banner1
ជប៉ុន ​កំពុង​​ព្រួយ​​ខ្វះអង្ករ

 3-តុសា-2024

ពេល​នេះ ប្រទេសជប៉ុន មហាអំណាច​សេដ្ឋកិច្ច​​លំដាប់ទី​៤លើពិភពលោក កំពុងតែ​ខ្វះអង្ករ នៅ​ក្នុង​ជង្រុក និងនៅកន្លែងស្តុក​សម្រាប់​លក់ដូរ​។​ ប្រជាជន​ជប៉ុន ដែល​ទទួល​ទាន​អង្ករ​ជាមូលដ្ឋានចំណីអាហារ​ កំពុងតែ​​ព្រួយបារម្ភ​ពីខ្វះស្បៀង​អង្ករ​​ ព្រោះ​​​លំបាក​រក​ទិញអង្ករ ហើយ​តម្លៃអង្ករ ទៀត​សោត​ ក៏​ហក់​ឡើងខ្ពស់។​ ប្រឈម​មុខ​នឹង​បញ្ហា​ អ្នក​ជំនាញ​និង​ប្រជា​ពលរដ្ឋ បាន​ស្តី​​បន្ទោស​​បន្ទាត់​នយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ។​

ពលរដ្ឋជប៉ុន កំពុង​​ព្រួយ​​ពី​ខ្វះអង្ករ​។ © STR / AFP

នៅ​ជប៉ុន តម្រូវ​ការ​អង្ករ​កើនឡើង​ខ្លាំង ហើយ​សញ្ញាខ្វះអង្ករ​ ចាប់​មាន​តាំងតែ​ពីដើម​រដូវ​ក្តៅមកម្ល៉េះ។ ក្រសួង​កសិកម្ម​ជប៉ុនឲ្យដឹង​ថា ជង្រុក​​ស្តុកអង្ករ​របស់​ឯកជន​ បាន​ធ្លាក់​ចុះ​១,៥៦លានតោន នៅខែ​មិថុនា​ ដែល​ជា​តួលេខ​ស្តុកអង្ករ​ធ្លាក់​ចុះ​ខ្លាំង​ ចាប់ពី​ឆ្នាំ១៩៩៩មក​។ ពោល​គឺ​ស្តុក​អង្ករ​ធ្លាក់​ចុះ ២០% ធៀប​នឹង​ឆ្នាំទៅមិញ។

​រីឯតម្លៃអង្ករក៏​បាន​ហក់ឡើង​ខ្ពស់​ដែរ​។ ១ប៉ាវ ៦០គីឡូក្រាម តម្លៃប្រមាណជាង​ ១៥ ៦២០ យេន (ប្រហែល​ជាង ៩៧ អឺរ៉ូ)។ ពោល​គឺឡើង​ថ្លៃ​ប្រមាណជាង ១៣% គ្រាន់តែ​តែក្នុង​រយៈ​ពេល​ ១ឆ្នាំ។  សេចក្តីរាយការណ៍​របស់​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បរទេស ដែល​ឈរ​ជើង​នៅ​តូក្យូ បាន​បង្ហាញ​ពី​ហាង​លក់​អង្ករ ស្ទើរតែ​រក​អង្ករ​លក់​ឲ្យ​ភ្ញៀវ​ពុំ​បាន​ផងទេ​។ ចំណែក​អ្នក​ដឹកជញ្ជូន​អង្ករ​មក​ផ្គត់ផ្គង់​ហាង​លក់​អង្ករ ក៏​មាន​ភាព​យឺតយ៉ាវ​ខ្លាំងទៀត​។​

ការ​ខ្វះ​​​អង្ករ ព្រោះតែប្រមូល​ផល​បាន​ទាប ដ្បិតតែ​បញ្ហា​អាកាស​ធាតុ​ ជា​រឿង​មួយ​។ ក៏ប៉ុន្តែ បញ្ហា​ខ្វះ​អង្ករ​នៅជប៉ុនគ្រា​នេះ ត្រូវ​គេ​មើល​ឃើញ​ថា វា​បង្ក​ផលវិបាកចេញមកពីព្រោះតែបន្ទាត់​នយោបាយកសិកម្ម​​របស់​រដ្ឋាភិបាល​ជប៉ុន។​ ជាក់ស្តែង​ ច្រើនឆ្នាំចុងក្រោយ​នេះ រដ្ឋាភិបាល​ក្រុង​តូក្យូ បាន​ប្តូរ​យុទ្ធសាស្ត្រ​កសិកម្ម ដោយ​កាត់​បន្ថយ​ផ្ទៃដី​​ស្រែ​ដាំស្រូវ​ប្រមាណ​ជា ៤០% និង​យក​ដី​ដាំគ្រាប់​​ធញ្ញជាតិ​ផ្សេងៗវិញ​។ ដើម្បី​ជំរុញ​នយោបាយ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​​ជួយ​ឧបត្ថម្ភធន​ផ្តល់​ប្រាក់​ ដល់​ប្រជា​កសិករ​ និងអ្នក​ផលិត​ស្រូវ​ ចំពោះ​ការ​ខាត​បង និងជាថ្នូរ​ចំពោះការ​​បង្វែរ​ទៅ​ដាំដុះ​កសិផល​ផ្សេង ដូច​ជា​ដាំ​ស្រូវ​សាឡីជាដើម។​ ក្នុង​កម្មវិធី​នេះដែរ​ រដ្ឋាភិបាល​ជប៉ុន បាន​ផ្ទេរ​កញ្ចប់​ហិរញ្ញវត្ថុ​ចំនួនប្រមាណ ៣៥០ពាន់លាន​យេន (ប្រមាណ ២,២ពាន់​លាន​អឺរ៉ូ) ជារៀងរាល់ឆ្នាំ​ ទៅដល់​ក្រុម​កសិករ​ធ្វើ​ស្រែ។​

ក្រុមអ្នកស្រាវជ្រាវ​ និងអ្នក​ជំនាញខាង​​ចំណីអាហារ​ ក៏ធ្លាប់​​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលជប៉ុន​​សើរើពិនិត្យ​មើល​ចំណាត់​ការ​ឡើងវិញ ក៏ប៉ុន្តែទាំង​ក្រសួង​កសិកម្ម​ និង​ទាំង​រដ្ឋាភិបាល​ក្រុង​តូក្យូ​ ហាក់​ដូចជា​មិន​អើពើ​ឡើយ ហើយ​​ប្រធានបទ​នេះ ហាក់​ដូច​ជា​គ្មាន​ត្រូវ​យក​ទៅ​ជជែក​ពិភាក្សា​អ្វី​ឲ្យ​ផុស​ផុល​នោះដែរ។​ ជា​ផលវិបាក ប្រជាពលរដ្ឋជប៉ុន​នៅ​ក្រុង​តូក្យូ ត្រូវបណ្តាញ​​កាសែត​បរទេស​ យក​សម្តីទៅផ្សាយ​ថា ពួក​គេ​ពេល​នេះ កំពុងតែបារម្ភ​ពីខ្វះ​អង្ករ​ទទួល​ទាន ច្រើ​នជាង​ព្រួយ​ពី​ខ្យល់ព្យុះ​​​៕

ប្រភពព័ត៌មាន​​ ៖ វិទ្យុបារាំងអន្តរជាតិ​ RFI https://www.rfi.fr.kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 155
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា