banner1
លោក ហ៊ុន ម៉ាណែត ថា ពង្រីកកំពង់ផែស្វយ័តព្រះសីហនុ ជាការពង្រឹងសមត្ថភាពដឹកជញ្ជូនផ្លូវទឹកកម្ពុជា

 13-កញ្ញា-2024

នៅថ្ងៃព្រហស្បតិ៍ ទី១២ កញ្ញានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន ម៉ាណែតបានថ្លែងជាសាធារណៈថា ការពង្រីកចំណតកំពង់ផែស្វយ័តព្រះសីហនុជាការពង្រឹងសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាបន្ថែមទៀត។ ការអះអាងយ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែតធ្វើឡើងនៅក្នុងពិធីសម្ពោធចំណតផែកុងតឺន័រស្វយ័តព្រះសីហនុប្រវែងជាង ២០០ម៉ែត្រដែលសាងសង់ឡើងដោយប្រើឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន។

ទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ © STPM

តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ នឹងផ្តល់ជាជម្រើសបន្ថែមសម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែមួយនេះ ក្នុងការឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់តាមផ្លូវទឹកនាពេលបច្ចុប្បន្ន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខរដ្ឋាភិបាល កម្ពុជា។

គួរបញ្ជាក់ថាតាមគម្រោង ចំណតផែកុងតឺន័របន្ថែមថ្មីនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុញ្ញាតឲ្យនាវាកុងតឺន័រធំៗមានជម្រៅ​១០,៤ ម៉ែត្រ អាចចូលចតបាន។ ជាមួយនឹងចំណតផែកុងតឺន័របន្ថែមថ្មីមួយនេះ ការទទួលនាវាដឹកជញ្ជូននឹងមានកំណើនពី ១៨% ទៅប្រមាណ ៣៨%។ លោក ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន​ដឹកជញ្ជូន Linehaul Express ប្រាប់វិទ្យុបារាំងអន្តរជាតិ​ RFI នៅព្រឹកថ្ងៃទី​ ១២ កញ្ញានេះថា ការពង្រីកចំណតកុងតឺន័រកំពង់ផែស្វយ័តព្រះសីហនុជាឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ខ្លួន។

លោក ស៊ិន​ ចន្ធី បញ្ជាក់ទៀតថា កន្លងមក​ ការដឹកជញ្ជូនតាមផ្លូវទឹក ជួបឧបសគ្គច្រើន ពិសេសការកកស្ទះចំណតកុងតឺន័រអំឡុងពេលវិបត្តិកូវីដ១៩។ ដូច្នេះសម្រាប់លោក ស៊ិន ចន្ធី ការពង្រីកចំណតកំពង់ផែស្វយ័តព្រះសីហនុនេះ អាចឲ្យកម្ពុជាទាញបានផលចំណេញលើកត្តាពីរយ៉ាង​ ទី១ ការកាត់បន្ថយពេលវេលាសម្រាប់នាវាចូលចត​ និងទី២ ការកាត់បន្ថយការចំណាយរបស់នាវាលើការដឹកជញ្ជូនតាមផ្លូវទឹក។

គួរបញ្ជាក់ថា ការពង្រីកចំណតកុងតឺន័រកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចាយពេលសាងសង់ចំនួន១៧ខែ និងចាយលុយសាងសង់អស់ប្រមាណជាង៤០លានដុល្លារ​ ក្នុងនោះទឹកប្រាក់១០លានដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងប្រមាណជាង៣០លានជាទឹកប្រាក់របស់រដ្ឋាភិបាលកម្ពុជា។ សម្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា ការពង្រីកសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 125
ឯកសារពិគ្រោះ : 350
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា