លោក ហ៊ុន ម៉ាណែត ថា WTOជួយផ្លាស់ប្តូរមុខមាត់កម្ពុជានារយៈពេល ២០ឆ្នាំ កន្លងទៅនេះ
16-តុសា-2024
កាលពី២០ឆ្នាំមុន ពោលក្នុងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៤៨ របស់អង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ជាភាសាអង់គ្លេស WTO។ នៅក្នុងខួប ២០ឆ្នាំ នៃការចូលជាសមាជិក WTO នេះ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងថា អង្គការអន្តរជាតិមួយនេះ បានជួយផ្លាស់ប្តូរមុខមាត់កម្ពុជា ពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។ បើតាមលោក ហ៊ុន ម៉ាណែត កម្ពុជាក៏កំពុងបោះជំហានក្លាយទៅជាប្រទេសដែលនឹងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៩ ខាងមុខ។
គិតត្រឹមថ្ងៃទី១៣ តុលា ឆ្នាំ ២០២៤ គឺមានរយៈពេល ២០ឆ្នាំគត់ ដែលប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ជាភាសាអង់គ្លេស WTO។ ថ្លែងក្នុងឱកាសខួប២០ឆ្នាំនៃការចូលជាសមាជិករបស់អង្គការអន្តរជាតិមួយនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចាត់ទុកព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍សំខាន់បែបប្រវត្តិសាស្ត្រក្នុងការឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា។ ចំពោះ លោក ហ៊ុន ម៉ាណែត កម្ពុជាពិតជាដឹងគុណអង្គការ WTO ដែលបានជួយឱ្យកម្ពុជាអាចផ្លាស់ប្តូរមុខមាត់ពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥។
ជាងនេះទៅទៀត និងបើតាម លោក ហ៊ុន ម៉ាណែត កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងបន្តជំរុញឱ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ នាយករដ្ឋមន្ត្រីកម្ពុជារូបនេះដដែលបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលបាន នឹងកំពុងរៀបចំយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយ ឬលុបបំបាត់ផលប៉ះពាល់អវិជ្ជមាន ដែលកើតចេញពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការជំនួយអន្តរជាតិនានា បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសក្រីក្រ ឬពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ ខាងមុខ។ គួររម្លឹកថា ទំរាំបានចូលជាសមាជិកទី១៤៨ របស់ WTO ជាផ្លូវការក្នុងថ្ងៃទី១៣ តុលា ឆ្នាំ២០០៤ កម្ពុជាបានចំណាយពេលចរចា និងរង់ចាំអស់រយៈពេល ១០ឆ្នាំ។
បច្ចុប្បន្ន អង្គការ WTO មានសមាជិកសរុបចំនួន ១៦៦ប្រទេស។ សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិករបស់អង្គការ WTO នារយៈពេល ២០ឆ្នាំ កន្លងទៅនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរដោយទទួលបានការកាត់បន្ថយពន្ធគយពីប្រទេសជាសមាជិកផ្សេងទៀត។ ក្រៅពីផលចំណេញច្រកចូលទីផ្សារសកល កម្ពុជាក៏ទទួលបានជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល ការធ្វើពិពិទកម្មការនាំចេញ ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់ផ្សេងៗរបស់កម្ពុជាផងដែរ។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន ថៃ វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ ធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងតំបន់អាស៊ី។ គួរជម្រាបជូនថា តាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា ផលិតផលសរុបក្នុងស្រុក ឬហៅ GDP ក្នុងឆ្នាំ ២០០៤ មានប្រមាណ ៥,៣ពាន់លានដុល្លារ។ នៅ ១៨ឆ្នាំក្រោយមក ពោលក្នុងឆ្នាំ ២០២២ GDP បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារ។
ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី ១១០លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ រីឯទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារ នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់រហូតដល់ ៤៧,៨៨ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ២៣,៤៧ ពាន់លានដុល្លារ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ