បន្ទាប់ពីបន្ទាបការប្រាក់ និងបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទិញផ្ទះ រដ្ឋាភិបាលចិន បានប្រកាសនៅថ្ងៃទី១៧ តុលា នេះ ថាគេនឹងបង្កើនការផ្តល់កម្ចី ក្នុងទំហំ៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ៥៦០ពាន់លានដុល្លារ ទៅឲ្យគម្រោងអចលនទ្រព្យមួយចំនួន ដែលនៅជាប់គាំង សង់មិនទាន់រួចរាល់។ នេះគឺជាវិធានការថ្មីមួយទៀត របស់អាជ្ញាធរចិន ដើម្បីជំរុញផ្តល់សន្ទុះដល់វិស័យអចលនទ្រព្យ ដែលនៅជាប់គាំង។ តែយ៉ាងណា អ្នកជំនាញខ្លះមិនជឿថា វិធានការទាំងនេះ អាចជួយដល់សេដ្ឋកិច្ចចិនជាទូទៅ ដែលកំពុងតែជួបការលំបាកឡើយ។
អាជ្ញាធរចិននឹងបង្កើនការផ្តល់កម្ចី ពីនេះដល់ដាច់ឆ្នាំ២០២៤ ទៅឲ្យគម្រោងអចលនទ្រព្យមួយចំនួន ដែលនៅជាប់គាំងសង់មិនទាន់រួច។ ទំហំកម្ចីថ្មីនេះ មានទឹកប្រាក់ចំនួន ៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ ៥៦០ពាន់លានដុល្លារ។ នេះបើផ្អែកតាមប្រកាស របស់លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានចិន នៅក្នុងសន្និសីទកាសែត នៅទីក្រុងប៉េកាំង ថ្ងៃទី១៧ តុលា។ លោករដ្ឋមន្ត្រីអះអាងថា នេះគឺជាវិធានការថ្មីមួយថែមទៀត ដើម្បីជួយជំរុញផ្តល់សន្ទុះដល់វិស័យសំណង់ អចលនទ្រព្យ និងជួយដល់សេដ្ឋកិច្ចចិនជាទូទៅ។ លោក Ni Hong បានឲ្យទៀតថា លំនៅដ្ឋានប្រមាណជា១លានទីតាំង ដែលចាស់ទ្រុឌទ្រោម ស្ថិតនៅក្នុងភូមិតាមទីក្រុង នឹងត្រូវជួសជុលកែលម្អ តាមរយៈការការសើរើរៀបចំកញ្ចប់ហិរញ្ញវត្ថុថ្មី។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២៤នេះ រដ្ឋាភិបាលចិនបានបង្កើតប្រព័ន្ធបញ្ជីសមួយ ដែលអាជ្ញាធរមូលដ្ឋាន អាចផ្តល់អនុសាសន៍ ទៅកាន់ធនាគារ ថាត្រូវជួយផ្តល់ថវិកាកម្ចី ទៅឲ្យគម្រោងសាងសង់ណាមួយ ដែលមានអាទិភាពមុនគេ។ នៅក្នុងកម្មវត្ថុជួយរំដោះគម្រោងដែលស្ទះ សង់មិនរួចព្រោះគ្មានប្រាក់នេះ រដ្ឋចិនធ្លាប់បានប្រកាស បង្កើនទំហំប្រាក់កម្ចីម្តងហើយ ដែលមានចំនួនប្រមាណ ២២៣០ពាន់លានយ៉ន់ ពោលគឺតិចជាងលើកនេះ ជិតពាក់កណ្តាល។
គួរកត់សំគាល់ថា ប៉ុន្មានសប្តាហ៍មកនេះ រដ្ឋាភិបាលចិនបានចេញវិធានការជាបន្តបន្ទាប់ ដើម្បីជួយដល់វិស័យអចលនទ្រព្យ ដែលជាប់គាំងតាំងតែពីឆ្នាំ២០២០មកម្លេះ។ ធនាគារកណ្តាលចិន បានទាញទម្លាក់អត្រាការប្រាក់គោលសម្រាប់កម្ចីអចលនទ្រព្យ និងបានទាញទំលាក់ទំហំប្រាក់បំរុងតម្កល់តាមធនាគារទៀត ដើម្បីអនុញ្ញាតឲ្យធានាគារចិន អាចបញ្ចេញប្រាក់ឲ្យគេខ្ចីឲ្យកាន់តែច្រើន។ បន្ថែមពីនេះ អាជ្ញាធរតាមទីក្រុងធំៗមួយចំនួន ដូចជា ប៉េកាំង សៀងហៃ ឆឹងទូ ឬធានជីងជាដើម បានដកចេញនូវលក្ខខណ្ឌមួយចំនួន ដែលធ្លាប់រារាំងការទិញផ្ទះលើសពី២ ឬ៣ជាដើម។ លោក Tao Ling ទេសាភិបាលរងធនាគារកណ្តាលចិន បានលើកឡើងថា វិធានការទាំងអស់នេះ នឹងអនុញ្ញាតឲ្យប្រជាជនចិនប្រមាណ ១៥០លាននាក់ អាចទទួលបានអត្ថប្រយោជន៍។
តែយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួន ដែលបានចូលរួមស្តាប់ សន្និសីទកាសែតរបស់រដ្ឋាភិបាលចិន នៅថ្ងៃទី១៧ តុលា បានលើកឡើងថា គេនៅតែមិនជឿថា វិធានការថ្មីៗទាំងនេះ នឹងជួយជាក់ស្តែងដល់ការផ្តល់សន្ទុះក្នុងវិស័យអចលនទ្រព្យរបស់ចិនឡើយ។ លោក Stephen Innes អ្នកវិភាគនៅ SPI Asset Management បានលើកឡើងថា ទីផ្សារហាក់ដូចជាមិនត្រេកអរជាមួយវិធានការថ្មីនេះទេ ព្រោះថាត្រឹមតែសំដីប្រកាសវិធានការ ត្រង់នេះបន្តិចត្រង់នោះបន្តិច គឺវាមិនអាចទៅដោះស្រាយបញ្ហាអ្វីបានទេ ដល់ទីផ្សារអចលនទ្រព្យចិន ដែលពោរពេញដោយភាពអនាធិបតេយ្យ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com