banner1
ធនាគារកណ្តាលចិន​ ចេញវិធានការ​ចាក់បញ្ចូលសាច់ប្រាក់ ខណៈសេដ្ឋកិច្ច​ចិន​​​​នៅនឹងថ្កល់

 26-កញ្ញា-2024

សេដ្ឋកិច្ចចិន ចាប់តាំងពីក្រោយ​វិបត្តិកូវីដ​១៩​មក បានពើបប្រទះនឹងវិបត្តិ​ ហាក់​មិនងើបស្ទុះឡើងទាល់តែសោះ។ រដ្ឋាភិបាល​ចិនបាន​ចេញវិធានការជាបន្តបន្ទាប់ ដើម្បី​ជួយជំរុញ​ការចំណាយ​ចាយ​វាយ​ក្នុងស្រុក និង​ដោះស្រាយ​វិបត្តិ​អចលនទ្រព្យ តែហាក់ដូចជាមិន​បានលទ្ធផល​។ កាលពី​ថ្ងៃអង្គារទី​២៤ កញ្ញា​ ធនាគារកណ្តាលចិន បានចេញវិធានការថ្មី​បន្ថែមទៀត ដើម្បី​ចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច​។ ទីស្នាក់ការធនាគារកណ្តាលចិន PBOC នៅទីក្រុងប៉េកាំង REUTERS – Jason Lee

ធនាគារកណ្តាលចិន បានចេញវិធានការមួយចំនួន កាលពីថ្ងៃទី​២៤ កញ្ញា ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ច ដែលនៅនឹងថ្កល់មិនព្រមកម្រើក។ ផ្អែកតាមលោក Peng Gongsheng ទេសាភិបាលធនាគារកណ្ដាលចិននេះ គឺជាវិធានការដ៏ធំបំផុត បើគិតចាប់ពី​ការដកចេញទាំងស្រុង នូវការរាំងខ្ទប់ទាំងឡាយ​ក្នុងវិបត្តិកូវីដ​១៩ កាលពី១ឆ្នាំកន្លះមុន​។

វិធានការរបស់ធនាគារកណ្តាលចិននេះ គឺមាន ២ចំណុច​សំខាន់។​ ទីមួយគឺ ការ​ទាញទំលាក់អត្រាសាច់ប្រាក់តំកល់ជាកំហិត នៅតាមធនាគារនៅចិន​ ចំនួនចន្លោះពី ០,២៥ ទៅ​ ​០,៥០ ពិន្ទុនៃភាគរយ​​។ ធនាគារ​កណ្តាល​ចិន​អះអាងថា វិធានការនេះ​នឹងអាចធ្វើ​ឲ្យធនាគារ​ មានលទ្ធភាព​ផ្តល់កច្ចីបន្ថែមបានច្រើន ហើយឈានទៅ​​ផ្តល់ឲ្យ​ទីផ្សារហិរញ្ញវត្ថុ នូវសាច់ប្រាក់​ក្នុងរយៈពេលវែង ប្រមាណ​ជា ​១០០០លានយាន់ ដែលស្មើនឹង​ ១២៨ពាន់លានអឺរ៉ូ។ វិធានការទី​២ គឺកាត់បន្ថយ​អត្រាការប្រាក់គោល សម្រាប់​កម្ចីដែលមានដាក់បញ្ចាំអចលនទ្រព្យ។ វិធានការទី​២នេះ នឹងជួយដល់​ប្រជាជនចិនប្រមាណ​ ១៥០លាននាក់ ដើម្បីទទួលបានកម្ចី​ទិញ​អចលនទ្រព្យ​។

គួរកត់សំគាល់ថា ប្រមាណ​១ឆ្នាំកន្លះ​ ក្រោយ​ការដកចេញទាំងស្រុង នូវវិធានការបិទខ្ទប់កូវីដ​១៩ សេដ្ឋកិច្ចចិនហាក់​មិនបានងើបស្ទុះទាល់តែសោះ។ សេដ្ឋកិច្ច​ចិននៅតែជួបបញ្ហា ដោយសារវិបត្តិអចលនទ្រព្យ អត្រាយុវជនអត់ការងារធ្វើនៅតែមានកម្រិតខ្ពស់ ចំណែក​ការចំណាយ​ចាយវាយ​ក្នុងស្រុក​ក៏​​នៅនឹងថ្កល់។ ស្ថានភាពបរិត្តផរណា កំពុងតែគំរាម​សេដ្ឋកិច្ចចិន ដោយសារទំនិញនិងសេវាកម្មគ្រប់មុខធ្លាក់ថ្លៃខ្លាំង​​​។​ រដ្ឋាភិបាលចិន ព្យាករណ៍ថាឆ្នាំ​២០២៤ សេដ្ឋកិច្ចចិននឹងមានកំណើនប្រមាណ​៥%។ តែការព្យាករណ៍​នេះ វាមានសុទិដ្ឋនិយមជ្រុលណាស់ ប្រើប្រៀបធៀបទៅនឹងការវិភាគរបស់អ្នកជំនាញ​សេដ្ឋកិច្ច​។

នៅក្រោយ​ការប្រកាស​របស់ធនាគារកណ្តាល​ចិននេះ ទីផ្សារមូលបត្រនៅចិនហាក់បានឆ្លើយតបយ៉ាងវិជ្ជមាន។ នៅពេលបិទទ្វារល្ងាចថ្ងៃទី​២៤ កញ្ញា ហាងឆេងផ្សារហ៊ុនហុងកុង បាន​ឡើងតម្លៃជាមធ្យម​ ចំនួន​៤,១% នៅសៀងហៃ ឡើងបាន​៤,១៥% ចំណែកនៅឆិនចិន ឡើងបាន​៣,៩៥%។

យ៉ាងណាក៏ដោយ លោក Julian Evans-Pritchard អ្នកវិភាគ​នៅការិយាល័យ Capital Economics បាន​លើកឡើងថា វិធានការនេះ​ជា​ការបោះជំហាន​លើ​ផ្លូវ​ត្រឹមត្រូវ តែ​មិនប្រាកដថាគ្រប់គ្រាន់ អាចធ្វើសេដ្ឋកិ​ច្ច ចិនស្ទុះឡើងនោះឡើយ។ ដូចគ្នាដែរលោក Reymond Yeung អ្នកជំនាញ​ធនាគារANZ បាន​ពន្យល់ថា វិធានាការរបស់​ធនាគារកណ្តាលចិននាពេលនេះ គឺគ្រាន់តែតំណក់ទឹក​តូចមួយប៉ុណ្ណោះ​។ អ្នកជំនាញរូបនេះ​ អះអាងថា​ ចិនគួរណា​តែ​ចេញវិធានការបន្ធូរបន្ថយផ្នែក​ពន្ធដារ​ឲ្យ​ខ្លាំងបំផុត ដើម្បី​ផ្តល់សន្ទុះ​មួយទំហឹង ទៅលើ​តម្រូវការ​ចាយ​វាយ​​ក្នុងស្រុក​។

សូមបញ្ជាក់ថា អ្នកជំនាញ​ជាច្រើនបាន​លើកឡើងស្រដៀងគ្នាថា​ វិធាន​ការ​ចាក់បញ្ចូលសាច់ប្រាក់ តាមរយៈការ​កាត់បន្ថយ​អត្រាប្រាក់តំកល់ និងអត្រា​ការប្រាក់គោលនេះ ដែលធនាគារកណ្តាល​ចិនទើបបានសម្រេចនេះ គឺវាមាន​ ប្រសិទ្ធភាពតិចតួចស្តួចស្តើងណាស់ ព្រោះថាការស្នើសុំកម្ចី​ឥណទាន​មាន​បរិមានតិចណាស់ មិនថាពីសហគ្រាស ឬពី​បុគ្គល​សាមញ្ញ​​។ ផ្ទុយទៅវិញ វិធានការ​ជួយដល់សកម្មភាពសេដ្ឋកិច្ចជាក់ស្តែង បែរជារដ្ឋចិនមិនអនុម័តទៅវិញ​៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ  RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 133
ឯកសារពិគ្រោះ : 427
ឯកសារច្បាប់ : 161
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា