banner1
សន្និសីទCOP29 អនុម័តបានកិច្ចព្រមព្រៀង​ថវិកា​៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជួយ​ប្រទេសកំពុងអភិវឌ្ឍ

 25-វិច្ឆិកា-2024

នៅទីបំផុតទៅ សន្និសីទអន្តរជាតិស្តីពីអាកាសធាតុCOP29 នៅទីក្រុងបាគូប្រទេស​អាស៊ែបៃហ្សង់ បាន​អនុម័តបាននូវ​កិច្ចព្រមព្រៀងរួមមួយ ដោយ​ប្រទេសឧស្សាហកម្មអ្នកមាន ​សន្យា​ប្រមូលថវិកាចំនួន​យ៉ាងហោច ​៣០០ពាន់លានដុល្លារ ដើម្បីជួបប្រទេសក្រីក្រកំពុងអភិវឌ្ឍក្នុង​ការ​​ទប់ទល់​នឹងវិបត្តិអាកាសធាតុ​។ ទោះជាយ៉ាងនេះក្តី មានប្រទេសជាច្រើន បានសំដែងការមិនពេញចិត្ត​នឹងកិច្ចព្រមព្រៀងនេះ ដោយខ្លះលើកឡើងថាថវិកាទាបខ្លាំងពេក និងខ្លះទៀត បានរិះគន់ថាវាគ្មានខ្លឹមសារកំណត់​ឲ្យ​ខ្លាំងក្លា ឈានទៅបោះបង់ចោល​ការ​ប្រើប្រាស់ថាមពលហ្វូស៊ីល។ ការសំដី​រិះគន់ខ្លាំងៗក៏មានផងដែរ ទៅលើប្រទេសអាស៊ែបៃ ហ្សង់ ដែលជាអ្នកដឹកនាំរៀបចំ​សន្និសីទនេះ​។ លោក Mukhtar Babayev អតីតនាយកក្រុមហ៊ុនជាតិប្រេងកាតអាស៊ែបៃហ្សង់ Sorca ធ្វើជាប្រធាន​ដឹកនាំសន្និសីទCOP29 កំពុងទះដៃសាទរ ក្រោយសន្និសីទអនុម័ត​កិច្ចព្រមព្រៀងថវិកា​៣០០ពាន់​លានដុល្លារ។ បាគូ ថ្ងៃទី​២៤វិច្ឆិកា ២០២៤ AP – Joshua A. Bickel

ឆ្លងកាត់ការចចារជជែកវែកញែកយ៉ាងតឹងតែង រហូតដល់ម៉ោង​៣ទៀបភ្លឺ ព្រឹកថ្ងៃអាទិត្យ ទី​២៤ វិច្ឆិកា ទីបំផុត​សន្និសីទ​អន្តរជាតិស្តីពីអាកាសធាតុ​COP29 បានអនុម័ត​កិច្ចព្រមព្រៀង​រួមមួយ ដែលក្រុមប្រទេសអ្នកមានឧស្សាហកម្មជឿនលឿនសន្យា​ប្រមូលប្រាក់ ចំនួន​៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ពីពេល​នេះដល់​ឆ្នាំ​២០៣៥ ដើម្បី​ជួយ​ប្រទេស​កំពុងអភិវឌ្ឍ​។

ប្រទេសអ្នកមាន ដែលមានកាតព្វកិច្ចត្រូវប្រមូលប្រាក់នេះ គឺមាន​ជាអាទិ៍ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កាណាដា អូស្ត្រាលី និង​នូវែលសេឡង់។ បន្ថែមពីនេះ កិច្ចព្រមព្រៀងថ្មីនេះ បាន​កំណត់ថា ទំហំថវិកានេះ អាចនឹងត្រូវគេសើរើ ដំឡើងទំហំឲ្យ​លើសនេះ នៅក្នុងពេលអនាគត ដោយ​កម្មវត្ថុទាមទាររបស់​ក្រុមប្រទេសក្រីក្រ គឺត្រូវឈានឲ្យ​បានគ្រប់ ១៣០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ថវិកា​សន្យានេះ គេនឹងត្រូវប្រមូលទៅជួយ​ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងរូបភាពជា​កម្ចី​អនុគ្រោះផង និងជាជំនួយ​ឥតសំណងផង។ ក្រៅពី​ថវិកាផ្តល់ឲ្យ​ដោយ​រដ្ឋាភិបាលប្រទេសអ្នកមាន ថវិកា​នេះក៏អាចផ្តល់​ឲ្យ​តាមរយៈស្ថាប័ន​ហិរញ្ញវត្ថុឯកជនដែរ​។ ប្រទេសកំពុងអភិវឌ្ឍន៍ នឹងទទួលបានថវិកា​ទាំងនេះ យកទៅចំណាយ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធទប់ទល់​នឹងទឹកជំនន់ គ្រោះរាំងស្ងួត និងជាពិសេសនោះ គឺ​វិនិយោគនៅក្នុងវិស័យថាមពលបៃតង ងាកចេញពី​ការប្រើប្រាស់ថាមពល​ដែលកើតចេញពីការដុតប្រេង ដុតធ្យូងថ្ម ដែល​បញ្ចេញ​ឧស្ម័នកាបូនិក​ទៅក្នុងបរិយាកាស​។

យ៉ាងណាក៏ដោយ ពេលបិទការប្រជុំ​ ក្រុមប្រទេសក្រីក្របានសម្តែងការខកចិត្តខ្លាំងណាស់ ចំពោះកិច្ចព្រមព្រៀងនេះ​។ លោក Ali Mohamed ជនជាតិកេនយ៉ា និងជាតំណាង​ក្រុមប្រទេសក្រីក្រនៅ​​អាហ្វ្រិក បាន​លើកឡើងថា ថវិកាដែលគេសន្យា​​នេះ គឺវាតិចខ្លាំងណាស់ ហើយ​កិច្ចព្រមព្រៀងនេះ​មានខ្លឹមសារ​ស្រពិចស្រពិលណាស់។ ដូចគ្នាដែរ លោកស្រី Chandni Raina តំណាងប្រទេសឥណ្ឌា បាន​ថ្លែងថា កិច្ចព្រមព្រៀងនេះ គឺមិនខុស​ពី​រូបភាពបំភ័ន្តភ្នែកទេ ព្រោះវា​នឹងមិនអាចឆ្លើយតបទៅនឹង ទំហំការងារដ៏ធំមហិមាដែលពិភពលោកត្រូវដោះស្រាយ​។​

ទន្ទឹមគ្នានេះ ក្រុមប្រទេសអ្នកមានខ្លះ បានសំដែងការសោកស្តាយ ដែល​ចិនក្នុងនាមជាប្រទេសបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ច្រើនជាងគេបង្អស់ នៅតែស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដដែល ហើយមិនមានកាតព្វកិច្ច​ចូលរួម​ចំណាយ​ប្រាក់ជួយប្រទេសក្រីក្រ ដោះស្រាយវិបត្តិអាកាសធាតុ​។ ក្រុមប្រទេសលោកខាងលិច បានទាមទារថា ចិន សិង្ហបុរី និង​ប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រខ្លះ មានជីវភាពធូរធាហើយ ហើយគួរតែ​មានកាតព្វកិច្ច​​ចូលរួម​ថវិកា​។ ចំណែកបារាំងវិញ បាន​សំដែងការខកចិត្ត ដែលកិច្ចព្រមព្រៀងនេះ មិនបានកំណត់ខ្លឹមសារ​ឲ្យច្បាស់ និងមានភាពក្លាហានទាល់តែសោះ ស្តីអំពី​យន្តការត្រួតពិនិត្យ​ការកាត់បន្ថយ​ការប្រើប្រាស់ថាមពលហ្វូស៊ីល នៅតាមប្រទេសកំពុងអភិវឌ្ឍ។

ដោយឡែក មាន​ប្រទេសជាច្រើនបានរិះគន់ធ្ងន់ៗ ទៅលើចំណាត់ការចាត់ចែងការចរចា របស់​ប្រទេសអាស៊ែបៃហ្សង់ ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទ។ អាល្លឺម៉ង់បាន​រិះគន់ដោយ​ឥតលាក់លៀមថា អាស៊ែបៃហ្សង់បាម​តម្រង់ផ្លូវការចរចា ដោយ​បំពេញ​ចិត្ត​ក្រុមប្រទេស​ផលិ​តប្រេងផលិត​ឧស្ម័ន ​ព្រោះថាអាស៊ៃបៃហ្សង់​ខ្លួន​ឯង ក៏មានប្រយោជន៍​ក្នុងវិស័យនេះ​។ មន្ត្រីការទូតជាច្រើនបានលើកឡើងថាបទពិសោធន៍នៅបាគូ គឺល្វីងជូរចត់ណាស់។ អ្នកខ្លះទៀតអះអាងព្រមៗគ្នា ថាសន្និសីទ​នេះ​មានបរិយាកាសមិនល្អ ជាមួយនឹងការដាក់សំពាធពី​ក្រុមការងារអាស៊ែបៃហ្សង់ ដែលចង់សម្រេចឲ្យ​បាន​​កិច្ចព្រមព្រៀងដោយ​បង្ខំ ទាំងដែលគ្រប់ភាគី​នៅ​មិនទាន់ស្រុះស្រួលគ្នាផង​។

លោក Simon Stiell ប្រធាន​ផ្នែក​អាកាសធាតុនៃ​អង្គការសហប្រជាជាតិ​ បាន​លើកឡើងថា គេមិនអាចនិយាយសន្និសីទCOP29 នៅបាគូគឺជាជោគជ័យបានឡើយ ព្រោះវា​បានបិទបញ្ចប់ទៅដោយគ្មានប្រទេសណាមួយ បានទទួលនូវអ្វីដែលខ្លួនចង់បានទាំងអស់ ហើយ​សន្និសីទនេះ បានបន្សល់ទុក​នូវការងារ​គដូចភ្នំ​​ ឲ្យ​គ្រប់គ្នាត្រូវដោះស្រាយ​បន្តទៀត៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា