banner1
កាសែតចិន៖ ទេសចរចិនទៅទស្សនាឧទ្យានអង្គរកើនឡើង៤០.៥%

 11-វិច្ឆិកា-2024

មានទេសចរចិន ចំនួនជាង៦ម៉ឺននាក់ បានទៅទស្សនាឧទ្យានអង្គរ ក្នុងខេត្តសៀមរាប នៅក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួបានដកស្រង់មកចុះផ្សាយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ តួលេខនៃភ្ញៀវទេសចរចិនកើនឡើង៤០.៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ អាជ្ញាធរជាតិអប្សរាវិញអះអាងថា នៅតំបន់ឧទ្យានអង្គរ ក្រៅពីទេសចរចិន  ទេសចរពីតំបន់អឺរ៉ុបក៏មានចំនួនកើនឡើងដែរ។

របាយការណ៍របស់គ្រឹះស្ថានអង្គរបានបង្ហាញថា ចំនួនទេសចរចិនបានហក់កើនឡើង ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៤នេះ ជាមួយទេសចរចំនួន ៦៣៥៤៥ នាក់ ដែលបានទៅទស្សនានៅឧទ្យានអង្គរ ខណៈរយៈពេលដូចគ្នាឆ្នាំ២០២៣ មានទេសចរចិនតែ ៤៥២១៤នាក់ ប៉ុណ្ណោះ។

នៅក្នុងចំណោមទេសចរអន្ដរជាតិសរុប ដែលបានទៅឧទ្យានអង្គរ ចំនួន ៧៧៤២០៣នាក់ ទេសចរចិន តំណាងឲ្យចំនួន ៨.២%។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ៊ួ ចិន ជាប្រភពទេសចរធំទី៥ នៃទេសចរអន្ដរជាតិ ដែលបានទៅទស្សនាបរិវេណអង្គរ បន្ទាប់ពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់យកឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍ផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកម្ពុជារំពឹង ថា នឹងអាចស្រូបទាក់ទាញទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនបន្ថែមទៀត។

ចំពោះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី១០ វិច្ឆិកានេះ ក្នុងរយៈពេល១០ខែមកនេះ នៅឧទ្យានអង្គរមិនមែនកើនឡើងអ្នកទេសចរចិនទេ សូម្បីទេសចរបរទេសមកពីតំបន់អឺរ៉ុបក៏កើនឡើងដែរ។ បើតាមលោកឡុងកុសល រយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរក្នុងខេត្តសៀមរាប ក៏កើនឡើងដូចគ្នា។

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញទេសចរឱ្យទៅទស្សនាឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរា ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមសហការគ្នា រៀបចំព្រឹត្តិការណ៍នានានៅតំបន់អង្គរ។ លោកចាត់ទុកថា តួលេខកើនឡើងបែបនេះ ជាលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍កន្លងមក។

លោក ឡុង កុលស មិនភ្លេចបញ្ជាក់ដែរថា ការបើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងព្រឹត្តិការណ៍ផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក៏ជាកត្តារួមចំណែកដល់ការកើនឡើងនៃទេសចរ ចិនមកឧទ្យានអង្គរ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 385
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា