banner1
អាជ្ញាធរចិន​​ ចេញវិធានការពិសេស ដើម្បី​ព្យាយាម​​​ជួយដល់​វិស័យអចលទ្រព្យ ដែលជាប់គាំងជិត​៤ឆ្នាំ

 3-តុសា-2024

អាជ្ញាធរចិននៅតាម​ទីក្រុងធំៗមួយចំនួន បានចេញវិធានការពិសេស ដើម្បី​ជួយដល់​វិស័យអចលនទ្រព្យ ដែលនៅជាប់គាំងក្នុងវិបត្តិ តាំងតែពីឆ្នាំ​២០២០មក​។ វិធានការ​ដែលមានជាអាទិ៍ ដូចជាការដកចេញវិញ នូវការហាមឃាត់ ការទិញផ្ទះចាប់ពី២ឡើងទៅ​ជាដើម​។ ការប្រកាសនូវវិធានការទាំងនេះ បានញ៉ាំងឲ្យទីផ្សារភាគហ៊ុនចិន បានកម្រើក​ស្ទុះឡើង នៅថ្ងៃចន្ទនេះ បើទោះបីជា​សកម្មភាពផលិតកម្ម​រោងចក្រចិន បានធ្លាក់ដៃប្រមាណ​៥ខែជាប់គ្នាមកហើយ​។

ការដ្ឋានសំណង់មួយកន្លែងនៅជាយទីក្រុងប៉េកាំង ថ្ងៃទី​១៧ កក្កដា ២០២៤ AP – Vincent Thian

ប្រមាណ​៤ឆ្នាំមកហើយ ដែល​វិស័យអលនទ្រព្យចិន​ បានជួបនូវវិបត្តិ​ធ្វើ​ឲ្យ​ក្រុមហ៊ុនចលនទ្រព្យចិនធំៗមួយចំនួន ប្រឈមនឹងការក្ស័យធន។ សំណង់អគាផ្ទះសំបែងត្រូវសង់មិនទាន់រួច ត្រូវបោះបង់ ចោល​ច្រើនស្អេកស្កះ​ ចំណែក​អ្នកទិញដែលបានបង់ប្រាក់រួចខ្លះ ក៏​មិនអាចទទួលបានផ្ទះ និងប្រាក់ត្រលប់មកវិញ​។

ប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលចិនបានព្យាយាមចេញវិធានការមួយចំនួន ជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ ដើម្បីជួយសម្រួលការទទួលបានកម្ចី​អចលនទ្រព្យ តែហាក់ដូចជាមិនបានលទ្ធផល សោះ​។ នៅថ្ងៃចន្ទ ទី​៣០ កញ្ញានេះ អាជ្ញាធរខេត្ត និង​ក្រុងធំៗមួយចំនួនរបស់ចិន​ បានចេញវិធានការពិសេសរៀងៗខ្លួន ដើម្បីជួយជំរុញឲ្យ​មនុស្ស​អាចទិញផ្ទះ​បានច្រើន​​។ ជាវិធានការ ដែលបានដកចេញ​នូវការហាមឃាត់មួយចំនួន ដែលធ្លាប់​​​មានកាលពីមុន​ ដើម្បីទប់ស្កាត់​កុំ​ឲ្យផ្ទះឡើងថ្លៃជ្រុល​ ក្នុងករណីដែលមនុស្សទិញច្រើន ដើម្បីលក់​បន្ត​។

ជាក់ស្តែង នៅក្រុង​ក្វាងចូវ​ អាជ្ញាធរបានសម្រេចលប់ចោល​ការហាមឃាត់មនុស្ស មិន​ឲ្យទិញផ្ទះ​លើ​ពី​២ផ្ទះ​​ឡើងទៅ។ ចាប់ពីថ្ងៃចន្ទនេះទៅ លែងមានការហាមឃាត់នេះទៀតហើយ ហើយជាងនេះ​ទៀត មិនត្រឹមតែប្រជាជនរស់នៅ​ក្នុងក្រុងក្វាងចូវ​ទេ ដែលអាចទិញ​ផ្ទះ​បាន​ដោយ​គ្មានចំនួនកំណត់ តែអ្នកមិនរស់នៅទីក្រុង​នេះ ក៏​អាចទិញ​បានដែរ​។

នៅទីក្រុង​ឆិនចិនវិញ គេ​បានចេញ​វិធានការប្រហាក់ប្រហែលគ្នានេះដែរ តែ​ដោយ​អនុញ្ញាតត្រឹម​តែ​តំបន់នៅជាយជុំវិញក្រុង។ រី​ឯនៅទីក្រុងសៀងហៃ ដែលមានមនុស្សរស់នៅប្រមាណ​២៥លាននាក់ នៅថ្ងៃចន្ទនេះ អាជ្ញាធរ​បាន​ទាញ​ទម្លាក់ ចំនួន​​ប្រាក់ដើម​ដើម្បី​ទិញផ្ទះទី១។ បន្ថែមពីនេះ គេបាន​បន្ទាបការប្រាក់ សម្រាប់កម្ចី​ចលនទ្រព្យ​ សម្រាប់ផ្ទះរស់នៅ​ផ្ទាល់ទី១ និង​ផ្ទះ​ទី​២។

ក្រោយ​វិធានការពិសេសៗទាំងនេះ គេសង្កេតឃើញថា នៅព្រឹកថ្ងៃចន្ទ ទីផ្សារហ៊ុនចិនបានឆ្លើយតបយ៉ាងវិជ្ជមាន​។ ផ្សារហ៊ុនសៀងហៃ បានឡើងថ្លៃចំនួន​ ​៨,០៦% ខណៈនៅឆិនចិនឯនោះ បានឡើងដល់ទៅ​១១%។​ ផ្សារហ៊ុនហុងកុង បានបិទទ្វារកាលពីថ្ងៃអាទិត្យ​ជាមួយនឹងអត្រាតម្លៃឡើងចំនួន​៣%។

គួរបញ្ជាក់ថា វិស័យអចលនទ្រព្យ​ មានចំណែកប្រមាណ​​១ភាគ៤ នៃចំណូលដុលរបស់ចិន ពោលគឺជាចំណែកដ៏ធំ នៃកម្លាំងសេដ្ឋកិច្ច​ចិន​។ លោក Yan Yuejin អ្នកវិភាគទីផ្សារអចលនទ្រព្យ នៅ​ការិយាល័យ E-House បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាជនចិន​ទិញផ្ទះគឺ មានតិចខ្លាំងណាស់។ ដោយ​សារតែ​វិស័យចលនទ្រព្យជាផ្នែកមួយដ៏ធំនៃសេដ្ឋកិច្ច មានន័យថា បញ្ហានេះគឺវាប៉ះពាល់ខ្លាំងណាស់ ដល់​ការចំណាយ​ចាយវាយ​ក្នុងស្រុកទាំងមូលតែម្តង​។

យោងតាមតួលេខផ្លូវការ សកម្មភាព​ផលិតនៅតាមរោងចក្រចិន បានធ្លាក់ដៃ៥ខែជាប់គ្នាមកហើយ ដោយសារតែការបញ្ជាទិញពីខាងក្រៅប្រទេសបានធ្លាក់ចុះ ហើយការប្រើប្រាស់ក្នុងស្រុកក៏មិនស្ទុះឡើង។ កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍​កន្លងទៅ លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង បានទទួលស្គាល់ថា ចិនកំពុងតែពើបប្រទះនឹង “​បញ្ហាថ្មីៗ”មួយចំនួន​៕

ប្រភពព័ត៌មាន​ ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr.kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា