កម្ពុជា-ឥណ្ឌូណេស៊ី មានសុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យ
21-តុសា-2024
នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ទី ១៩ ខែតុលា បានជួបពិភាក្សាជាមួយលោក Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ប្រមុខរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី គឺលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២០តុលានេះ។
នៅមួយថ្ងៃមុនចូលរួមក្នុងពិធីចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំថ្មី របស់ឥណ្ឌូណេស៊ី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បង្ហាញលើបណ្ដាញសង្គមដំបូងគេ គឺជំនួបជាមួយលោកអតីតអនុប្រធានាធិបតីឥណ្ឌូណេស៊ី Mohd Jusuf Kalla នៅទីក្រុងហ្សាកាតា។ បើតាមគណនីហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាលកម្ពុជា នៅក្នុងជំនួបនោះ ភាគីកម្ពុជា និងឥណ្ឌូណេស៊ី មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូណេស៊ី និង ពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការទំនាក់ទំនងនៅគ្រប់កម្រិត និងគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ (ក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល វិស័យឯកជន និងវិស័យឯកជន គណបក្សនិងគណបក្ស)។
ភាគីកម្ពុជា និងឥណ្ឌូណេស៊ីបានចាត់ទុកសុទិដ្ឋិនិយមនេះថា ជាកត្តារួមចំណែកដល់ភាពរឹងមាំនៃទំនាក់ទំនងប្រទេសទាំងពីរ។
បន្ថែមពីនេះ ទាំងលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត និងលោក Mohd Jusuf Kalla បានជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ប្រជាជន និងប្រជាជន។ ការជំរុញវិស័យទេសចរណ៍ ពិសេសជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា និងឥណ្ឌូនណេស៊ី។
ទោះបីជាកម្ពុជា និងឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យជាមួយគ្នា តែបើមើលទៅលើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ បានធ្លាក់ចុះបន្តិច ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឥណ្ឌូណេស៊ី មានទំហំទឹកប្រាក់សរុបជិត ៧៤០លានដុល្លារ (៧៣៩,៧៣ លានដុល្លារ) ខណៈ៨ខែ ឆ្នាំ២០២៣ មានច្រើនជាង៧៤០លានដុល្លារ (ប្រមាណ ៧៤២,០៧ លានដុល្លារ)ពោលគឺធ្លាក់ចុះ ០.៣ %។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃអាទិត្យនេះថា លោកសង្ឃឹមថា ជំនួបរវាងប្រទេសទាំងពីរ នឹងជំរុញឱ្យមានកំណើនសេដ្ឋកិច្ច និងការជួញដូរពាណិជ្ជកម្មទ្វេភាគីកើនឡើង ព្រោះថា ក្នុងចំណោមប្រទេសអាស៊ាន ឥណ្ឌូណេស៊ីគឺជាទីផ្សារដ៏ធំមួយរបស់កម្ពុជា (ទីផ្សារជិត៣០០លាននាក់)។
គួរឱ្យដឹងថា ការដាក់សុទិដ្ឋិនិយមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត និងគ្រប់វិស័យរវាងកម្ពុជា និងឥណ្ឌូណេស៊ីនៅពេលនេះ ធ្វើឡើងអំឡុងពេលដែលឥណ្ឌូណេស៊ីត្រូវមានប្រធានាធិបតីថ្មី លោកប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ដែលត្រូវចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ តុលានេះ។ ក្នុងលិខិតផ្ញើទៅអបអរប្រធានាធិបតីថ្មី លោក ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការជឿជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី នឹងបន្ដពង្រឹង ពង្រីកទំនាក់ទំនងកម្ពុជា និងឥណ្ឌូណេស៊ីបន្ថែមទៀត ខណៈប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងគ្នា តាំងពីឆ្នាំ១៩៥៧មក៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ