banner1
អង្គការឃ្លាំមើលព្រៃឈើសាកលថា រយៈពេល ២១ឆ្នាំ ព្រៃស្តុកក្នុងឧទ្យានជាតិបទុមសាគរ បាត់បង់អស់ ៣០%

 26-តុសា-2024

អង្គការឃ្លាំមើលព្រៃឈើសាកល ឬ ហៅថា Global Forest Watch បានរកឃើញថា ចន្លោះពីឆ្នាំ២០០២ ដល់២០២៣ ព្រៃស្តុក(Primary Forest) ក្នុងឧទ្យានជាតិបទុមសាគរខេត្តកោះកុងបានបាត់បង់អស់៣០%។ យោងតាមការវិភាគទិន្នន័យរបស់អង្គការឃ្លាំមើលព្រៃឈើសាកល ដោយផ្អែកតាមរូបភាពពីផ្កាយរណប ការបាត់បង់ព្រៃស្តុកប្រមាណ៣០% នេះ គឺបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនរបស់ក្រុមលោកអ្នកឧកញ៉ាមួយចំនួន ដែលទទួលបានដីសម្បទានក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ។ ​

ព្រៃស្តុកក្នុងតំបន់ឧទ្យានជាតិបទុមសាគរ​ខេត្តកោះកុង © Www Movimientofet Org

ផ្អែកតាមទិន្នន័យពីផ្កាយរណប ដែលបង្ហាញដោយអង្គការឃ្លាំមើលព្រៃឈើសាកល ក្រៅពីការបាត់បង់ព្រៃស្តុកប្រមាណ ៣០% ក្នុងរយៈពេល២១ឆ្នាំចុងក្រោយនេះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ឧទ្យានជាតិបទុមសាគរទាំងក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច និងតំបន់ព្រៃឈើ ដែលនៅសេសសល់មួយចំនួនទៀត ក៏កំពុងបន្តកើតមានបន្ថែមទៀតដែរ បើរាប់ចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០២៤។

ដោយឡែក ក្នុងឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ឧទ្យានជាតិបទុមសាគរត្រូវបានបាត់បង់អស់ ៣,៤២០ហិកតា ដែលស្មើនឹងការបំភាយឧស្ម័នកាបូនិក ២០៤០គីឡូក្រាម។ ចំណែកព្រៃស្តុក(Primary Forest)នៃឧទ្យានជាតិបទុមសាគរវិញ គឺបាត់បង់អស់ទំហំ ២,៨៩០ហិកតា ដែលធ្វើឱ្យផ្ទៃដីសរុបនៃតំបន់ព្រៃស្តុកបានថយចុះចំនួន៤.១%។

បើយោងតាម Global Forest Watch ការបាត់បង់គម្របព្រៃឈើក្នុងតំបន់ឧទ្យានជាតិបទុមសាគរពិសេសក្នុងតំបន់ព្រៃស្តុក កើតមាននៅក្រោយរដ្ឋាភិបាលផ្តល់ដីសម្បទានឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Koh Kong Rubber របស់កូនប្រុសលោកអ្នកឧកញ៉ា លី យ៉ុងផាត់។

នៅឆ្នាំ២០២១ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានទទួលដីសម្បទានទំហំ ៨,៦៣១ហិកតា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចមួយក្នុងឧទ្យានជាតិ និងក្រោយមកនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក ហ៊ុន សែនដែលនៅគ្រានោះ ជានាយករដ្ឋមន្ត្រីកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យផ្តល់ដីសម្បទានទំហំ ៩៩៦៨ហិកតា បន្ថែមទៀតដល់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ ក្រៅពីនេះ ក្រុមហ៊ុនដាំកៅស៊ូកោះកុង(Koh Kong Rubber)របស់កូនប្រុសលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ទទួលបានដីសម្បទានទំហំ ៦ ២៣៤ហិកតាដែរ។

កាសែត Mongbay បានចេញផ្សាយអត្ថបទស៊ើបអង្កេតស្តីពី ការផ្តល់ដីសម្បទានជាបន្តបន្ទាប់របស់រដ្ឋាភិបាល ដែលនៅក្នុងនោះគេរកឃើញថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងតំបន់ឧទ្យានជាតិបទុមសាគររបស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង បាននាំឱ្យមានការកាប់បំផ្លាញព្រៃឈើ និងបាត់បង់ទីជម្រករបស់ប្រជាជនជាង១០០គ្រួសារ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា បច្ចុប្បន្នរដ្ឋាភិបាលបានបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជនក្នុងឧទ្យានជាតិបទុមសាគរ។ ចំពោះក្រុមហ៊ុនដែលបានផ្តល់ឱ្យកន្លងមក លោក ខ្វៃ អាទិត្យា អះអាងថា ក្រសួងបានវាយតម្លៃពីផលប៉ះពាល់បរិស្ថានត្រឹមត្រូវ ខណៈសព្វថ្ងៃក្រសួងក៏បន្តពិនិត្យ និងតាមដានសកម្មភាពរបស់ក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុណាមួយអនុវត្តខុសពីកិច្ចព្រមព្រៀង នឹងត្រូវចាត់វិធានការច្បាប់។ តែទោះយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថានដដែលរូបនេះ ពុំបានឆ្លើយតបចំពោះទិន្នន័យរកឃើញរបស់ Global Forest Watch ស្តីពីការបាត់បង់ព្រៃស្តុកក្នុងតំបន់ឧទ្យានជាតិបទុមសាគរចំនួន ៣០% នោះទេ។

សូមជម្រាបថា ឧទ្យានជាតិបទុមសាគរត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ លើផ្ទៃដីសរុបទំហំ ១៨៣,៤០៨ហិកតា។ តែបើយោងតាមទិន្នន័យពីអង្គការសិទ្ធិមនុស្សលីកាដូ ផ្ទៃដីជាង ៦០% នៃតំបន់ការពារព្រៃឈើត្រូវបានផ្តល់ឱ្យទៅក្រុមហ៊ុនឯកជនតាមរយៈការផ្តល់សម្បទាន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ​ RFI https://www.rfi.fr.kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា