banner1
កម្ពុជានាំគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម គិតជាប្រាក់ជាង ១ពាន់លានដុល្លារ ក្នុង១០ខែ ឆ្នាំ២០២៤

 20-វិច្ឆិកា-2024

សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នេះថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជាង ១ ១០០លានដុល្លារអាមេរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេស វៀត ណាម។ តាមសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ ២០២៤ មានការកើនឡើងចំនួន ៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ និងថាបច្ចុប្បន្ន គ្រាប់ស្វាយចន្ទីឆៅកំពុងមានតម្រូវការ ហើយទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។ តែទំហំនៃការនាំចេញទៅវៀតណាមនេះ ហាក់ នៅ ទ្រឹង អស់ រយៈពេល ជិត៤ខែកន្លងមក។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា គិតចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីចំនួនជាង៨៤ម៉ឺនតោន ពោលកើនឡើង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។ ក្នុងទិន្នផលដែលប្រមូលបាន កម្ពុជាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម ចំនួន ៧៩ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានប្រមាណ ១ ១០០លានដុល្លារអាមេរិក។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កម្ពុជាបាននាំចេញសរុបត្រឹមតែ ៦១ម៉ឺនតោន ឬ គិតជាទឹកប្រាក់ជាង ៨០០លានដុល្លារអាមេរិក។

តាមលោក អួន ស៊ីឡុត គ្រាប់ស្វាយចន្ទីឆៅឆ្នាំ ២០២៤ ទទួលបានតម្លៃខ្ពស់ដោយក្នុងមួយតោនមានតម្លៃចន្លោះពី ១ ៦៥០ដុល្លារអាមេរិក ទៅ១ ៧៥០ដុល្លារអាមេរិក។ តែតម្លៃនេះត្រូវបានប្រធានសមាគមចាត់ទុកធ្លាក់ចុះខ្លះ បើធៀបនឹងឆ្នាំ ២០២៣។ ទោះបីការនាំចេញក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ មានការកើនឡើង និងមានតម្លៃខ្ពស់ក៏ដោយក៏ការកែច្នៃក្នុងស្រុកត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាមើលឃើញពីការធ្លាក់ចុះ និងការថមថយសង្វាក់ផលិតកម្ម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក អួន ស៊ីឡុត លើកហេតុផលធំៗចំនួន២ ដែលធ្វើឱ្យការកែច្នៃក្នុងស្រុកធ្លាក់ចុះ ទី១ តម្លៃគ្រាប់ស្វាយចន្ទីឆៅឡើងថ្លៃ និងទី២ សហគ្រាសកែច្នៃក្នុងស្រុកពុំមានទុនបង្វិលគ្រប់គ្រាន់ក្នុងការបញ្ជាទិញគ្រាប់ស្វាយចន្ទីមកស្តុកទុក។

គឺកត្តាទាំងនេះហើយ ដែលបានធ្វើឱ្យកម្ពុជាពុំអាចមានសមត្ថភាពនាំផលិតសម្រេចចេញទៅទីផ្សារអន្តរជាតិបានដោយរលូន។ គួរកត់សម្គាល់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមក្នុងរយៈពេល១០ខែនេះហាក់ពុំមានការកើនឡើងអ្វីគួរឱ្យកត់សម្គាល់នោះទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មធ្លាប់បានបញ្ជាក់កាលពីអំឡុងខែកក្កដាថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀត ណាមចំនួន៧៩ម៉ឺនតោន។ សូមជម្រាបថាបច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះ និងផ្តល់ផលស្វាយចន្ទីជាង៥៨ម៉ឺនហិកតា ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះទំហំ១៤០ ០០០ ហិកតា ខេត្តរតនគិរីមានទំហំ ១០ ៤០០០ហិកតា និងខេត្តក្រចេះមានទំហំ១០ ២០០០ហិកតា៕

ប្រភពព័ត៌មាន ៖​ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 385
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា