World Vision ជំរុញឱ្យកម្ពុជាបង្កើនការផ្គត់ផ្គង់ទឹកស្អាតឲ្យពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ត្រឹមឆ្នាំ២០៣០
25-កញ្ញា-2024
អង្គការទស្សនៈពិភពលោក World Vision បានចេញរបាយការណ៍ថ្មីមួយដោយផ្តល់ជាអនុសាសន៍ថា កម្ពុជាត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនចំនួន១០ដងដើម្បីអាចតភ្ជាប់បណ្តាញទឹកស្អាតតាមបំពង់ឱ្យពលរដ្ឋខ្មែររស់នៅតាមទីជនបទអាចប្រើប្រាស់បានទាំងអស់គ្នានៅឆ្នាំ២០៣០។ World Vision បានមើលឃើញថា តំបន់ជនបទដែលប្រជាពលរដ្ឋភាគច្រើនរស់នៅ នៅតែប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការទទួលបានទឹកស្អាតប្រើប្រាស់។
កុមាររស់នៅតាមសហគមន៍ជនបទទទួលបានទឹកស្អាតប្រើប្រាស់ World Vision International-Cambodia
យោងតាមរបាយការណ៍របស់អង្គការទស្សនៈពិភពលោកចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជាមានភាពរីកចម្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ តែការទទួលបានបណ្តាញទឹកស្អាតប្រើប្រាស់របស់ពលរដ្ឋរស់នៅតាមទីជនបទភាគច្រើន នៅតែជាបញ្ហាចោទដដែល។
ត្រង់ចំណុចនេះ អង្គការទស្សនៈពិភពលោក ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខិតខំប្រឹងប្រែងចំនួន១០ដង ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅតាមទីជនទាំងអស់មានបណ្តាញទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ត្រឹមឆ្នាំ២០៣០ និងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦.១ ស្តីពីទឹកស្អាត និងអនាម័យ។
លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ក្រសួងកំពុងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលដោយបន្តវិនិយោគ និងគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយដើម្បីធានាថា ពលរដ្ឋគ្រប់រូប ពិសេសពលរដ្ឋរស់នៅតាមជនបទទទួលបានប្រភពទឹកប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។ ចំណែក លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយក World Vision ប្រចាំនៅកម្ពុជាបានអះអាងថា លោកប្តេជ្ញាបន្តជួយសហគមន៍ងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព បង្កើនការអប់រំ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
ទន្ទឹមគ្នានេះ របាយការណ៍របស់អង្គការទស្សនៈពិភពលោកបានបង្ហាញឱ្យឃើញពីការរីកចម្រើននៃលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់សម្រាប់សហគមន៍ជនបទនៅកម្ពុជា។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៥ អង្គការមួយនេះបានគាំទ្រការសាងសង់ និងគ្រប់គ្រងប្រព័ន្ធចែកចាយទឹកស្អាតតាមបំពង់ខ្នាតតូចដល់សហគមន៍ចំនួន១២៥ ដែលតភ្ជាប់ភូមិចំនួន៣២៩ និងផ្តល់អត្ថប្រយោជន៍ដល់ពលដ្ឋជាង១៣៧ ០០០នាក់ មកពី២៧ ៥០៣គ្រួសារ។
តាមរយៈវិធានការគាំទ្រទាំងនេះ អង្គការទស្សនៈពិភពលោកសង្កេតឃើញថា ៩៧% នៃបណ្តាញចែកចាយទឹកស្អាតតាមបណ្តាញបំពង់ខ្នាតតូចដែលខ្លួនបានគាំទ្រកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀតដល់គ្រួសារ ដែលងាយរងគ្រោះ និងមានប្រាក់ចំណូលទាប។
តែទោះជាយ៉ាងណា អង្គការទស្សនៈពិភពលោកនៅតែមើលឃើញពីបញ្ហាប្រឈមមួយចំនួនដែលធ្វើឱ្យការតភ្ជាប់បណ្តាញទឹកស្អាតដល់ពលរដ្ឋនៅជនបទត្រូវរាំងស្ទះ ដូចជាកត្តាហិរញ្ញវត្ថុ គណនេយ្យភាពសង្គមនៅមានកម្រិត និងផែនការរយៈពេលវែងនៅមិនទាន់គ្រប់គ្រាន់៕
ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh
អត្ថបទពាក់ព័ន្ធ