banner1
ពលរដ្ឋ​ខ្មែរ​ជាង ​២,៥​លាន​នាក់​ មាន​បណ្ណ ​ប.ស.ស ​គិតត្រឹម​ដើមខែ​តុលា ​ឆ្នាំ​២០២៤

 9-តុសា-2024

ក្រសួង​ការងារ​កម្ពុជា​បានឲ្យ​ដឹងថា ​មាន​ពលរដ្ឋខ្មែរ​ជាង​ ២,៥​លាននាក់​ ទទួលបាន​បណ្ណ​បេឡាជាតិ​សន្តិសុខ​សង្គម​ហៅកាត់​ ប.ស.ស.​គិតចាប់ពី​ចុងឆ្នាំ​២០០៨ ​មកត្រឹម​ដើមខែ​តុលា ​ឆ្នាំ​២០២៤ នេះ​។ ​សង្គមស៊ីវិល​ និង​អ្នកប្រកប​មុខរបប​ក្រៅប្រព័ន្ធ​នានា​មើល​ឃើញថា ​ការ​ទទួលបាន​សេវា​សុខាភិបាល​តាមរយៈ​ ប.ស.ស.​ មានភាព​ប្រសើរឡើង​ច្រើន​បើធៀប​នឹង​អតីតកាល​ ដែលពួកគេ​មិនមាន​អ្វីសោះ​ក្នុងការ​ថែទាំ​សុខភាព​ និង​ពេល​ជួបគ្រោះថ្នាក់​ការងារ​។

សមាជិក ប.ស.ស កំពុងទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យ © ការងារ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថា ក្នុងចំណោមសមាជិកបេឡាជាតិសន្តិសុខសង្គម​(ប.ស.ស.) ទាំងជាង ២,៥ លាននាក់ មានបុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៨០ ០០០នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួនជិត ១,៦លាននាក់ បុគ្គលស្វ័យនិយោជន៍ចំនួនជាង ៣៦០ ០០០នាក់ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ជាង ១១០ ០០០នាក់។ ជាការកត់សម្គាល់ ចំនួនសមាជិកបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច មានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

ចំណែកតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ របបភាគទានជាកាតព្វកិច្ច និងដោយស្ម័គ្រចិត្តមានការកើនឡើងក្នុងឆ្នាំ២០២៤ នេះ។ តាមលោក កត្តា អ៊ន នេះបង្ហាញថាពលរដ្ឋបានគាំទ្រ និងមានជំនឿលើអត្ថប្រយោជន៍របស់ ប.ស.ស ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ទទួលស្គាល់ថា ការទទួលបានសេវាថែទាំសុខភាពតាមរយៈ ប.ស.ស. ពេលនេះមានការប្រសើរឡើងបើធៀបទៅនឹង ៥-៦ឆ្នាំមុន ពិសេសនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុងភ្នំពេញ។

តែលោក វន់ ពៅ យល់ឃើញថា សេវាសុខាភិបាលតាមរយៈ ប.ស.ស. នៅតាមមន្ទីរពេទ្យខេត្ត និងគ្លីនិកឯកជនមួយចំនួនដែលជាដៃគូជាមួយ ប.ស.ស. នៅមានកំរិតនៅឡើយ។ ដោយឡែក លោក សុខ ឈុនអឿង ប្រធានប្រតិបត្តិសមាគមកម្មករកម្ពុជា សេដ្ឋកិច្ចក្រៅប្រព័ន្ធ(CIWA) ក៏បានយល់ថា ប.ស.ស. បានជួយដល់សមាជិករបស់លោកដែលកំពុងរស់នៅក្នុងបន្ទាត់ជីវភាពក្រីក្រ។

ទោះជាយ៉ាងណា លោក កត្តា អ៊ន បានពន្យល់ថា ក្រសួងការងារបានពង្រឹងក្រមសីលធម៌ និងយកចិត្តទុកដាក់ជាមួយមន្ទីរពេទ្យជាដៃគូទាំងរដ្ឋ និងឯកជនក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងគ្មានការរើសអើង។

ក្នុងករណីសមាជិក ប.ស.ស. មិនពេញចិត្តនឹងសេវា ប.ស.ស. ណាមួយ ពួកគេអាចជូនដំណឹងទៅក្រសួងការងារដើម្បីក្រសួងមានវិធានការកែលម្អសេវាឲ្យប្រសើរឡើងថែមទៀត។ នេះបើតាមលោក កត្តា អ៊ន៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 138
ឯកសារពិគ្រោះ : 487
ឯកសារច្បាប់ : 168
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា