ក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ កម្ពុជាគ្រោងចំណាយថវិកា ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថាន នៅថ្ងៃទី២៥ កញ្ញា ថា គម្រោងមួយនេះត្រូវបានអនុម័ត ក្រោយពិនិត្យឃើញថា កម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។ កម្ពុជាគ្រោងចំណាយ ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ © សហការី
ក្នុងសិក្ខាសាលាស្តីពី ការប្រែប្រួលអាកាសធាតុដល់អ្នកសារព័ត៌មាន និងវិស័យពាក់ព័ន្ធនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូលនៃទឹកសមុទ្របានរុញឱ្យកម្ពុជាក្លាយជាប្រទេសងាយរងគ្រោះបំផុតពី ការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ បើតាមលោកជួប ប៉ារីស៍ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន ២.៥% នៅឆ្នាំ២០៣០ និងរហូតដល់៩.៨% នៅឆ្នាំ២០៥០ ប្រសិនបើកម្ពុជាគ្មានវិធានការឆ្លើយតបសមស្របនោះទេ។
ជុំវិញបញ្ហានេះដែរ លោក ហេង ចាន់ធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថានបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាគ្រោងចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារ ដើម្បីបន្សាំខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ តាមគម្រោង ក្រសួងបរិស្ថានបានកំណត់ការងារអាទិភាពចំនួន៣គឺ ទី១ ធនធានទឹក ទី២ កសិកម្ម និងទី៣ ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការបន្ថែមនូវអនុវិស័យផ្សេងៗទៀត។ ទន្ទឹមគ្នា និងបើតាមលោក ហេង ចាន់ធឿន ដើម្បីកាត់បន្ថយផលប៉ះពាល់កើតចេញពីការប្រែប្រួលអាកាសធាតុនេះ កម្ពុជានឹងលុបចោលគម្រោងវារីអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង៧០០ មេហ្គាវ៉ាត់ និងងាកមកអភិវឌ្ឍថាមពលស្អាតកម្លាំង ១០០០មេហ្គាវ៉ាត់ នៅឆ្នាំ២០២៨ ដែលយកចេញពីសូឡា វារីអគ្គិសនី និងកម្លាំងខ្យល់ឱ្យបាន៧០% និងការដាំដើមឈើឱ្យបាន ១លានដើម ក្នុងមួយឆ្នាំ។
បន្ថែមពីគម្រោងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋាភិបាលកម្ពុជានេះ លោក ហេង គឹមហុង នាយកប្រតិបត្តិសមាគមបណ្ដាញយុវជនកម្ពុជាយល់ឃើញថា រដ្ឋាភិបាលគួរតែគិតគូរដោះស្រាយការកាប់បំផ្លាញព្រៃឈើ ដែលនៅតែបន្តមានជាហូរហែ និងថា រដ្ឋាភិបាលត្រូវពង្រឹកការចែករំលែកចំណេះដឹងស្តីពី ការប្រែប្រួលអាកាសធាតុដល់ពលរដ្ឋឱ្យបានទូលំទូលាយ។ លោក ហេង គឹមហុង បន្ថែមថា រដ្ឋាភិបាលក៏ត្រូវអប់រំពលរដ្ឋបន្ថែមទៀតជុំវិញបញ្ហាប្លាស្ទិក ការទុកដាក់សំរាមប្លាស្ទិក និងទប់ស្កាត់ការនាំចូលរថយន្ដចាស់ៗកែច្នៃ ដល់ពលរដ្ឋផងដែរ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងរយៈពេល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» ការនាំចូលថង់ប្លាស្ទិកបានកាត់បន្ថយចំនួន ៧១.៤% ហើយចំនួនថង់ប្លាស្ទិក ដែលហោះហើរតាមផ្លូវ និងតាមទីសាធារណៈបានថយចុះប្រមាណជាង ៦០%៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com