banner1
មន្ត្រីក្រសួងកសិកម្មថា កម្ពុជាអាចក្លាយជាអធិរាជស្វាយចន្ទីក្នុងឆ្នាំ២០៣០

 16-កញ្ញា-2024

មន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងក្លាយជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលេខ១ នៅលើពិភពលោកនាឆ្នាំ២០៣០ខាងមុខ ពោលគឺនៅក្រោយពេលបញ្ចប់គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។ តាមមន្ត្រីក្រសួងកសិកម្ម មហិច្ឆតាចង់ក្លាយជាអធិរាជស្វាយចន្ទីនឹងអាចទៅរួច ព្រោះថាបច្ចុប្បន្នកម្ពុជាកំពុងឈរចំណាត់ថ្នាក់លេខ២ លើការនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក​ បន្ទាប់ពីវៀតណាម។ តែប្រធានសមាគមស្វាយចន្ទីកម្ពុជាស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាពីរ គឺទុនបង្វិល និងកាត់បន្ថយថ្លៃដើមផលិត។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មបានអះអាងថា កម្ពុជាពិតជាអាចសម្រេចនូវគោលដៅក្លាយជាប្រទេសអធិរាជស្វាយចន្ទីនាពេលខាងមុខ ដ្បិតថា ត្រឹមរយៈពេល៣ឆ្នាំក្រោមការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ កម្ពុជាមានសមត្ថភាពអាចកែច្នៃស្វាយចន្ទីបានចំនួន១០%។ បើតាមលោក តូច ប៊ុនហួរ ១០%នេះ ជាសញ្ញាវិជ្ជមាន ព្រោះថាទិសដៅរបស់រដ្ឋាភិបាល គឺតម្រូវឱ្យមានការកែច្នៃយ៉ាងតិច២៥%ឡើងទៅត្រឹមឆ្នាំ២០២៧ នោះកម្ពុជានឹងក្លាយជាអធិរាជស្វាយចន្ទីជាក់ជាមិនខាន។

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានថ្លែងមកវិទ្យុបារាំងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ថា លោកក៏វាយតម្លៃខ្ពស់ថា កម្ពុជានឹងក្លាយជាអធិរាជស្វាយចន្ទី នាឆ្នាំ២០៣០ខាងមុខ ដូចក្តីរំពឹងទុករបស់រដ្ឋាភិបាលដែរ។ ក៏ប៉ុន្តែអ្វីដែលលោកចង់ឱ្យរដ្ឋាភិបាលដោះស្រាយនៅចំពោះមុខនាពេលនេះ គឺត្រូវមានទុនបង្វិលគ្រប់គ្រាន់ និងការកាត់បន្ថយថ្លៃដើមផលិត។

ក្នុងន័យនេះលោកស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុពិចារណា ផ្តល់ទុនបង្វិលរយៈខ្លីដល់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យពួកគេមានលទ្ធភាពអាចប្រជែងទិញគ្រាប់ស្វាយចន្ទីពីកសិករក្នុងស្រុក ជាមួយប្រទេសជិតខាងមកកែច្នៃបន្ថែម។ ចំណែក ការកាត់បន្ថយថ្លៃដើមវិញ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាលបង្កើតសួនកសិឧស្សាហកម្ម ដែលមានលក្ខណៈចម្រុះដូចតំបន់សេដ្ឋកិច្ចពិសេសដែរ ​ដោយមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី រោងចក្រគៀបយកប្រេងពីសំបកស្វាយចន្ទី និងរោងចក្រផលិតជីចេញពីសំបកស្វាយចន្ទី។

គួរបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានចំនួនសរុប៨៣ម៉ឺនតោន កើនឡើង៣៦,៧%។ ក្នុងនោះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម គឺមានទំហំច្រើនជាងគេ ពោលគឺមានប្រមាណ៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ តាមរយៈកំណើននៃការនាំចេញគ្រាប់ស្វាយចន្ទីនេះ បានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសមានការនាំចេញស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។

តែទោះយ៉ាងណា គេសង្កេតឃើញថា ក្នុងរយៈពេល៨ខែឆ្នាំនេះ វៀតណាមបាននាំចេញផលិតផលស្វាយចន្ទីដែលកែច្នៃរួចទៅកាន់ទីផ្សារអន្តរជាតិប្រមាណជិត៤៨ម៉ឺនតោន ដោយគិតជាទឹកប្រាក់ទទួលបានវិញជិត២,៧ពាន់លានដុល្លារ។ ក្នុងន័យនេះ មន្ត្រីកសិកម្មកម្ពុជា ទទួលស្គាល់ថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាម បានធ្វើឱ្យកម្ពុជាខាតបង់តម្លៃបន្ថែម។

សូមជម្រាបថា  បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះ និងផ្តល់ផលស្វាយចន្ទីជាង៥៨ម៉ឺនហិកតា។ ក្នុងនោះ ខេត្តកំពង់ធំមានផ្ទៃដីដាំដុះទំហំ១៤០ ០០០ ហិកតា ខេត្តរតនគិរីមានទំហំ ១០ ៤០០០ហិកតា និងខេត្តក្រចេះមានទំហំ១០ ២០០០ហិកតា៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 125
ឯកសារពិគ្រោះ : 350
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា