banner1
ក្នុងខែសីហា ឆ្នាំ២០២៤ CDC អនុម័តគម្រោងវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារ

 10-កញ្ញា-2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC បានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសុរបប្រមាណជាង ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះ គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ CDC ចេញផ្សាយថ្ងៃទី៩ កញ្ញា នៅក្នុងខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧គម្រោង ជាមួយនឹងទុនវិនិយោគសរុបប្រមាណជាង ១,២ពាន់លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលលេចធ្លោជាងគេមានចំនួន៤ រួមមាន ការបង្កើតអាជីវកម្មសណ្ឋាគារផ្កាយ៥ ក្នុងខេត្តព្រះសីហនុ ការបង្កើតរោងចក្រផលិតចំណីសត្វ និងកែច្នៃស្បែកសត្វក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ការពង្រីកបន្ថែមផលិតកម្មកែច្នៃពាក់កណ្តាលសម្រេចក្នុងខេត្តព្រះសីហនុ និងការបង្កើតកសិដ្ឋានបង្កាត់ពូជ និងចិញ្ចឹមគោ សេះ សត្វចតុប្បាទផ្សេងទៀត រួមទាំងរោងចក្រកែច្នៃផលិតផលចំណីសត្វ និងមន្ទីរពិសោធន៍ក្នុងខេត្តកែប។

ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញគឺមានគម្រោងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រុកស្រែអំបិល ខេត្តកោះកុង គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តក្រចេះ និងខេត្តស្វាយរៀង និងការបង្កើតរោងចក្រផលិតភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាល់កុលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែល ចិនជាប្រទេសស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែក ៨៤,៧២% នៃទុនវិនិយោគសរុបក្នុងប្រទេសកម្ពុជា។ ចំណែកការវិនិយោគរបស់ក្រុមហ៊ុនកម្ពុជាក្នុងស្រុកមានត្រឹមតែ ៩,១២% នៃទុនវិនិយោគសរុប។

គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនៃរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោងដែលមានទុនវិនិយោគសរុបប្រមាណជាង ៧,៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។ គម្រោងវិនិយោគនេះមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៤.៦ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃ១ឆ្នាំចុងក្រោយរបស់រដ្ឋាភិបាលនីតិកាលទី៦៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា