ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក World Bank បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ លានដុល្លារអាមេរិក ឲ្យកម្ពុជាក្នុងការជួយលើកកម្ពស់គុណភាពអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សាផ្នែកជំនាញវិទ្យាសាស្ត្រ ឬហៅថា STEM។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកចេញផ្សាយថ្ងៃទី២៤ កញ្ញា និងថា គម្រោងលើមុខជំនាញ STEM មួយនេះមានរយៈពេល៦ឆ្នាំ សម្រាប់បណ្តុះបណ្តាលនិស្សិតឲ្យរៀនចប់ដោយសមត្ថភាព និងផលិតការស្រាវជ្រាវនានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
សិស្សដាក់បង្ហាញស្នាដៃ STEM © STEM Education Organization for Cambodia
ធនាគារពិភពលោកបានឲ្យដឹងនៅថ្ងៃទី២៤ កញ្ញា នេះថា ថវិកាចំនួន ៨០លានដុល្លារ គឺសម្រាប់ជួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាពអប់រំមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថា STEM ដោយផ្តោតសំខាន់លើការអាប់ដេតកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូឧទេ្ទស និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។ ក្នុងន័យនេះ ធនាគារពិភពលោករំពឹងទុកថា និស្សិតកម្ពុជាប្រហែល ៣ម៉ឺន២ពាន់នាក់ ក្នុងនោះនិស្សិតជាស្រ្តី ប្រហែល ១ម៉ឺន៣ពាន់នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានា នៅក្នុងគម្រោងនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកដដែល គម្រោងពង្រឹងការសិក្សាលើមុខវិជ្ជា STEM នេះ គឺផ្តោតសំខាន់លើការលើកកម្ពស់ការរៀនសូត្រសម្រាប់និស្សិតជាស្រ្តី និងនិស្សិតមានពិការភាព។ មិនត្រឹមតែប៉ុណ្ណោះ គ្រូបង្រៀន និងបុគ្គលិកជាស្រ្តីនៅតាមមហាវិទ្យាល័យក៏ទទួលបានការលើកកម្ពស់តាមរយៈគម្រោងមួយនេះដែរ។ អ្នកស្រី ថាញ៉ា ម៉ៃយ័រ ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាលើកឡើង ថា ការពង្រឹងការអប់រំឧត្តមសិក្សា ដែលមានគុណភាព និងការរៀបចំក្រុមនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់នឹងអាចជួយឲ្យកម្ពុជាបង្កើនភាពជឿនលឿនខាងធនធានមនុស្ស និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
គួរជម្រាបថា គម្រោងលើកកម្ពស់មុខវិជ្ជា STEM របស់ធនាគារពិភពលោកនាកន្លងមក បានបង្កើនឱកាសសិក្សាដល់និស្សិតនៅកម្ពុជាជាង ១២ម៉ឺន៨ពាន់នាក់ ក្នុងនោះមានជាងពាក់កណ្តាលជានារី។ ម្យ៉ាងទៀត គម្រោងនេះក៏បានបង្កើតកម្មវិធីសិក្សាចំនួន ៦៧ ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។
របាយការណ៍របស់អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជាក្នុងឆ្នាំ២០២៣ បានឲ្យដឹង ចំនូនស្រ្តីដែលសិក្សា និងធ្វើការនៅក្នុងវិស័យ STEM នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងចំនួនបុរស ពោលនៅថ្នាក់ឧត្តមសិក្សាក្នុងជំនាញ STEM គឺមានតែ១៤ភាគរយ ប៉ុណ្ណោះជាស្ត្រី៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com