កម្ពុជា និងឡាវ បានប្ដេជ្ញាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចុះកិច្ចព្រមព្រមព្រៀង និងអនុស្សារណៈយោគយល់ចំនួន៣ចំណុច ក្នុងនោះមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល អនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រសួង និងក្រសួង និងរវាងរដ្ឋ និងរដ្ឋ។ ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រីឡាវ លោក សនសៃ ស៊ីផាន់ដននៅកម្ពុជារយៈពេល២ថ្ងៃពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ប្រទេសកម្ពុជា និងប្រទេសឡាវប្តេជ្ញាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា © STPM Media
នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យដឹងនៅលើបណ្តាញសង្គមរបស់លោកនាថ្ងៃទី៤ ធ្នូ ថា ការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងឡាវត្រូវបានធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងចំនួន៣។ កិច្ចព្រមព្រៀងទី១ ជាកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការលុបបំបាត់ការយកពន្ធត្រួតគ្នានឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ កិច្ចព្រមព្រៀងមួយនេះក៏ជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរដែរ។ កិច្ចព្រមព្រៀងទី២ ជាអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងព្រៃឈើនៃប្រទេសឡាវ។ ចំណែកកិច្ចព្រមព្រៀងទី៣ ជាអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋ និងរដ្ឋស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ ២០២៥-២០២៧។
ដោយឡែក និងក្រៅពីកិច្ចព្រមព្រៀងទាំង៣ ខាងលើ លោកហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមនៅក្នុងបណ្តាញសង្គមរបស់លោកនាថ្ងៃទី៥ ធ្នូ នេះថា ប្រមុខរដ្ឋាភិបាលកម្ពុជា និងឡាវក៏បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមានវិស័យនយោបាយ និងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងហិរញ្ញវត្ថុការពារជាតិ និងសន្តិសុខ ថាមពល ការដឹកជញ្ជូន និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ វប្បធម៌ និងសិល្ប: រួមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានសាទរលើកិច្ចព្រមព្រៀងរវាងកម្ពុជា និងឡាវ ដែលប្តេជ្ញាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា។ តែទន្ទឹមនឹងការសាទរ លោកចង់ឃើញកម្ពុជា និងឡាវ ទទួលបានផ្លែផ្កា និងផលប្រយោជន៍ពីកិច្ចព្រមព្រៀងទ្វេភាគី ខណៈកម្ពុជា និងឡាវជាប្រទេសដែលមានប្រវត្តិតស៊ូជាមួយគ្នាតាំងពីអតីតកាល។ តាមអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះដដែល កម្ពុជា និងឡាវ ក៏គួរតែបង្ការឱ្យបាននូវជម្លោះព្រំដែនរវាងគ្នាតាមរយៈការគោរព និងការយោគយល់គ្នាទៅវិញ ទៅមក៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com