របាយការណ៍IFC៖ កម្ពុជាត្រូវការវិនិយោគ៣៦ពាន់លានដុល្លារ ដើម្បីសម្រេចអព្យាក្រឹតកាបូន ឆ្នាំ២០៥០
21-តុសា-2024
របាយការណ៍មួយ ដែលចេញផ្សាយដោយអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) នៅសប្តាហ៍នេះបានលើកឡើងថា កម្ពុជាត្រូវការវិនិយោគពីរដ្ឋ និងវិស័យឯកជន ចំនួន ៣៦ពាន់លានដុល្លារ ដើម្បីសម្រេចគោល ដៅរបស់ខ្លួនក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាប់ពីឆ្នាំ២០២៣-២០៥០ និងដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ បើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុទេ នោះកម្ពុជានឹងខាតបង់រហូតដល់ ៩%នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០៥០។ នេះបើតាមរបាយការណ៍របស់អង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ជាភាសាអង់គ្លេសថា IFC។
ដើម្បីដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងជួយជំរុញប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឲ្យមាននិរន្ដរភាព អង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) បានសហការជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីបង្កើនសមត្ថភាពស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក តាមរយៈការបណ្ដុះបណ្ដាលដល់មន្រ្តីធនាគារក្នុងប្រទេសកម្ពុជា ឱ្យយល់ដឹងពីហិរញ្ញប្បទានបៃតង។
ក្នុងកម្មវិធីបណ្តុះបណ្តាលកាលពីថ្ងៃទី១៧ តុលា ដែលមានអ្នកតំណាងមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ប្រមាណ ១៣០រូប លោកស្រី Towfiqua Hoque តំណាងអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា គេមិនអាចមើលរំលងសារសំខាន់នៃចីរភាពហិរញ្ញវត្ថុ។ គេមិនអាចគិតតែពីមធ្យោបាយដើម្បីកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុតែប៉ុណ្ណោះទេ ប៉ុន្តែគេត្រូវឆេះឆក់ យកឱកាសដែលភ្ជាប់មកជាមួយការផ្លាស់ប្តូរបៃតងផងដែរ។
លោកស្រីតំណាងអង្គការសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំប្រទេសកម្ពុជារូបនេះ បានអះអាងថា តាមរយៈការរួមបញ្ចូលការពិចារណាលើបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ គេអាចបង្កើតសេដ្ឋកិច្ចមួយដែលមានភាពធន់ និងបរិយាប័ន្នកាន់តែច្រើន ឬគេអាចពន្យល់ដោយសម្រាយថា (សេដ្ឋកិច្ចដែលមានភាពរឹងមាំ ធន់ និងអាចឱ្យបុគ្គល ឬក្រុមណាមួយអាចទទួលបានផលមកវិញ គ្រប់គ្នា ដោយមិនរើសអើង)។
បច្ចុប្បន្ននេះ កត្តាជាច្រើនបានរារាំងសក្តានុពលហិរញ្ញប្បទានបៃតងរបស់កម្ពុជា ក្នុងនោះរួមមាន ការខ្វះការណែនាំស្តីពីលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាហិរញ្ញវត្ថុបៃតង និងគោលនយោបាយបៃតងមានកម្រិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដើម្បីច្នៃប្រឌិត និងណែនាំការអនុវត្តហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ នេះបើតាមការបញ្ជាក់របស់លោកស្រី Hoque ដដែល។
លោក ឌិត សុចាល សមាជិកក្រុមប្រឹក្សាធនាគារនៅកម្ពុជា និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាព បានលើកឡើងថា កម្ពុជាបានមកដល់ចំណុចមួយ ដែលការប្រែប្រួលអាកាសធាតុបានជះ ផលប៉ះពាល់ជាក់ស្តែង។ ដូច្នេះ ធនាគារនៅកម្ពុជាមានតម្រូវការបន្ទាន់ ក្នុងការកសាងសមត្ថភាព និងជំនាញគ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងប្រកបដោយប្រសិទ្ធភាព។
របាយការណ៍ស្តីពី ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍរបស់ធនាគារពិភពលោក បានប៉ាន់ប្រមាណថា បើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ កម្ពុជាអាចខាតបង់រហូតដល់ ៩%នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៥០។ នេះក៏ដោយសារប្រទេសកម្ពុជា ជាប្រទេសងាយរងគ្រោះខ្លាំងពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនៃកំពស់ទឹកសមុទ្រ។
គួរដឹងថា កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក បានអនុម័តក្របខ័ណ្ឌភាពជាដៃគូជាមួយកម្ពុជា ពីឆ្នាំ ២០២៥-២០២៩ ដែលផ្តោតលើការលើកកម្ពស់ធនធានមនុស្សរបស់ប្រទេស ដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ