banner1
ចិន​ត្រៀម​ចេញ​​ផែនការ ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច ដោយផ្អែក​តាម​លទ្ធផល​ឆ្នោត​អាមេរិក

 5-វិច្ឆិកា-2024

ក្រោម​សម្ពាធ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សេដ្ឋវិទូ ចិន​បាន​ចេញវិធានការ​ជា​បន្ត​បន្ទាប់​ មាន​ជា​អាទិ៍​ការ​បញ្ចុះ​អត្រា​ការប្រាក់ ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ទិញ​ផ្ទះ​ … កាលពីប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​មក​នេះ។ ហើយ​​ចាប់​ពីថ្ងៃ​ចន្ទ ​ រហូត​ដល់​ថ្ងៃ​សុក្រ ៨ ​វិច្ឆិកា អ្នក​ទទួល​ខុស​ត្រូវ​​សភា​ចិន​ ត្រូវ​​ជួប​ប្រជុំ​គ្នា​ ដើម្បី​រៀប​ចំ​អនុម័ត​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ចតែម្តង។ បើ​តាម​អ្នក​វិភាគ ទំហំ​នៃ​ផែនការ​ផ្តល់​សន្ទុះ អាស្រ័យ​ទៅលើ​លទ្ធផល​ឆ្នោត​​ ថា​តើ​នរណា​ជា​អនាគត​ប្រធានាធិបតី​ទី​៤៧​ របស់​សហរដ្ឋ​អាមេរិក។ បើជា​លោក​ដូណាល់ត្រាំ ផែនការ​ចិន​នឹង​អាច​ធំ​ខ្លាំង។

នៅ​សប្តាហ៍​នេះ ​ចិន​នឹង​ប្រកាស​ផែនការ​ផ្តល់​សន្ទុះ​ ដែលមាន​លក្ខណៈ​ដូច​ក្តីរំពឹង​របស់​ទីផ្សារឬ? គ្រប់​អ្នក​វិភាគ​ កំពុង​ផ្តោតចក្ខុ​ទៅ​លើ​ជំនួប​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ដែល​ជា​ស្ថាប័ន​កំពូល​របស់​រដ្ឋ​សភា ដឹកនាំ​ដោយ​បុរស​ខ្លាំង​ទី​បីចិន Zhao Leji ។ ក្រោម​សម្ពាធ​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​សេដ្ឋវិទូ ចាប់​បើក​ពី​ថ្ងៃ​ចន្ទទី​៤​ វិច្ឆិកា​ ដល់ ​ថ្ងៃ​សុក្រ ​ទី​៨ ​វិច្ឆិកា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ ត្រូវ​ពិនិត្យ​ និង​អនុម័ត​គ្រប់​គម្រោង​ច្បាប់ មាន​ជាអាទិ៍​គម្រោង​ច្បាប់ទាក់ទង​នឹង​ថវិកាជាតិ។

​អ្នក​វិភាគ​របស់​ទី​ភ្នាក់ងារ​Moody’s Analytics រំពឹង​​ថា​ រដ្ឋាភិបាល​ចិន​នឹង​បន្ថែម​ហិរញ្ញវត្ថុ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ក្នុង​រយៈ​ពេល​ខ្លី។ ចំណែក​សេដ្ឋវិទូ​របស់​Nomura សង្ឃឹម​ថា​ចិន​នឹង​អនុម័ត​ច្បាប់​ដំឡើង​ថវិកា​បន្ថែម​១២៩​ពាន់​លាន​អឺរ៉ូ សម្រាប់​ជួយ​ជាពិសេស​ដល់រដ្ឋាភិបាល​តំបន់​ ឃុំ​ស្រុក​​មូលដ្ឋាន ​ជាប់​បំណុល ឬ​ជំនួយ​ពិសេស​១២៩​ពាន់​លាន​អឺរ៉ូ​ដែរ ​សម្រាប់​​ធនាគារ​ ដើម្បីជួយ​បំពេញការ​ខាតបង់​ បណ្តាល​មក​​វិបត្តិ​ប្រាក់​កម្ចី​អូស​ជើង​ខ្លាំង​តាំងពី​បួន​ឆ្នាំ​មក​។ នេះ​បើ​តាម​អ្នក​វិភាគ​របស់​​Natixis។

ការ​​រង់ចាំ​មាន​ច្រើន ឯ​វិធានការ​ជាក់​ស្តែង​ ​នឹង​ត្រូវ​ទម្លាយ​​ឱ្យ​ដឹង​នៅថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​ជំនួប​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានា ធិបតី​អាមេរិកថ្ងៃទី​៥ ​វិច្ឆិកា ជះ​​ឥទ្ធិពល​ខ្លាំង​ណាស់ ទៅ​លើ​សេចក្តី​សម្រេច​របស់​អ្នក​ទទួល​ខុស​ត្រូវ​ចិន ក្នុង​ការ​អនុម័តផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​របស់​ខ្លួន។ តើ​ប្រធានាធិបតី​អាមេរិក​ថ្មី​ជាលោក​ដូណាល់ត្រាំ ឬ​ជា​លោកស្រី​ ខាម៉ាឡា ហារីស?! សុទ្ធ​តែមាន​ជំហរ​ប្រឆាំង​ចិន ​បេក្ខជន​ប្រធានាធិបតីអាមេរិក​ទាំងពីរសន្យា​បន្ត​ដាក់​គំនាប​លើ​ប៉េកាំង តែ​លោក​ដូណាល់​ត្រាំ បាន​ប្រកាស​សន្យាដំឡើង​​ពន្ធ​គយ​ដល់​ ៦០%​​ លើ​គ្រប់ផលិត ផល​នាំ​ចូល​មក​ពីចិន។ ​ដូច្នេះចិន​នឹង​តម្រែតម្រឹម​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ជាតិ សម្រប​ទៅ​តាម​ស្ថានភាពនយោបាយ​​អាមេរិក។ បើ​តាម​អ្នក​វិភាគ​ ចិន​អាច​ពង្រឹង​ពង្រីក​​ផែនការ​ផ្តល់​សន្ទុះឱ្យ​កាន់​តែ​រឹង​មាំ មាន​ទំហំធំ​ប្រមាណ​១០ ទៅ​ ២០%​ ប្រសិន​​បើលោក​ ដូណាល់ត្រាំ​​​ជាអ្នក​​ឈ្នះ ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ម្តងទៀត។

បន្ទាប់​មក​ចិន​ត្រូវរក​វិធានការ​ជំនះ​វិបត្តិ​ផ្ទៃ​ក្នុង ដែល​ក្រៅ​ពី​​វិបត្តិ​អចលនវត្ថុ បំណុលសាធារណៈ​ និង​ការ​ចំណាយ​​ក្នុង​ស្រុក​មិន​ស្វាហាប់ សេដ្ឋកិច្ច​ជា​ទូទៅ​របស់​ចិន​បាត់បង់​ភាព​ប្រកួត​ប្រជែង​ ដោយហេតុ​តែ​គ្មាន​ការ​បែង​ចែង​ថវិកា​សាធារណៈ​​ត្រឹម​ត្រូវ​ល្អ។ នៅ​ក្នុង​របៀបវារៈ​​ប្រជុំ​សប្តាហ៍​នេះ ចិន​ត្រូវ​គិត​គូរ​ប្តូរ​ផ្លាស់​នយោបាយ​ឧស្សាហកម្ម​ និង​ជំនួយ​ឧបត្តម្ភ។ នេះ​បើ​តាម​អ្នក​វិភាគ​សេដ្ឋកិច្ច​របស់​Natixis៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងះអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 426
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា