banner1
ស្ថាប័នរដ្ឋ និងឯកជនជាង៣០០ ផ្តល់ការងារឲ្យជនពិការជិត១ម៉ឺននាក់គិតត្រឹមខែតុលា ២០២៤

 3-ធ្នូ-2024

គិតមកត្រឹមខែតុលា ឆ្នាំ២០២៤ មានក្រសួង ស្ថាប័នរដ្ឋ និងឯកជនចំនួនជាង៣០០ បានទទួលយកជនមានពិការភាពឲ្យចូលបម្រើការងារ សរុបជិត១ម៉ឺននាក់ ក្នុងនោះស្ត្រីមានពិការភាពជាង ៤ពាន់នាក់។ ទិន្នន័យស្តីពីឱកាសការងាររបស់ជនមានពិការភាពនេះ ត្រូវបានរំលេចឡើង តាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៦ និងទិវាអន្តរជាតិលើកទី៤២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយជនពិការកន្លងមក © ក្រុមប្រឹក្សាជនពិការ

ក្រោមប្រធានបទ«បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា គិតមកត្រឹមខែតុលា ឆ្នាំ២០២៤ មានក្រសួង ស្ថាប័នរដ្ឋ និងឯកជនចំនួនជាង៣០០ បានផ្តល់ការងារដល់ជនពិការជិត១ម៉ឺននាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួនជាង ៤ពាន់នាក់។

តាមសារលិខិតលោកនាយករដ្ឋមន្ត្រី ដែលបានចេញផ្សាយសម្រាប់ទិវាជនពិការនៅថ្ងៃទី០៣ ធ្នូ ស្អែកនេះ គិតមកត្រឹមខែតុលា ឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៣៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២៣៥១នាក់។

ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្របានចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តន៍ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ទូទាំងប្រទេសចំនួន ២៨៧។ គ្រឹះស្ថានឯកជនទាំងនេះ បានទទួលយកជនមានពិការភាពឲ្យចូលបម្រើការងារជាង ៥៦០០នាក់ ក្នុងនោះស្ត្រីចំនួនជាង ៣៥០០នាក់។

នៅក្នុងសារដែលមានកម្រាស់៥ទំព័រ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅបានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន និងថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជំរុញឲ្យពួកគេចេះប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងយុគសម័យថ្មី ដើម្បីប្រយោជន៍ការងារ និងសង្គម។

តាមតួលេខរបស់ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន បច្ចុប្បន្នមានជនមានពិការភាពសរុបចំនួន ៣៥១ ២៧៦នាក់ ក្នុងនោះស្ត្រីមានចំនួន ១៦៦ ០៣៤នាក់។ ក្រសួងសង្គមកិច្ចក៏បានផ្តល់បណ្ណសម្គាល់ជនមានពិការភាពដល់ជនពិការចំនួន ២៥០ ៧៣០នាក់ផងដែរ៕

ប្រភពព័ត៌មាន ៖ វិទ្យុព័ត៌មានអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 131
ឯកសារពិគ្រោះ : 398
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា