banner1
ក្រសួងរ៉ែថា មានក្រុមហ៊ុនបរទេស៤ដាក់សំណើសុំរុករកប្រេងនៅតំបន់ប្លុកអេ

 26-វិច្ឆិកា-2024

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឱ្យដឹងថា មានក្រុមហ៊ុនបរទេសចំនួន៤បានដាក់សំណើសុំអភិវឌ្ឍន៍ និងប្រតិបត្តិការរុករកប្រេងនៅទីតាំងប្លុកអេរបស់កម្ពុជា។ នេះជាដំណឹងល្អ ដែលលោករដ្ឋមន្ត្រីចាត់ទុកថា ដំណើរការបូមប្រេងក្នុងប្លុកអេ អាចចាប់ផ្តើមឡើងវិញនាពេលខាងមុខ។ តែការសម្រេចឱ្យក្រុមហ៊ុនណាមួយទទួលសិទ្ធិរុករកប្រេងនោះ នៅពុំទាន់អាចបញ្ជាក់បានទេ ដ្បិតថា ក្រសួងកំពុងបន្តនីតិវិធីវាយតម្លៃ និងពិនិត្យមើលសមត្ថភាពរបស់ក្រុមហ៊ុនដែលបានដាក់សំណើទាំងនោះ។ នេះបើតាម លោក កែវ រតនៈ។

តំណក់ប្រេងដំបូងរបស់កម្ពុជាដែលក្រុមហ៊ុនKris Energyរបស់សិង្ហបុរីបូមបានពីតំបន់អប្សរា © Khmerload

ក្នុងរបាយការណ៍បិទសន្និបាទប្រចាំឆ្នាំ នៅថ្ងៃទី២១ ខែ​វិច្ឆិកា រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល អះអាងថា ក្រុមហ៊ុនទាំង៤ដែលបានដាក់សំណើសុំអភិវឌ្ឍន៍ និងប្រតិបត្តិការរុករកប្រេងនៅទីតាំងប្លុកអេរបស់កម្ពុជា គឺក្រុមហ៊ុន EnerCam Resource Co Ltd មកពីប្រទេសកាណាដា ក្រុមហ៊ុនCambodian Gather Energy Co Ltd មានប្រភពមកពីប្រទេសចិន ក្រុមហ៊ុនVietnam Investment Construction Service មកពីវៀតណាម និងក្រុមហ៊ុន MPC Future Company limited Co Ltd មកពីថៃ។

បើតាមលោក កែវ រតនៈ​ ក្រៅពីក្រុមហ៊ុនទាំង៤នេះ ក៏មានក្រុមហ៊ុនចំនួន០៥ ផ្សេងទៀតចាប់អារម្មណ៍មកអភិវឌ្ឍន៍ក្នុងតំបន់ប្រេងប្លុកអេរបស់កម្ពុជាដែរ។ តែមកទល់ពេលនេះ នៅពុំទាន់បានដាក់ពាក្យស្នើសុំជាផ្លូវការទេ។ ក្រុមហ៊ុនទាំង០៥ នោះ មានជាអាទិ៍ក្រុមហ៊ុន Valeura Energy Inc និងក្រុមហ៊ុន​ Lee Li Holding Inc មកពីប្រទេសកាណាដា​ ក្រុមហ៊ុន​​ PetroVietnam Exploration Production Corporation Ltd​ មកពីប្រទេសវៀតណាម ក្រុមហ៊ុនBP មកពីប្រទេសអង់គ្លេស និងក្រុមហ៊ុន UACU មកពីប្រទេសថៃ។

ចំពោះក្រុមហ៊ុនទាំង០៤ ដែលបានដាក់សំណើមកក្រសួងរួចហើយនោះ លោក កែវ រតនៈ បញ្ជាក់ថា ក្រុមការងារជំនាញនឹងពិនិត្យវាយតម្លៃពីលទ្ធភាព និងហានិភ័យដើម្បីឈានដល់ការសម្រេចជាផ្លូវការថា ​ត្រូវផ្តល់​ជូនអាជ្ញាបណ្ណរុករក ឬ យ៉ាងណា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏មិនលើកទឹកចិត្តឱ្យក្រុមហ៊ុនតូចៗដាក់សំណើមកនោះដែរ ពីព្រោះលោកចង់បញ្ចៀសបញ្ហាដែលធ្លាប់កើតមានកន្លងមកដូចបទពិសោធន៍ក្រុមហ៊ុន​kris Energy ដែលបានក្ស័យធន់ពាក់កណ្តាលទី។

គួររំឭកថា ការបូមប្រេងឆៅក្នុងតំបន់ប្លុកអេ ឬ ហៅថា ប្លុកអប្សរា ត្រូវបានផ្អាកជាបណ្តោះអាសន្ន កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីក្រុមហ៊ុនស្តុក និងផ្ទេរប្រេងឆៅMT Strovolos លួចដឹកប្រេងឆៅរបស់កម្ពុជាជាង៣០ម៉ឺនបារ៉ែលចេញពីដែនទឹកកម្ពុជា។

មូលហេតុនៃការលួចប្រេងកាលណោះ កើតឡើងនៅបន្ទាប់ពីក្រុមហ៊ុនបូមប្រេង Kris Energy ប្រកាសក្ស័យធន និងមិនបានបង់ប្រាក់ឱ្យក្រុមហ៊ុន MT Strovolosដែលជាអ្នកស្តុក និងផ្ទេរប្រេងឆៅ។ តែយ៉ាងណា ក្រោយមក កម្ពុជាបានសហការជាមួយប្រទេសក្នុងតំបន់ និងប៉ូលីសអាំងទែប៉ូលដើម្បីតាមចាប់នាវាដឹកប្រេងរបស់កម្ពុជា។ ជាលទ្ធផល កម្ពុជាទទួលបានប្រេងមកវិញក្នុងចំនួន២៩ ម៉ឺន៥ពាន់ បារ៉ែលដែលគិតជាទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា