banner1
កម្ពុជា នឹងបង្កើតស្ថានីយ៍វាយោអគ្គិសនី ជាលើកដំបូង

 7-តុសា-2024

លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា រដ្ឋាភិបាលកម្ពុជាទើបអនុម័តគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន២៣គម្រោង ដែលមានតម្លៃជាង៥ពាន់លានដុល្លារ ហើយក្នុងនោះក៏មានគម្រោងផលិតអគ្គិសនី ដែលបានមកពីថាមពលកកើតឡើងវិញ វាយោអគ្គិសនីជាលើកដំបូង។ លោក កែវ រតនៈ អះអាងថា គម្រោងវិនិយោគទាំង២៣ នឹងអាចដោះស្រាយបញ្ហាប្រឈមនឹងការខ្វះខាតអគ្គិសនី ខណៈដែលការប្រើប្រាស់កំពុងកើនឡើង។

ថ្លែងនៅក្នុងកម្មវិធី ស្ដីពី «គោលនយោបាយថាមពលកម្ពុជា» លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គម្រោងវិនិយោគចំនួន ២៣ ដែលមានតម្លៃសរុប ៥៧៩០លានដុល្លារអាមេរិក អាចផ្ដល់ថាមពលអគ្គិសនីសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដល់កម្ពុជា។ លោកមិនភ្លេចបញ្ជាក់ថា ថាមពលទាំងនេះ សុទ្ធតែជាថាមពលស្អាតស្អំ ដែលបានមកពីថាមពលព្រះអាទិត្យ ឈរលំដាប់លេខ១ ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣។

បើតាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម លោករដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល អះអាងថា ការអភិវឌ្ឍគម្រោង ២៣នេះ អាចផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ និងទាន់ពេល ស្របតាមកំណើននៃតម្រូវការដែលកំពុងកើនឡើង។  គេអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ព្រមទាំងផ្ដល់តម្លៃសមរម្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ និងគ្រប់ទីកន្លែង។

បើតាមលោក កែវ រតនៈ ដដែល គម្រោងទាំង២៣ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា តាមរយៈការកាត់បន្ថយលើការនាំចូលថាមពលពីក្រៅប្រទេស និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុក។  គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង២៣ រួមមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន១២ គម្រោងថាមពលខ្យល់ ចំនួន៦ គម្រោងជីវម៉ាសផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន១ គម្រោងផលិតអគ្គិសនីដើរដោយថាមពលឧស្ម័នចំនួន១ គម្រោងវារីអគ្គិសនី ចំនួន១ និងគម្រោងស្ថានីយស្តុកថាមពល ចំនួន២។

ចំពោះគម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ជាលើកដំបូង លោក កែវ រតនៈ រំលេចថា នឹងមានការវិនិយោគក្នុងខេត្តមណ្ឌលគិរី ព្រោះខេត្តប៉ែកឦសាន្តសម្បូរទៅដោយខ្យល់។  គម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នឹងផ្ដល់ថាមពលសរុបចំនួន ៩០០មេហ្គាវ៉ាត់។

លោក ហេង គឹមហុង នាយកប្រតិបត្តិសមាគមបណ្ដាញយុវជនកម្ពុជា បានប្រាប់វិទ្យុបារាំងអន្ដរជាតិRFI នៅថ្ងៃទី៥ តុលា នេះថា ការឈានទៅរកអធិបតេយ្យភាពអគ្គិសនីជារឿងសំខាន់មួយ ដែលនាំឱ្យកម្ពុជាកាន់តែឯករាជ្យផ្នែកអគ្គិសនី។ តែនាយកប្រតិបត្តិសមាគមរូបនេះលើកឡើងថា រដ្ឋាភិបាលគួរតែគិតពីម៉ាក្រូថាមពលបន្ថែមទៀតដែរ ដើម្បីជំរុញការប្រើប្រាស់ថាមពលនៅតាមសហគមតូចៗ ជាជាងរង់ចាំតែការវិនិយោគធំៗ។

ទន្ទឹមនឹងការវិនិយោគថ្មីៗបែបនេះ លោក ហេង គឹមហុងថា រដ្ឋាភិបាលគួរពិចារណាបញ្ចុះតម្លៃថាមពលអគ្គិសនី និងគិតគូរពីការវិនិយោគទាំងនោះ កុំឱ្យប៉ះពាល់ដល់ពលរដ្ឋសហគមន៍ ព្រោះកន្លងមក ការវិនិយោគនៅវារីអគ្គិសនីសេសាន២ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងមិនទាន់មានដំណោះស្រាយរហូតដល់ពេលនេះ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 391
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា