banner1
អង្គការ​សហប្រជាជាតិ​ អំពាវនាវរក​ជំនួយ​​មនុស្សធម៌​​ប្រមាណ​ ៤៧ពាន់លា​នដុល្លារ​​ សម្រាប់ឆ្នាំថ្មី

 6-ធ្នូ-2024

ក្នុង​ឆ្នាំថ្មី​ខាង​មុខ ​អង្គការ​សហប្រជាជាតិ​ ត្រូវការកញ្ចប់​​មូលនិធិ​មនុស្សធម៌ ​ប្រមាណ ​៤៧,៧ ពាន់លា​នដុល្លារ​ ដើម្បី​ជួយសង្គ្រោះ​មនុស្ស ប្រមាណ ១៩០ លាននាក់​។ មនុស្ស​ទាំង​ជាង ១៩០ លាននាក់​នោះ ជាជនរងគ្រោះ​ព្រោះតែវិបត្តិសង្គ្រាម​​ និង​រងគ្រោះពី​ការ​ប្រែប្រួល​អាកាសធាតុ។​​​  លោក ថម ហ្វ្លេតឈ័រ ​នាយកកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ REUTERS – Denis Balibouse

ពិភពលោក​សព្វថ្ងៃ​នេះ ប្រឈមមុខ​នឹង​​វិបត្តិ​ច្រើន​ប្រភព​ច្រើន​ប្រភេទ និង​ជម្លោះចេះតែ​កើន​ខ្លាំង​ឡើង​ៗ​ ហើយ​ប្រជាជនស៊ីវិល​​ស្លូត​ត្រង់​ទន់ខ្សោយ ដែលត្រូ​វធ្លាក់​ខ្លួន​រងគ្រោះ​ ទទួល​​ផល​វិបាក​ច្រើន​ជាងគេ​។ បើ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២៤ មនុស្ស​យ៉ាងហោច ១២៣លាន​នាក់​ ត្រូវ​ផ្លាស់ទី​ទាំង​បង្ខំចិត្ត​ ព្រោះតែ​ជម្លោះ​ប្រដាប់​អាវុធ​ និងអំពើ​ហិង្សា ហើយ​និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។​ ​នេះ​បើ​តាម ​នាយក​កិច្ច​ការ​មនុស្ស​ធម៌​​របស់​អង្គការ​សហប្រជាជាតិ​ លោក ថម ហ្វ្លេតឈ័រ ដោយ​បញ្ជាក់​ទៀត​​ថា កាលពីឆ្នាំ​ទៅមិញ អង្គការ​សហប្រជាជាតិ​ បាន​ជួយ​សង្គ្រោះ​មនុស្ស​យ៉ាង​តិច ១៦០លាន​នាក់​ ទៅក្នុង​ពិភព​លោក​​​។​

លោកអះអាង​ដែរថា ឆ្នាំ២០២៤ ជា​ឆ្នាំ​ដែល​អាក្រក់​ចំពោះ​កិច្ច​ការ​មនុស្សធម៌​ ដ្បិត​ថា មនុស្ស​ជាច្រើន ជា​ជនស៊ីវិល​ស្លូតត្រង់​ ត្រូវ​ស្លាប់​បាត់បង់​ជីវិត​ នៅ​តំបន់​ហ្កាហ្សា នៅ​អ៊ុយក្រែន ស៊ូដង់ លីបង់ ស៊ីរី ។ល។។​  មន្ត្រី​​បុគ្គលិកមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​  ក៏​ស្លាប់​ច្រើន​ណាស់ដែរ ក្នុង​ឆ្នាំនេះ ពោល​គឺ​ច្រើន​ជាង​ឆ្នាំ​២០២៣ ដែល​មានស្លាប់​​ត្រឹមតែ​ ២៨០ នាក់។

ពីទីក្រុង​ហ្សឺណែវ ថ្ងៃ​ពុធ ​ទី​៤ ធ្នូ  មន្ត្រីជាន់​ខ្ពស់អង្គការ​សហប្រជាជាតិ​​ទទួល​កិច្ចការមនុស្សធម៌​ ​ក៏​ព្យាករថា ឆ្នាំថ្មី​២០២៥ អាច​នឹង​មាន​មនុស្ស​ប្រមាណ ៣០៥លាន​នាក់ ដែល​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​ជា​ចាំបាច់។​ អាស្រ័យ​ហេតុនេះ​ហើយ គេត្រូ​វ​ការ​មូលធិនិ​យ៉ាងហោច ប្រមាណ ​៤៧,៧ពាន់លា​នដុល្លារ ដើម្បី​បំពេញ​គម្រោង​សកម្មភាព​ម​នុស្សធម៌​។

គម្រោងថវិកា​​ជំនួយនេះ ចំនួន​តិច​ជាង​កញ្ចប់​លុយ​ ​ដែល​ធ្លាប់​ទាមទារ ​ក្នុងឆ្នាំ​២០២៤។ ឆ្នាំ២០២៤ អង្គការ​សហប្រជាជាតិ ប្រកាសស្នើ​ជំនួយ​មនុស្សធម៌ កញ្ចប់ប្រាក់ ប្រមាណជិត​ ៥០ពាន់​លាន​ដុល្លារ ក៏ប៉ុន្តែ​ទទួល​បាន​ត្រឹមតែ​ ៤៣% តែប៉ុណ្ណោះ។ ជំនួយថវិកា​តិចតួច ក៏​ធ្វើឲ្យ​សកម្មភាព​មនុស្សធម៌​ស្តួច​ស្តើង​ដែរ។ ជាក់​ស្តែង ជំនួយ​ស្បៀង​អាហារ​នៅប្រទេស​ស៊ីរី ថយចុះ ប្រហែល៨០% ហើយ​ឯជំនួយ​ផ្នែក​ទឹក​ស្អាត​និងអនាម័យ នៅប្រទេស​យេម៉ែន ក៏​កាត់បន្ថយ បើ​ទោះបី​ជា​ប្រទេស​ទាំង​នេះ កំពុងតែ​ប្រឈម​មុខ​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​ក្តី។​

​អង្គការ​សហប្រជាជាតិ បា​នទទួល​ស្គាល់​ច្បាស់ថា ប្រព័ន្ធ​កិច្ចការ​មនុស្សធម៌​អន្តរជាតិ កំពុងតែ​ជួប​វិបត្តិ​ថវិកាជាខ្លាំង​។ នេះព្រោះតែប្រទេស​​ម្ចាស់ជំនួយ​លែង​ឧបត្ថម្ភ​ច្រើន​ដូច​ពីមុន។ ទន្ទឹម​នឹងគ្នា​នេះ ការ​វិល​មក​កាន់អំណាចប្រធានាធិបតី​​ជាថ្មី​របស់ ​លោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក ក៏​ជាក្តីបារម្ភ​មួយ​ដែរ អំពី​ការ​កាត់​បន្ថយ​ជំនួយ​​ឧបត្ថម្ភ​របស់​អាមេរិក​ចំពោះ​ស្ថាប័ន​អន្តរជាតិ។ នាយកកិច្ចការមនុស្សធម៌​របស់​អង្គការ​សហប្រជា​ជាតិ​ លោក ថម ហ្វ្លេតឈ័រ បង្ហើប​ថា​នឹង​អញ្ជើញ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ ឆាប់ៗ​ខាងមុខ​ ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋបាលដឹកនាំ​ថ្មី​របស់​អាមេរិក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 131
ឯកសារពិគ្រោះ : 398
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា