banner1
ថៃ ចង់ឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេស ក្នុងទិសដៅតែមួយ

 30-កញ្ញា-2024

ថៃស្នើឱ្យកម្ពុជាចូលរួមក្នុងគម្រោងទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដើម្បីជំរុញកំណើនទេសចរណ៍បរទេសក្នុងតំបន់។ គម្រោងនេះជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃដោយបានកំណត់ថា ភ្ញៀវទេសចរបរទេសអាចដើរលេងកម្សាន្តប្រទេសទាំង៦ក្នុងតំបន់អាស៊ានដោយតម្រូវឱ្យស្នើសុំទិដ្ឋាការតែម្តងគត់។

ភ្ញៀវទេសចរបរទេសអដើរទស្សនាប្រាសាទបុរាណរបស់ខ្មែរនាខេត្តសៀមរាប © Khmer Times

កម្មវិធីទេសចរណ៍៦ប្រទេសក្នុងទិសដៅតែមួយ ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃនេះ គឺមានប្រទេសកម្ពុជា វៀតណាម ឡាវ ភូមា និងប្រទេសម៉ាឡេស៊ី។ កម្មវត្ថុនៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ នៃប្រទេសជាសមាជិកអាស៊ានទាំង៦ប្រទេស ពិសេសជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនជាងមុន។

ក្នុងសន្និសីទកាសែតកាលពីចុងសប្តាហ៍កន្លងទៅ លោក ម៉ារីស ស៊ាំងហ្គីយ្យាម ផុងសា រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានលើកឡើងពីគំនិតផ្តួចផ្តើមនេះដោយបញ្ជាក់បន្ថែមថា ភាគីថៃកំពុងបន្តជជែកពិភាក្សាយ៉ាងលម្អិតជាមួយប្រទេសជាសមាជិក ដើម្បីជំរុញឱ្យគំនិតផ្តួចផ្តើមនេះអាចលេចចេញជារូបរាងឆាប់រហ័ស។

តែលោកនៅពុំទាន់បានបញ្ជាក់ច្បាស់នៅឡើយទេថា តើគិតមកទល់ពេលនេះមានប្រទេសណាខ្លះបានយល់ព្រមចុះកិច្ចព្រមព្រៀងចូលរួមនៅក្នុងគំនិតផ្តួចផ្តើមមួយនេះ។ សម្រាប់កម្ពុជា អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក បានប្រាប់យ៉ាងខ្លីនៅព្រឹកថ្ងៃទី២៧ ខែកញ្ញាថា លោកមិនទាន់មានព័ត៌មានលម្អិតណាមួយទេពាក់ព័ន្ធនឹងកម្មវិធីទេសចរណ៍៦ប្រទេស ក្នុងទិសដៅតែមួយនេះ។

ចំណែកលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លើកទឹកចិត្តឱ្យកម្ពុជាចូលរួមក្នុងគម្រោងនេះ ដើម្បីទទួលបានផលប្រយោជន៍លើវិស័យទេសចរណ៍។ តែទន្ទឹមគ្នានេះ លោក ធួន ស៊ីណានចង់ឃើញប្រទេសក្នុងតំបន់អាស៊ានទាំង៦សម្រេចគំនិតផ្តួចផ្តើមមួយនេះដោយតម្លាភាព និងមានជំនឿទុកចិត្តគ្នា។

សម្រាប់លោក ធួន ស៊ីណាន អាស៊ាន គួរយកគំរូដូចប្រទេសក្នុងសហភាពអឺរ៉ុប ដោយប្រើទិដ្ឋាការរួមគ្នាតែមួយសម្រាប់ភ្ញៀវទេសចរដែលមានបំណងចង់ទៅ លេងប្រទេសក្នុងតំបន់អាស៊ាន ពោលមិនត្រូវមានទិដ្ឋាការទាំង ៦ប្រទេសនោះទេ។

ជាការកត់សម្គាល់ កម្មវិធីទេសចរណ៍៦ប្រទេស ក្នុងទិសដៅតែមួយនេះ នៅមានភាពជាប់គាំងមួយចំនួន ដែលរដ្ឋាភិបាលថៃត្រូវបន្តជជែកជាមួយរដ្ឋាភិបាលប្រទេសទាំង៥ផ្សេងទៀត។

អ្វីដែលថៃត្រូវជជែកជាសំខាន់នោះ គឺតម្លៃស្នើសុំទិដ្ឋាការរបស់ភ្ញៀវទេសចរ យន្តការប្រើប្រាស់ទិដ្ឋាការរួមគ្នាទាំង៦ប្រទេស ដោយគ្មានការិយាធិបតេយ្យ និងទប់ស្កាត់បញ្ហាឆ្លងដែនខុសច្បាប់ ពិសេសពង្រឹងលើយន្តការច្បាប់អន្តោប្រវេសន្ត៍។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា និងថៃបានរួមគ្នាធ្វើយុទ្ធនាការ «ព្រះរាជាណាចក្រពីរ ទិសដៅមួយ» ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ដ៏មានសក្តានុពលនៃប្រទេសទាំងពីរ ដើម្បីបង្កើនចំនួនទេសចរក្រៅតំបន់អាស៊ាន។ ក្រៅពីនេះ កម្ពុជាក៏បានព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលវៀតណាម និងឡាវតាមរយៈការបង្កើតនូវកញ្ចប់ទេសចរណ៍៣ប្រទេសរួមគ្នា។

កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាលកម្ពុជា ថៃ និងវៀតណាមបានប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងគម្រោងផ្លូវសមុទ្រតភ្ជាប់ខេត្តព្រះសីហនុ ជាមួយខេត្តត្រាតប្រទេសថៃ និងខេត្តគៀនយ៉ាង របស់វៀតណាម ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ៕

ប្រភពព័ត៌មាន ៖​​​ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 129
ឯកសារពិគ្រោះ : 388
ឯកសារច្បាប់ : 156
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា