កុងស៊ុលវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA) គ្រោងបង្កើតកម្មវិធីគាំទ្រវិស័យអប់រំសម្រាប់កុមារវៀតណាមនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣ កញ្ញា និងថា តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកសម្រាប់កុមារវៀតណាមក្នុងខេត្តពោធិ៍សាត់នឹងត្រូវជួសជុល កែលម្អឡើងវិញ។ វៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា គ្រោងបង្កើតកម្មវិធីគាំទ្រសាលាបណ្តែតទឹកខេត្តពោធិ៍សាត់ © មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Vietnam News នៅថ្ងៃទី២៣ កញ្ញា តំណាងកុងស៊ុលវៀតណាម លោក ង្វៀន ថាញ់វ៉ាន់ និងលោកឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជា(VCBA) បានចុះទៅសិក្សាពីលទ្ធភាពបង្កើតកម្មវិធីគាំទ្រវិស័យអប់រំដល់កុមារវៀតណាម នៅស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ កញ្ញា។ តាមរយៈកម្មវិធីគាំទ្រវិស័យអប់រំមួយនេះ សាលារៀនបណ្តែតទឹកនៅលើទន្លេសាបក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់នឹងត្រូវជួសជុល និងកែលម្អឱ្យកាន់តែល្អប្រសើរឡើង។ នេះបើតាម Vietnam News។
លោក ង្វៀន ថាញ់វ៉ាន់ តំណាងកុងស៊ុលវៀតណាមប្រចាំកម្ពុជា ចាត់ទុកការគាំទ្រវិស័យអប់រំដល់កុមារវៀតណាមរស់នៅកម្ពុជាជាការងារអាទិភាពមួយ ដើម្បីជួយឱ្យវៀតណាមអាចទទួលបានជីវិតកាន់តែប្រសើរឡើងនាពេលអនាគត។ ក្នុងន័យនេះ លោក បានស្នើឱ្យពលរដ្ឋវៀតណាមបញ្ជូនកូនៗទៅរៀននៅសាលារដ្ឋរបស់ខ្មែរ ដើម្បីឱ្យកុមារវៀតណាមអាចបញ្ចប់កម្មវិធីអប់រំទូទៅរបស់កម្ពុជា មានការទទួលស្គាល់ និងអាចបម្រើការងារដែលខ្លួនពេញចិត្ត។
កាសែត Vietnam News បានឱ្យដឹងទៀតថា វៀតណាមនៅខេត្តពោធិ៍សាត់មានជីវភាពលំបាកដោយសារតែពួកគេភាគច្រើនពឹងផ្អែកតែលើការនេសាទសម្រាប់ចិញ្ចឹមជីវិត។ ចំណែកតំណាងកុងស៊ុលវៀតណាមបានប្រាប់ជនជាតិវៀតណាម ដែលរស់នៅបឹងទន្លេសាបឱ្យគោរពច្បាប់មូលដ្ឋាន និងកុំបំពានច្បាប់កម្ពុជាឱ្យសោះ។ ក្រៅពីនេះ និងបើតាមលោក ង្វៀន ថាញ់វ៉ាន់ ពលរដ្ឋវៀតណាមត្រូវប្រឹងប្រែងសម្របខ្លួនចូលទៅក្នុងសង្គមខ្មែរ តាមរយៈការលើកកម្ពស់គុណភាពជីវិតរបស់ខ្លួន និងត្រូវចូលរួមចំណែកពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែប្រសើរ។
គួរឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបង្ហាញថា នៅកម្ពុជាមានជនបរទេសជាង ១១ម៉ឺននាក់ ដោយក្នុងនោះមានជិត ៧ម៉ឺននាក់ ជាជនជាតិវៀតណាម៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖
E-mail : grdp.senatekh@gmail.com