ពីទីក្រុងតូក្យូ រដ្ឋមន្ត្រីបរទេសថ្មីរបស់ជប៉ុន លោក តាកេស្ហ៊ី អ៊ីវ៉ាយ៉ា ប្រកាសពីចេតនាចង់ស្តារទំនាក់ទំនងទ្វេភាគីជាមួយចិនប៉េកាំង ដែលចំណងមេត្រីភាពនេះ ត្រូវឈរលើស្មារតីបែងចែកផលប្រយោ ជន៍រួម និងឋិតឋេរស្ថិរភាព។ ប្រមុខការទូតជប៉ុន ក៏ថ្លែងក្តីសង្ឃឹមថា នឹងបានជួបសន្ទនាឆាប់ៗ ជាមួយនឹងប្រមុខការទូតចិន លោក វ៉ាង យី ដើម្បីដោះដូរមតិគ្នា និងជជែកពិភាក្សាគ្នាដោយស្មោះត្រង់។
ប្រសាសន៍ដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជាលើកទី១ បន្ទាប់ពីរដ្ឋសភាអនុម័តយល់ព្រមផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលថ្មី របស់លោក ស្ហ៊ីហ្គេរុ អ៊ីស្ហីបា នៅថ្ងៃអង្គារ ទី១ តុលា។
នៅថ្ងៃពុធ ប្រធានាធិបតីចិន បានថ្លែងសារអបអរសារទ ចំពោះលោក ស្ហ៊ីហ្គេរុ អ៊ីស្ហីបា ដែលបានឡើងអង្គុយកៅអីនាយករដ្ឋមន្ត្រី ជាផ្លូវការ។ កាសែតរដ្ឋចិនស៊ីហួរ ស្រង់សម្តីរបស់ប្រមុខរដ្ឋលោក ស៊ី ជីនពីង ទៅផ្សាយថា ជប៉ុន និងចិន ជាប្រទេសមានព្រំដែនទឹកជាប់គ្នា អាចនឹងជជែកស្តាប់គ្នា ដើម្បីកសាងទំនាក់ទំនងប្រកបដោយក្តីស្ថាបនា និងឋិតឋេរ។
ចំពោះរដ្ឋមន្ត្រីការបរទេសជប៉ុន, ប្រទេសទាំងពីរ ចិន និងជប៉ុន មានចំណោទបញ្ហាច្រើន និងឧបសគ្គក៏ច្រើនដែរ ដែលនៅគាំស្ទះ តែក្នុងពេលដំណាលគ្នានេះ ក៏មានលទ្ធភាពនិងសក្កានុពលច្រើនណាស់ដែរ។ ប្រទេសជិតខាងទាំងពីរ ជាប្រទេសធំ មានទម្ងន់ការទទួលខុសត្រូវដ៏មានសារៈខ្លាំង នៅក្នុងការរក្សាសន្តិភាព កសាងស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់អាស៊ី និងក្នុងសហគមន៍អន្តរជាតិ។ ជប៉ុនក៏រង់ចាំមើលប្រទេសធំ ដូចចិនរៀបចំឫកពាសកម្មភាពប្រកបដោយការទទួលខុសត្រូវ។
ចំពោះបន្ទាត់ការបរទេសជប៉ុន ត្រូវលោកប្រមុខទូត តាកេស្ហ៊ី អ៊ីវ៉ាយ៉ា អះអាងថា រក្សាជំហរដាច់ខាតការពារផលប្រយោជន៍ជូនជាតិ។ ក្នុងន័យនេះ ជប៉ុនប្រឆាំងនឹងចេតនាទាំងឡាយណា ដែលចង់កែប្រែស្ថានភាពសណ្តាប់ធ្នាប់ Status quo នៅអាស៊ី ហើយទន្ទឹមនឹងគ្នានោះ ជប៉ុន ក៏កសាងទំនាក់ទំនងឈរលើស្មារតីទុកចិត្តគ្នា បន្តជជែកសន្ទនាគ្នា ជាមួយភាពអត់ធ្មត់ និងប្រយ័ត្នប្រយែង។
ផ្ទុយពីសម្តីបែបការទូត, លោក ហ្គេន ណាកាតានី រដ្ឋមន្ត្រីការការពារជាតិជប៉ុន ដែលទើបតែងតាំងថ្មីនៅអង្គារ បានចាត់ទុក រដ្ឋអំណាចចិនថា ជាប្រភពគ្រោះថ្នាក់មួយគួរឲ្យព្រួយបារម្ភខ្លាំង ព្រោះតែចិនបង្កើនកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសម្បើម ហើយនិងសកម្មភាពយ៉ាងគឃ្លើនរបស់នាវាចិន នៅដែនសមុទ្រ៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr.kh