៥០ឆ្នាំចុងក្រោយ សត្វព្រៃ សត្វសមុទ្រ ត្រីទឹកសាប ត្រូវរងគ្រោះបាត់បង់ចំនួនជាង ៧០%។ នេះបើតាមរបាយការណ៍ថ្មីរបស់អង្គការមូលនិធិសត្វព្រៃពិភពលោក WWF។ ក្រៅពីទាញសញ្ញាអាសន្ន និងសម្តែងក្តីព្រួយបារម្ភខ្លាំង អង្គការអភិរក្សធម្មជាតិ WWF ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលនីមួយៗត្រូវចាត់វិធានាការសង្គ្រោះសត្វ ជាបន្ទាន់។ ការសិក្សាថ្មីរបស់អង្គការWWFនេះ ផ្សាយចេញនៅមុនពេល១០ថ្ងៃ នៃកិច្ចប្រជុំសន្និសីទស្តីពីការអភិរក្សប្រព័ន្ធជីវៈចម្រុះ Cop16 នៅប្រទេសកូឡុំប៊ី។ រូបភាពតំណាង។ ដំរីនៅអាហ្វ្រិកខាងត្បូង (Stacy Howell)
ពី១ឆ្នាំ ទៅ១ឆ្នាំ ប្រព័ន្ធជីវៈចម្រុះ ចេះតែចុះអន់ថយទៅៗ។ ត្រឹមតែកន្លះសតវត្សរ៍នេះសោះ ចំនួនសត្វព្រៃ បាត់បង់អស់ចំនួនប្រមាណជា ៧៣%។ ពោលគឺបាត់បង់សត្វ ២ភាគ៣ នៅលើភពផែនដី ដែលការបាត់បង់នេះ ក្តោបរួមទាំង ថនិកសត្វ (សត្វចិញ្ចឹមកូនដោយទឹកដោះ) បក្សី មច្ឆា សត្វល្មូន និងថលជលិក (ជាប្រភេទសត្វដែលអាចរស់នៅលើគោកផងនិងក្នុងទឹកផង ឧទាហរណ៍ កង្កែប ក្រពើ…)។ នេះបើតាមការបញ្ជាក់ក្នុងរបាយការណ៍ថ្មី របស់អង្គការមូលនិធិសាកលអភិរក្សធម្មជាតិ ហៅកាត់ថា WWF។
របាយការណ៍ ក្រោមចំណងជើងថា «ជីវិតលើភពផែនដី» ត្រូវអង្គការអភិរក្សធម្មជាតិ WWF សិក្សា តាមដាន សង្កេត និងប្រៀបធៀបចំនួនសត្វស្ទើរគ្រប់ប្រភេទលើពិភពលោក ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២០។ ជាលទ្ធផលបង្ហាញថា ក្នុងរយៈពេល ៥០ឆ្នាំនេះ សត្វសមុទ្រ ថយចុះ៥៦% និងសត្វលើគោក ថយចុះ៦៩% ហើយសត្វ ដែលរំពឹងរស់នៅក្នុងប្រព័ន្ធជីវចម្រុះទឹកសាប បានរងគ្រោះធ្ងន់ធ្ងរជាងគេ ថយចំនួនបាត់បង់រហូតដល់ ៨៥% ឯណោះ។
មូលហេតុចម្បងៗ ដែលបង្កនាំឲ្យវិនាសកម្មបាត់បង់សត្វទាំងនេះ ក៏ព្រោះតែសកម្មភាពមនុស្ស ដែលធ្វើឲ្យខូចប្រព័ន្ធជីវៈចម្រុះ ការបំផ្លាញជម្រករបស់ពួកវា តាមរយៈការទាញយកផលពីព្រៃឈើហួសកម្រិត ឬការកាប់បំផ្លាញព្រៃ ការសាងផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ និងទំនប់វារីអគ្គិសនីដែលខាតចែកទន្លេ ជាដើម។ ការប្រែប្រួលផ្លាស់ប្តូរអាកាសធាតុ ជាហេតុបង្កធំទី២ ធ្វើឲ្យងាប់សត្វទាំងនោះដែរ តែការប្រែប្រួលធាតុអាកាសនេះ ក៏ទាក់ទងយ៉ាងស្និទ្ធនឹងទង្វើរបស់មនុស្សនៅក្នុងឧស្សាហកម្ម។ មូលហេតុផ្សេងទៀត ដែលធ្វើឲ្យបាត់បង់សត្វនោះ កើតចេញពីការបំពុលបរិស្ថាន សកម្មភាពនេសាទ ឬប្រមាញ់សម្លាប់លើសកម្រិត សកម្មភាពខុសច្បាប់ផ្សេងៗទៀត….
នាយកកម្មវិធីនៃអង្គការមូលនិធិសត្វព្រៃពិភពលោកWWF លោក Yann Laurans បានពន្យល់ថា សត្វជាផ្នែកដ៏សំខាន់របស់ធម្មជាតិ។ ប្រព័ន្ធធម្មជាតិដំណើរការល្អ វាជួយរំដោះគ្រោះកំណាចធម្មជាតិ គ្រោះរញ្ជួយដី គ្រោះទឹកជំនន់ ខ្យល់ព្យុះ…. ក៏ប៉ុន្តែ នៅពេលដែលបាត់បង់សត្វ បាត់បង់ស្មៅ បាត់បង់ព្រៃឈើ នោះនឹងគ្មានអ្វីជួយទប់ទល់រំដោះគ្រោះកំណាចធម្មជាតិទៀតទេ។ទន្ទឹមនឹងគ្នានេះ លោកស្រី Véronique Andrieux អគ្គនាយិការអង្គការអភិរក្សធម្មជាតិ WWFប្រចាំប្រទេសបារាំង បានដាស់តឿនថា ពេលវេលាមកដល់ហើយ ដែលត្រូវតែគេចាត់វិធានការបន្ទាន់បំផុត ដើម្បីសង្គ្រោះសត្វព្រៃ និងអភិរក្សស្តារធម្មជាតិ ដែលខូចខាតខ្លាំងណាស់ទៅហើយ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com