banner1
ក្រសួងសេដ្ឋកិច្ច តម្រូវឱ្យសហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក ត្រូវបង់ពន្ធលើទំនិញ ដែលថែម ឬជារង្វាន់

 8-វិច្ឆិកា-2024

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតម្រូវឱ្យគ្រប់សហគ្រាស ដែលផ្គត់ផ្គង់ទំនិញក្នុងស្រុកទាំងអស់ត្រូវបង់ពន្ធអាករលើទំនិញដែលថែម ឬទំនិញជាប្រភេទរង្វាន់ ដែលស្ថិតក្នុងស្តុកសម្រាប់លក់។ ការដាក់ឱ្យជាប់កាតព្វកិច្ចបង់ពន្ធអាករលើទំនិញនេះធ្វើឡើង ក្រោយក្រសួងសេដ្ឋកិច្ចសង្កេតឃើញថា សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុកបាន និងកំពុងពង្រីកទីផ្សាររបស់ខ្លួនដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ទំនិញដោយមានការថែមទំនិញ ឬជាការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប ឬវិធីសាស្ត្រផ្សេងៗទៀតដល់អតិថិជន។ 

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី១០ តុលា កន្លងទៅថា សហគ្រាសផលិតក្នុងស្រុកដែលជាប់អាករពិសេស និង/ ឬ ជាប់អាករសម្រាប់បំភ្លឺសាធារណៈនឹងត្រូវជាប់អាករទាំងពីរខាងលើដដែល ប្រសិនបើការថែមទំនិញ ឬរង្វាន់ណាមួយនោះជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ។ តែករណីដែលទំនិញក្នុងស្រុកនោះមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទេ សហគ្រាសត្រូវបង់តែអាករពិសេសប៉ុណ្ណោះ។ ចំណែកសហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈតែមួយវិញ ក្រសួងសេដ្ឋកិច្ចកំណត់ឱ្យជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ហើយត្រូវជាប់ពន្ធលើប្រាក់ចំណូល។

សម្រាប់សហគ្រាសផ្គត់ផ្គង់ទំនិញដែលមិនជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈវិញត្រូវបានក្រសួងឱ្យជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល រួមទាំងជាប់ពន្ធលើប្រាក់ចំណូល។ ក្រៅពីនេះ ក្រសួងសេដ្ឋកិច្ចក៏បានកំណត់កាតព្វកិច្ចបង់ពន្ធអាករចំពោះសហគ្រាស ដែលបានថែមទំនិញ ឬផ្តល់ជារង្វាន់ទំនិញដែលជាទំនិញស្តុកសម្រាប់លក់។ ត្រង់ចំណុចនេះ ក្រសួងមិនតម្រូវឱ្យសហគ្រាសផ្គត់ផ្គង់ទំនិញបង់ពន្ធលើអាករលើតម្លៃបន្ថែមទេ រួមទាំងប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធលើប្រាក់ចំណូល។

តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវត្ថុនៃការដាក់កាតព្វកិច្ចឱ្យបង់ពន្ធអាករលើទំនិញថែម ឬរង្វាន់ដែលសហគ្រាសបានផ្តល់ជូនអតិថិជន គឺដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

គួរបញ្ជាក់ថា ពន្ធអាករសម្រាប់បំភ្លឺសាធារណៈជាពន្ធមួយប្រភេទដែលកំណត់លើផលិតផលគ្រឿងស្រវឹង និងផលិតផលថ្នាំជក់។ ពន្ធអាករប្រភេទនេះត្រូវបានរដ្ឋយកពីអ្នកផលិត អ្នកនាំចូល និងអ្នកផ្គត់ផ្គង់បន្តដើម្បីផ្តល់ឲ្យថ្នាក់ក្រោមជាតិសម្រាប់បំភ្លឺផ្លូវសាធារណៈ។ ចំណែកពន្ធអាករលើតម្លៃបន្ថែមជាពន្ធលើទំនិញ ដែលយកពីអ្នកប្រើប្រាស់ ហើយអត្រាពន្ធមួយនេះគឺប្រែប្រួលទៅតាមប្រទេសនីមួយៗ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ជាអ្នកប្រមូលពន្ធអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ដើម្បីបង់ជូនរដ្ឋតាមក្រោយ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 385
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា