់​អង្គការ​សហប្រជាជាតិ។

គ្រោះរាំងស្ងួតជារឿងមួយ ប៉ុន្តែវិបត្តិ ​ដែល​ពិភពលោក​កំពុង​ប្រឈម​លង់ខ្លួន​ដោយ​សន្សឹមៗ នោះគឺ​ការរីក​លាតសន្ធឹង​របស់​វាលខ្សាច់​រហោឋាន នៅគ្រប់ទ្វីប មិនថា នៅអាស៊ី ដូចជា​ចិន ដើមបូព៌ា អាហ្វ្រិក អឺរ៉ុប និងទ្វីប​អាមេរិក។ អគ្គលេខាធិការ​របស់អង្គការ​ប្រយុទ្ធប្រឆាំង​នឹង​វាលខ្សាច់ ដែលជា​ស្ថាប័នមួយ​របស់អង្គការ​សហប្រជាជាតិ លោក​Ibrahim Thiaw បាននិយាយ​ថា ការកាប់ព្រៃឈើ និង​ការបូមយក​ទឹមក្រោមដីច្រើន​ហួសហេតុ​បានធ្វើ​ដីខ្សោះ មិនអាច​ដាំដុះបាន។ បន្តិចម្តងៗ វាលខ្សាច់ វាលរហោឋាន​កាន់តែ​ពង្រីក​វិសាលភាព ច្រិប​យកផ្ទៃដី​បៃតង​របស់​ប្រជាជន។

ដើម្បីទប់ស្កាត់​ការពង្រីកវិសាលភាព​របស់​ទីវាលខ្សាច់ ក្រុមប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​សន្យា​កាលពី​ឆ្នាំ ២០២២ ថា នឹង​ពង្រឹងដី ជាង​១ពាន់លាន​ហិចតា ដែល​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​សកម្មភាព​របស់មនុស្ស តាមរយៈ​ការបំពុល និង​ការកាប់បំផ្លាញព្រៃឈើ។ នៅក្នុង​សន្និសីទ​នៅអារ៉ាប៊ី សាអូឌីត​នៅ​សប្តាហ៍នេះ អង្គការ​សហប្រជាជាតិ​វាយតម្លៃថា គេ​ត្រូវប្រឹងដាំដើមឈើ បំប៉នដី​ជាង ១ពាន់ ៥រយលាន​ហិចតា មុន​នឹង​វា​អាច​វិវត្ត​ខ្លួន​ទៅ​វាលខ្សាច់។

ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ និងជា​ប្រទេស​ដែលមាន​វាលខ្សាច់​ធំ​ជាងគេ នៅក្នុង​ពិភព លោក អារ៉ាប៊ី សាអូឌីត ​ទទួល​ស្គាល់​ថា ខ្លួន​កំពុង​ប្រឈមខ្លាំង​នឹង​ការរីកវាតទី​របស់​វាលខ្សាច់ ការធ្លាក់ចុះ​នៃ​គុណភាពដី និង​វិបត្តិ​គ្មានភ្លៀង។ ដោយសារ​តែ​ជួប​បញ្ហា​នៅចំពោះមុខយ៉ាងដូច្នេះ ប្រទេស​មហា​សេដ្ឋីប្រេង​អារ៉ាប៊ី សាអូឌីត ដែល​បដិសេធ​កាត់បន្ថយ​ការផលិត​ប្រេង ប្រភព​នៃ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ អាច​បន្ទន់ជំហរ​ខ្លះ ដើម្បីចូលរួម​ទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ បើតាម​អ្នកជំនាញ​អាកាសធាតុ អារ៉ាប៊ី សាអូឌីត​សន្យា​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការរីកសាយភាយ​​វាលខ្សាច់ ត្រឹមកម្រិត​ប្រទេស​របស់ខ្លួន​តែប៉ុណ្ណោះ។ នៅប៉ុន្មាន​ឆ្នាំមកនេះ អារ៉ាប៊ី សាអូឌីត ​បាន​ចំណាយ​លុយ​បានមកពីការលក់ប្រេងរាប់លាន​ដុល្លារ សម្រាប់​យក​ទៅ​អភិវឌ្ឍ បង្កើត​បច្ចេកវិទ្យា ជួល​ជំនាញ​មកពីបរទេស ដើម្បីសម្រេច​គម្រោង​បង្កើត​ព្រៃឈើ ក្របបៃតង​លើ​ផ្ទៃដី​វាលខ្សាច់ ប្រមាណ​៧៤លាន​ហិចតា ស្មើ​នឹង​ទំហំផ្ទៃដី​របស់ប្រទេស​បារាំង​ទាំងមូល។

អារ៉ាប៊ី សាអូឌីត​មានមហិច្ឆតា​ប្រែក្លាយ​វាលខ្សាច់​រាប់លាន​ហិចតា ឲ្យទៅជា​ដីវាលបៃតង មាន​ដើមឈើ និងដំណាំដាំដុះ ដោយ​ប្រើ​បច្ចេកវិទ្យា​ដែលជា​លទ្ធផល​នៃការស្រាវជ្រាវ​រាប់ឆ្នាំ​របស់​រាជាណាចក្រ​ប្រេង​មួយនេះ។ នៅ​ក្នុង​មន្ទីរពិសោធន៍​ដែលជា​ផ្នែកមួយ​នៃគម្រោងបៃតង​នៅ​តំបន់ដើមបូព៌ា អ្នកជំនាញ​បាន​សាកល្បង​ប្រើ​បច្ចេកវិទ្យា​កែច្នៃ​ច្រោះ​សម្អាត​ទឹកលូ ដើម្បី​យក​ទៅ​ស្រោចស្រព​ដំណាំ។ ដើម្បី​ប្រែក្លាយ​ដីខ្សាច់​ឲ្យ​ទៅ​ជាដី​មាន​ជីជាតិ​ឡើងវិញ អ្នកវិទ្យាសាស្រ្ត​បាន​សាកល្បង​ដោយ​ជោគជ័យ​ការប្រើ​លាមក​សត្វមាន់ ​ដែលមាន​នាទី​ទប់រក្សា​សំណើមទឹកក្រោមដី អំណោយផល​ដល់​ការដុះលូតលាស់​របស់​រុក្ខជាតិ។

បច្ចេកវិទ្យាកែច្នៃ​របស់​អារ៉ាប៊ីសាអូឌីត​មាន​ប្រសិទ្ធភាព ប៉ុន្តែ ពិបាក​នឹង​អនុវត្ត​ក្នុងទ្រង់ទ្រាយធំ លំដាប់ពិភពលោក ដោយសារបញ្ហា​ហិរញ្ញវត្ថុ ខ្វះ​ការដាក់ទុនវិនិយោគ​ទៅលើ​គម្រោង​បរិស្ថាន ជាទូទៅ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 131
ឯកសារពិគ្រោះ : 398
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា