banner1
កម្ពុជា-ចិន បន្តផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ឧក្រិដ្ឋកម្មឆ្លងដែន និងពង្រឹងការអនុវត្តច្បាប់

 12-កញ្ញា-2024

នៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោកស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កម្ពុជា និងចិននឹងផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ការស្វែងរក និងចាប់បញ្ចូនជនល្មើសត្រឡប់ទៅប្រទេសដើមវិញ រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាចុះថ្ងៃទី៩ កញ្ញា និងថា កិច្ចសហប្រតិបត្តិការសន្តិសុខពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា និងចិននេះ គឺបន្តពីកិច្ចសហប្រតិបត្តិការដែលភាគីទាំង២ មានស្រាប់កាលពីឆ្នាំ២០១៩ ដោយផ្ដោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាលោកស សុខា និងលោកវ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន © H.E. Abhisantibindit Sar Sokha

ការកំណត់គោលដៅនៃកិច្ចសហប្រតិបត្តិការកម្ពុជា និងចិនលើការពង្រឹងកិច្ចការសន្តិសុខ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការអនុវត្តច្បាប់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ កញ្ញា ក្នុងទីក្រុងបេកាំង ប្រទេសចិនរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃកម្ពុជាក្នុងថ្ងៃទី៩ កញ្ញា ភាគីចិនបាននិងកំពុងជួយកម្ពុជាលើវិស័យសន្តិសុខតាមរយៈការផ្តល់សម្ភារៈបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងសកម្មភាពឆបោកតាមអនឡាញជាដើម។

សម្រាប់ឆ្នាំបន្តក្នុងឆ្នាំ២០២៤ នេះ ភាគីទាំងពីរបានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ គួរជ្រាបថា គិតពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា និងចិនបានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។ ជាការឆ្លើយតប លោក វ៉ាង ស៊ាវហុង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនបង្ហាញក្ដីសង្ឃឹមលើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរឲ្យកាន់តែមានភាពរីកចម្រើន និងថា ចិននៅតែបន្តគាំទ្រ និងផ្តល់ជំនួយទាំងផ្នែកពង្រឹងសមត្ថភាព និងសម្ភារៈផ្សេងៗដល់កម្ពុជា។

សូមបញ្ជាក់ថានាពេលថ្មីៗនេះ ក្រសួងការពារសន្តិសុខចិន បានចាប់បញ្ចូនជនសង្ស័យចំនួន៥នាក់ ក្នុងក្រុមមួយឈ្មោះ “Fox Hunt” ត្រឡប់ទៅប្រទេសចិនវិញ ក្រោយពីរកឃើញថា ពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្ម លាងលុយកខ្វក់ក្នុងប្រទេសកម្ពុជា។ ចំណែកក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៤ នេះ អាជ្ញាធរកម្ពុជាបានចាប់បញ្ចូនជនជាតិចិនជាង ១២០០នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្នុងបទជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺនែតក្នុងប្រទេសកម្ពុជា៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា