ក្នុងជំនួបលើកទី៨ កម្ពុជា និងថៃស្តីពី បញ្ហានៅតាមព្រំដែន ភាគីទាំងពីរបានប្ដេជ្ញាសហការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិ ដែលមានដូចជាការបោកប្រាស់តាមទូរស័ព្ទ និងបទល្មើសគ្រឿងញៀន។
សារព័ត៌មានថៃ The Nation បានចុះផ្សាយសម្ដីរបស់រដ្ឋមន្ដ្រីមហាផ្ទៃថៃ លោក Anutin Charnvirakul ដែលថា ការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន សំខាន់ចំពោះប្រទេសទាំងពីរ និងថាកម្ពុជា និងថៃមានគោលបំណងកាត់បន្ថយបន្ថែមទៀតបញ្ហាខាងលើ។
បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃដដែល ដើម្បីឱ្យមានការរីកចម្រើននៅតាមព្រំដែន ចំណុចសំខាន់គឺ ត្រូវដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធ័រនែត ដែលបោកប្រាស់សាធារណជនតាមប្រព័ន្ធទំនាក់ទំនង និងទប់ស្កាត់ការជួញដូរគ្រឿងញៀន។ លោកមិនភ្លេចបញ្ជាក់ថា កម្ពុជាបានធ្វើល្អក្នុងរឿងនេះ។ អ្វីដែលលោករដ្ឋមន្ដ្រីមហាផ្ទៃថៃចង់រំលេចបន្ថែម គឺមិនអនុញ្ញាតឱ្យឧក្រិដ្ឋជនប្រើប្រាស់ប្រទេសណាមួយ មិនថាថៃ ឬ កម្ពុជា ជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាពខុសច្បាប់ ដែលមានដូចជាការលួចលក់បញ្ជូនគ្រឿងញៀនទៅកាន់ប្រទេសទីបីឡើយ។
ក្រសួងមហាផ្ទៃកម្ពុជា តំណាងដោយលោក ស សុខា បានឱ្យដឹងថា ក្នុងកិច្ចការបង្ការ ទប់ស្កាត់ និងការបង្ក្រាបបទល្មើសឆ្លងដែន ភាគីកម្ពុជា និងថៃបានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ ដោយធានាឱ្យបាននូវស្ថិរភាព និងសន្តិសុខរបស់ប្រទេសនីមួយៗ។
កាលពីខែកញ្ញាកន្លងទៅ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានរៀបចំសិក្ខាសាលាដែលមានការចូលរួមពីភាគីប្រទេសពាក់ព័ន្ធ ដើម្បីនិយាយពីបញ្ហាបោកប្រាស់តាមប្រព័ន្ធអ៊ីនធ័រនែត SCAM។
លោកស្រី Alissar Chaker តំណាងប្រចាំអង្គការ UNDP ប្រចាំកម្ពុជាធ្លាប់បាននិយាយថា កម្ពុជាកំពុងស្ថិតនៅជួរមុខ ក្នុងការដោះស្រាយបញ្ហាបោកប្រាស់តាមទូរស័ព្ទ និងបទល្មើសគ្រឿង ញៀន។ ប៉ុន្តែកម្ពុជាក៏ជាប្រទេសដំបូងគេ ដែលមានការបញ្ជ្រាបនៅថ្នាក់ជាតិ ស្តីពីបរិបទក្នុងតំបន់ និងប្រឹងប្រែងយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr.kh