banner1
វិទ្យាស្ថានLowy៖ ចិន​​បង្កើន​​ថវិកា​ជំនួយ​ទៅកាន់​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីកឥទ្ធិពល

 21-វិច្ឆិកា-2024

ថវិកាជំនួយ​របស់ចិន ទៅកាន់​បណ្តា​ប្រទេស​កូនកោះ​ក្នុងតំបន់ប៉ាស៊ីហ្វិក​ បាន​ស្ទុះកើនឡើងវិញនៅក្នុងឆ្នាំ​២០២២ បន្ទាប់ពីធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះកូវីដ១៩​។ នេះ​បើផ្អែកតាមរបាយការណ៍​ថ្មីមួយ របស់វិទ្យាស្ថាន​Lowy អូស្ត្រាលី ចេញផ្សាយ​កាលពី​ពុធ ទី​២០ វិច្ឆិកា​។ យោងតាម​របាយការណ៍​នេះ ចិន​បានក្លាយជាប្រទេសធំទី​២ ដែល​ផ្តល់ចំនួយ​ទ្វេភាគី​ច្រើនបំផុត​ទៅ​ឲ្យ​ប្រទេសកូនកោះតំបន់ប៉ាស៊ីហ្វិក ដែលនេះគឺសបញ្ជាក់អំពី​ការ​ខំប្រឹងពង្រីក​ឥទ្ធិពលរបស់ចិន​ក្នុងតំបន់នេះ​។

លោកប្រធានាធិបតីកោះ គីរីបាទី ដើរទន្ទឹមលោក​ប្រធានាធិបតីចិន ស៊ី ជីនពីង នៅប៉េកាំងថ្ងៃទី​៦មករា​២០២០ AP – Mark Schiefelbein

វិទ្យាស្ថាន Lowy នៅអូស្ត្រាលី​ បាន​ចេញផ្សាយ​​របាយការណ៍ថ្មី​មួយនៅថ្ងៃទី​២០ វិច្ឆិកា ស្តីអំពីផែនទី​រួមនៃ​ថវិកា​ជំនួយ​អភិវឌ្ឍន៍​នៅតំបន់ប៉ាស៊ីហ្វិក​។ យោងតាមរបាយការណ៍​នេះ ប៉ុន្មានទសវត្សរ៍​ចុងក្រោយនេះ ចិនបានចំណាយ​ប្រាក់ជាច្រើនពាន់លានដុល្លារ ទៅកាន់ប្រទេស​កូនកោះតំបន់ប៉ាស៊ីហ្វិក ក្នុងទម្រង់ជា​កម្ចី​អនុគ្រោះផង ជាជំនួយឥតសំណងផង។ ជាផែនការរបស់ចិន ដើម្បី​ព្យាយាមជ្រែកឥទ្ធិពល​នៅក្នុងតំបន់យុទ្ធសាស្ត្រនេះ ដែល​​ជានិច្ចជាកាលធ្លាប់ជាដែន​ឥទ្ធិពល របស់សហរដ្ឋអាមេរិក​​ និងអូស្ត្រាលី​។

បន្ទាប់ពីបានកាត់បន្ថយ​បន្តិចកាលពីឆ្នាំ​២០២១ អំឡុពេលកំពុងផ្ទុះកូវីដ១៩​ ចិនបានចាប់ផ្តើមបន្ថែម​ឡើងវិញ នូវថវិកាជំនួយ​ ផ្តល់ទៅ​ឲ្យ​បណ្តាប្រទេសកូនកោះប៉ាស៊ីហ្វិកមួយចំនួន​។ ផ្អែកតាមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy ក្នុងឆ្នាំ​២០២២ ចិន​បានចំណាយ​ប្រាក់ចំនួន​ ២៥៦​លានដុល្លារ ផ្តល់​ក្នុងនាមជាជំនួយទ្វេភាគី ទៅឲ្យ​ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក។ ពោលគឺទំហំថវិកានេះ បានកើនឡើងចំនួន​១៤% បើប្រៀបធៀបទៅ​ឆ្នាំ​២០១៩​។ ឆ្នាំ​២០២២ ចិន​បានក្លាយ​ជាប្រទេសធំលំដាប់ទី​២បន្ទាប់ពីអូស្ត្រាលី ដែលផ្តល់ជំនួយទ្វេភាគីនៅក្នុងតំបន់នេះ​ ខណៈសហរដ្ឋអាមេរិក​ស្ថិតនៅលេខរៀងទី​៣។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ ក្នុងឆ្នាំ​២០២២ អូស្ត្រាលីបានផ្តល់ជំនួយ​ទ្វេភាគីចំនួនសរុប​​ ១៥០០​លាន​ដុល្លារ ទៅ​ឲ្យ​បណ្តាប្រទេសក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក។ ចំណែកសហរដ្ឋអាមេរិក​វិញ បាន​ចំណាយសរុបប្រមាណ​ ២៤៩លានដុល្លារ​។ ផ្ទុយពីចិនដែលខំដំឡើង​ ទំហំទឹកប្រាក់ជំនួយរបស់អូស្ត្រាលី​ របស់អាមេរិក នូវែលសេឡង់ និងជប៉ុនជាដើម គឺ​បានថយចុះ បើប្រៀបធៀបទៅ​ឆ្នាំ​២០២១ និង​នៅមុនពេល​មាន​វិបត្តិកូវីដ​១៩​។​

តែទន្ទឹមគ្នានេះ ការស្រាវជ្រាវរបស់ វិទ្យាស្ថាន Lowy ​បានរំលេច​ឲ្យឃើញថា ចាប់ពីពេលនេះទៅត ថវិកាជំនួយ​របស់ចិន​បានចាប់ផ្តើមផ្តោត​ តែទៅលើ​ប្រទេសមួយចំនួនជាពិសេស មិនមែនគ្រប់ប្រទេសនៅប៉ាស៊ីហ្វិក​ទេ​។ ជាក់ស្តែង កោះសាឡូម៉ុន និងកោះគីរីបាទី បានទទួលនូវជំនួយថវិកាយ៉ាង​​ច្រើនពីចិន ដើម្បី​សាងសង់និងជួសជុលសាលារៀន ជួសជុលផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធធំៗផ្សេងទៀត​​។ ប្រទេសកូនកោះទាំង២នេះ សុទ្ធតែបាន​ផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ ហើយ​ងាកមកគាំទ្រចិន​តែមួយ។ គម្រោងជំនួយខ្លះ គឺ​ស្ថានទូតចិនជាអ្នក​ចាត់ចែងអនុវត្ត​តែម្តង​។

នៅឆ្នាំ​២០២៤នេះ ចិន​បាន​ប្រកាស​គម្រោងសាសង់ផ្លូវ​ ​Vanua Levu នៅកោះហ្វ៊ីជី ក្នុងទឹកប្រាក់​ចំនួន​ ១៣៥​លានដុល្លារ ពោលគឺជា​គម្រោងដ៏មានតម្លៃថ្លៃបំផុត​របស់ចិន នៅក្នុងតំបន់​ប៉ាស៊ីហ្វិក​។ ហើយកាល​ពី​ឆ្នាំ​​២០២២ ២០២៣ ចិន​បានចុះហត្ថលេខា​អនុវត្តគម្រោងធំៗមួយចំនួនទៀត ជាមួយកោះសាឡូមុន និងកោះវ៉ានូអាទូ។ ផ្ទុយទៅវិញ ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ ត្រូវបាន​ចិន​ផ្តាច់លែងផ្តល់ជំនួយទ្វេភាគី បន្ទាប់ពីប្រទេសនេះ បានចុះ​​កាតិកាសញ្ញាសហប្រតិបត្តិការ​​​សន្តិសុខជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ​២០២៣៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា