គេដឹងហើយថា លោក ដូណាល់ ត្រាំ ត្រូវអ្នកបរិស្ថានអាកាសធាតុ រិះគន់ថ្កោលទោសថា គ្មានគំនិតស្នេហាបរិស្ថានភពផែនដីនោះឡើយ។ លោក ត្រាំ ខ្លួនឯង បានអះអាងញឹកញយ និងជាសាធារណៈថា ការប្រែប្រួលអាកាសធាតុ ជារឿងគួរឲ្យអស់សំណើច ជារឿងកំប្លែងលេងសើច។ កាលពីកាន់អំណាចអាណត្តិមុន លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ដើម្បីអាកាសធាតុទីក្រុងប៉ារីស តែត្រូវលោក ចូ បៃដិន បាននាំអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងវិញ នៅឆ្នាំ២០២១។ លោកត្រាំ ក៏នឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ជាថ្មីទៀត នៅពេលលោកចូលកាន់អំណាច ជាផ្លូវការ នៅដើមឆ្នាំថ្មីខាងមុខ។ ហើយលោក សន្យាបើកដៃឲ្យក្រុមហ៊ុនអាមេរិក ជីក ខួង រ៉ែ និងចម្រាញ់ប្រេង យ៉ាងពេញទំហឹង។ សកម្មភាពទាំងនេះ ផ្ទុយពីកិច្ចខំប្រឹងប្រែង ដើម្បីអាកាសធាតុ។
អាស៊ែរបៃហ្សង់ ចាប់ខ្លួនសកម្មជនបរិស្ថាន
អាស៊ែរបៃហ្សង់ ត្រូវគេចាត់ថា ជាកូនសិស្សមិនសូវល្អទេ ខាងគោរពសិទ្ធិមនុស្ស ហើយក៏ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន ព្រមទាំងបូមចម្រាញ់ឧស្ម័ន រ៉ែ និងប្រេង ក៏ច្រើនសន្ធឹកណាស់ដែរ។ ចំពោះបញ្ហាសិទ្ធិមនុស្ស ប្រទេសនេះចាប់ខ្លួនក្រុមអ្នកប្រឆាំង និងអ្នកទោសនយោបាយ ជាច្រើនសិបនាក់ដាក់ពន្ធនាគារ។ ក្នុងចំណោះមនោះ មានទាំងអ្នកកាសែត ហើយនិងក្រុមសកម្មជនអាមេនីទាមទារផ្តាច់ខ្លួន ដែរ។ អ្នកជាប់ឃុំខ្លះទៀតជាសកម្មជនបរិស្ថានអាកាសធាតុដែរ។ ទាំងនេះជាហេតុផលធំ១ ដែលថ្នាក់ដឹកនាំកំពូលរបស់ប្រទេសបារាំង មិនអញ្ជើញទៅជាន់ដីអាស៊ែរបៃហ្សង់។
អាស៊ែរបែហ្សង់ និងអាមេនី មាន ជម្លោះចាស់នឹងគ្នា ទំនាស់រ៉ាំរ៉ៃ ព្រោះតែបញ្ហាអប្បគមន៍ ដែលចេះតែបន្តអូសបន្លាយ។ បារាំងគាំទ្រអាមេនី។ អាមេនី ធ្លាប់រងគ្រោះប្រល័យពូសាសន៍ពីតួកគី ឆ្នាំ១៩១៥-១៦។ ម្លោះហើយ បារាំងមានសមានចិត្តអាណិតប្រទេសនេះ ដែលចេះតែធ្លាក់ខ្លួនរងគ្រោះជាបន្តបន្ទាប់ពីព្រោះការគាបសង្កត់ និងកាប់សម្លាប់។ ប្រការដែល ប្រធានាធិបតីបារាំង មិនអញ្ជើញទៅប្រជុំកំពូលអាកាសធាតុ នៅអាស៊ែរបៃសង់ គឺស្តែងឲ្យឃើញថា នេះជាលើកទី១ តាំងពីលោក អេម៉ានុយអែល ម៉ាក្រុង ឡើងកាន់អំណាច ៧ ឆ្នាំមកនេះ។ កាលឆ្នាំទៅមិញ បារាំងបញ្ជូនរដ្ឋមន្ត្រី ៨នាក់ ទៅប្រជុំកំពូលអាកាសធាតុ នៅអេម៊ីរ៉ាត់អារាប់រួម។ ឆ្នាំនេះ មានតែម្នាក់ប៉ុណ្ណោះ គឺលោកស្រីរដ្ឋមន្ត្រីបរិស្ថាន Agnès Pannier-Runacher ទៅប្រជុំអាកាសធាតុនៅក្រុងបាគូ។ រដ្ឋមន្ត្រីបារាំង ត្រូវដាក់កំហិតឲ្យធ្វើកិច្ចការតែសំណុំរឿងអាកាសធាតុតែប៉ុណ្ណោះ ដោយមិនត្រូវជជែកទាក់ទងទ្វេភាគីអ្វី ជាមួយថ្នាក់ដឹកនាំអាស៊ែរបៃសង់ ឬក៏មិនជួយផ្សព្វផ្សាយឲ្យអាស៊ែរបៃសង់ រីកមុខរីកមាត់អ្វីដែរ។
COP29ហិរញ្ញវត្ថុ
ទោះអវត្តមានថ្នាក់ដឹកនាំកំពូលជាច្រើននាក់ ក៏ពិតមែន តែប្រទេសចំនួន ១៩៨ បានបញ្ចូនតំណាងរបស់ខ្លួន ទៅចូលរួមប្រជុំកិច្ចប្រជុំ និងចរចា។ មនុស្សចូលរួមសរុប ប្រមាណជា ៥១ ០០០ នាក់។ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP29 នៅអាស៊ែរបែហ្សង់ ឆ្នាំនេះ ត្រូវគេប្រសិទ្ធនាមមួយបែបទៀតថា «COP29ហិរញ្ញវត្ថុ»។ បានសេចក្តីថា បណ្តាប្រទេសចូលរួមប្រជុំ ត្រូវជជែកចរចាគ្នាសម្រេចគម្រោងហិរញ្ញវត្ថុ ហើយផ្តោតជាសំខាន់ កៀងគរកញ្ចប់ជំនួយលុយពីប្រទេសអ្នកមាន ដើម្បីជួយដល់ប្រទេសក្រីក្រ ឲ្យមានសមត្ថភាពនិងលទ្ធភាព សម្របខ្លួននឹងកំណើនកម្តៅផែនដី។
កាលពី១៥ឆ្នាំមុន កិច្ចប្រជុំនៅក្រុង Copenhague គេសម្រេចកញ្ចប់លុយ ១០០ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ ដើម្បីជួយប្រទេសក្រីក្រ។ ឆ្នាំ២០២២ កញ្ចប់លុយឡើងដល់ ១១៦ ពាន់លានដុល្លារ។ ឆ្នាំនេះវិញ កញ្ចប់លុយ ក៏មិនគួរនឹងតិចជាង១០០ពាន់លានដុល្លារដែរ។ ទោះម្តេចក្តី ប្រទេសនីមួយៗពុំទាន់បានបង្ហាញជំហរឆន្ទៈសន្យាថា ខ្លួនយល់ព្រមធ្វើវិភាគទានប៉ុន្មាននោះឡើយ។
ឆ្នាំនេះដែរ ប្រទេសជាច្រើន ស្នើឲ្យដាក់ពន្ធឲ្យធ្ងន់និងច្រើន ទៅដល់ក្រុមហ៊ុនយក្សរកស៊ីខាងប្រេង រ៉ែ និងក្រុមហ៊ុនដែលរកស៊ីដែលបំផ្លាញបរិស្ថានអាកាសធាតុ ត្រូវតែជាប់កំហិតឲ្យបង់វិភាគទាន ទៅដល់គម្រោងស្តារអាកាសធាតុ។ មិនតែប៉ុណ្ណោះ ប្រទេសអ្នកចូលរួមប្រជុំ ក៏ចង់ស្នើឲ្យដាក់ពន្ធឲ្យតឹងតែងដែរ ជុំវិញទំនិញដែលប្រើប្រាស់ ឬផលិតចេញ ដោយប្រើកាបូន ច្រើន៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh