banner1
ក្រសួងទេសចរណ៍ថា កម្ពុជា​ពុំទាន់​គាំទ្រគម្រោង​ទិដ្ឋា​ការ «ប្រទេស៦គោលដៅមួយ» របស់ថៃនៅឡើយ

 25-តុសា-2024

ក្រសួងទេសចរណ៍ នៅថ្ងៃទី​២២ តុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្ពុជាពុំទាន់មានការឯកភាព​​គាំទ្រគំនិត​ផ្តួចផ្តើម​​​គម្រោង​ទិដ្ឋាការ​ «ប្រទេស​៦ គោលដៅ​១» របស់ថៃ​នៅឡើយ​ទេ។ ការបញ្ជាក់របស់​ក្រសួងទេសចរណ៍កម្ពុជាដូច្នេះ​​ដោយហេតុថា ​នៅក្នុងជំនួបជាមួយតំណាងភាគីថៃ កាលពីថ្ងៃទី​២១ តុលា កន្លងទៅរដ្ឋមន្ត្រីទេសចរណ៍កម្ពុជាលោក ហ៊ួត​ ហាក់ ​បានត្រឹម​កត់សម្គាល់​លើគំនិតផ្តួចផ្តើមនេះ ​និងបានស្នើសុំ​​ភាគីថៃផ្តល់ឯកសារពាក់ព័ន្ធ ដែល​​​​គ្រប់ជ្រុងជ្រោយមកឱ្យ​កម្ពុជា​តែប៉ុណ្ណោះ។

យោងតាមសេចក្តីបំភ្លឺចុះថ្ងៃទី​២២ ខែតុលា ក្រសួងទេសចរណ៍​កម្ពុជា​​​​​បានបញ្ជាក់​ថា ​ក្រសួងនៅពុំទាន់មានការឯកភាព​គាំទ្រណាមួយ​លើគម្រោងទិដ្ឋាការទេសចរណ៍​ «ប្រទេស​៦​ គោលដៅ​១»​  ដែល​ផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល​ថៃនៅឡើយទេ។ ការចេញមកបំភ្លឺរបស់ក្រសួងទេសចរណ៍យ៉ាងដូច្នេះ​ បន្ទាប់ពីមានការចុះផ្សាយ​​តាម​បណ្តាកាសែតថៃមួយចំនួន​ថា ​កម្ពុជាបាន​​យល់ស្រប និងគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃក្នុងការសម្រួលការធ្វើដំណើរ​ឆ្លងដែនរបស់ភ្ញៀវទេសចរ​ក្នុងប្រទេសចំនួន​៦ ក្នុងតំបន់អាស៊ាន តាមរយៈ​​គោលនយោបាយ​ទិដ្ឋាការតែមួយឬហៅថា «ប្រទេស៦ គោលដៅមួយ» នេះ​។

ក្នុងសេចក្តីបំភ្លឺ​ដដែល ក្រសួងទេសចរណ៍បានបញ្ជាក់​ថា ​ក្នុងជំនួបជាមួយ លោក Dustin MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេស​​ថៃ និងគណៈប្រតិភូក្នុង​ពីថ្ងៃទី​២១ ខែតុលា លោក ហ៊ួត​ ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន​បញ្ជាក់ទៅភាគីថៃថា ក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើមគោលនយោបាយទិដ្ឋាការតែមួយរបស់ថៃ​។ ទន្ទឹមនេះ លោករដ្ឋមន្ត្រីក៏បានប្រាប់​ឱ្យ​ភាគីថៃ​ផ្តល់ឯកសារទស្សនទាន គ្រប់ជ្រុងជ្រោយ​ និងឯកសារពាក់ព័ន្ធគំនិតផ្តួចផ្តើមនេះតាម​ផ្លូវការទូត មកកាន់​ស្ថានឯកអគ្គ​រាជទូត​​ថៃប្រចាំនៅកម្ពុជា​។

អ្នកជំនាញក្នុងវិស័យទេសចរណ៍​​លើកទឹកចិត្តឱ្យកម្ពុជាចូលរួមក្នុងគម្រោង​ទិដ្ឋាការ​ «ប្រទេស៦ គោលដៅ១» ដើម្បីទទួលបានផលប្រយោជន៍វិស័យទេសចរណ៍ និងថា កម្ពុជានឹងទទួលប្រយោជន៍កាន់តែច្រើនទៀត​​ ប្រសិនបើ​​​គម្រោងទិដ្ឋាការនេះរួមបញ្ចូល​ប្រទេសសមាជិក​អាស៊ាន ​៤ផ្សេងទៀត។ តែយ៉ាងណាមិញ ពួកគេចង់ឃើញគំនិតផ្តួចផ្តើមមួយនេះ សម្រេចឈរលើគោលការណ៍​តម្លាភាព និងច្បាស់លាស់ដើម្បី​​កុំឱ្យបាត់បង់ប្រយោជន៍កម្ពុជា។​

សូមបញ្ជាក់ថា គម្រោងទិដ្ឋាការ «ប្រទេស៦ គោលដៅមួយ» ​ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលថៃ ​​​ក្នុងអាណត្តិ​ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ​សេដ្ឋា ថៈវីស៊ីន​ ក្នុងគោលបំណង​​ផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ប្រទេសជាសមាជិកអាស៊ានចំនួន​ ៦ប្រទេស ជាពិសេសជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនជាងមុន។ ​​ប្រទេសទាំង៦ ដែលថៃកំណត់នៅក្នុងគម្រោងរបស់ខ្លួននោះរួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និងប្រទេសថៃ។​

សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា និងថៃបានរួមគ្នាធ្វើយុទ្ធនាការ «ព្រះរាជាណាចក្រពីរ ទិសដៅមួយ» ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ដ៏មានសក្តានុពលនៃប្រទេសទាំងពីរ ដើម្បីបង្កើនចំនួនទេសចរក្រៅតំបន់អាស៊ាន។ ក្រៅពីនេះ កម្ពុជាក៏បានព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលវៀតណាម និងឡាវតាមរយៈការបង្កើតនូវកញ្ចប់ទេសចរណ៍៣ប្រទេសរួមគ្នា។ លើសពីនេះ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាលកម្ពុជា ថៃ និងវៀតណាម បានប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងផ្លូវសមុទ្រតភ្ជាប់ខេត្តព្រះសីហនុ ជាមួយខេត្តត្រាតប្រទេសថៃ និងខេត្តគៀនយ៉ាងរបស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា