banner1
VnExpress៖ វៀតណាមជម្លៀសអ្នកក្រុងហូជីមិញ ១៨០០គ្រួសារ ដើម្បីសង់ផ្លូវល្បឿនលឿនភ្ជាប់ជាមួយកម្ពុជា

 3-កញ្ញា-2024

រដ្ឋាភិបាលវៀតណាមបានប្រកាសជម្លៀសពលរដ្ឋចេញពីក្រុងហូជីមិញប្រមាណ ១៨០០គ្រួសារដែលស្ថិតក្នុងគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទៅព្រំដែនខ្មែរ។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម VnExpress នៅថ្ងៃទី៣១ សីហា។ គួរបញ្ជាក់ថា តាមគម្រោងវៀតណាមនឹងតភ្ជាប់ផ្លូវល្បឿនលឿនថ្មីរបស់ខ្លួនមួយនេះជាមួយនឹងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត របស់ខ្មែរដែលគ្រោងនឹងបញ្ចប់ដំណាលគ្នានៅឆ្នាំ២០២៧ ខាងមុខ។ រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកប៉ែន បូណារំពឹងថា កិច្ចសហការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយវៀតណាមនឹងអនុញ្ញាតឲ្យកម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ចច្រើន។ ផ្លូវល្បឿនលឿនក្រុងហូជីមីញ-ម៉ុកបៃរបស់វៀតណាម © VnExpress

តាមការចុះផ្សាយរបស់កាសែតក្នុងស្រុកវៀតណាមឈ្មោះ VnExpress ថ្ងៃទី៣១ សីហា មានពលរដ្ឋវៀតណាមយ៉ាងហោចណាស់ ១៨០០គ្រួសារ ដែលរស់នៅក្នុងទីក្រុងហូជីមិញនឹងត្រូវជម្លៀសចេញ ដើម្បីយកទីតាំងសម្រាប់សាងសង់ផ្លូវល្បឿនលឿនក្រុងហូជីមីញ-ម៉ុកបៃ។ តាម VnExpress ផ្លូវល្បឿនលឿនក្រុងហូជីមីញ-ម៉ុកបៃ ត្រូវរត់កាត់ក្រុងហូជីមិញក្នុងចម្ងាយ ២៤គីឡូម៉ែត្រ និងថា រដ្ឋត្រូវចំណាយប្រាក់យ៉ាងតិច ២៨៥លានដុល្លារ ជាសំណងសម្រាប់ពលរដ្ឋ ដែលប៉ះពាល់នៅក្នុងគម្រោងសង់ផ្លូវល្បឿនលឿននោះ។ គួរបញ្ជាក់ថា តាមគម្រោងរបស់រដ្ឋាភិបាលវៀតណាម ផ្លូវល្បឿនលឿនក្រុងហូជីមីញ-ម៉ុកបៃ មានប្រវែងសរុប ៥១គីឡូម៉ែត្រ និងត្រូវចំណាយប្រាក់ជាង ៧៨៧លានដុល្លារអាមេរិក ដើម្បីសាងសង់តភ្ជាប់ទៅកាន់ខេត្ត Tay Ninh ដែលមានព្រំដែនជាមួយប្រទេសកម្ពុជា។

តាមរយៈផ្លូវល្បឿនលឿនក្រុងហូជីមីញ-ម៉ុកបៃ ដែលតភ្ជាប់ជាមួយកម្ពុជាមួយនេះត្រូវបានត្រូវបានរដ្ឋវៀតណាមរំពឹងថា គឺអាចពង្រឹងបណ្តាញដឹកជញ្ជូនក្នុងតំបន់សេដ្ឋកិច្ចភាគខាងត្បូងវៀតណាម ព្រមទាំងជួយ សម្រួលបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ រួមទាំងជួយសម្រួលឱ្យការធ្វើដំណើរទៅមកហូជីមិញ កម្ពុជាកាន់តែងាយស្រួលជាងមុន ពិសេសក្នុងចម្ងាយដ៏ខ្លីបំផុត។ នេះបើតាម VnExpress។ គួរបញ្ជាក់ថា វៀតណាមបានសម្រេចតភ្ជាប់ផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃរបស់ខ្លួនជាមួយផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-បាវិតរបស់កម្ពុជា និងគ្រោងបញ្ចប់ការសាងសង់ដំណាលគ្នានៅក្នុងឆ្នាំ២០២៧ ខាងមុខ។

ក៏ប៉ុន្តែ ទីតាំងចំណុច តភ្ជាប់ (Connecting Point) នៃគម្រោងផ្លូវល្បឿនលឿនទាំងនេះនៅពុំទាន់ត្រូវបានសម្រេចចេញដោយភាគីកម្ពុជានៅឡើយទេ គិតត្រឹមថ្ងៃទី២ កញ្ញា ឆ្នាំ ២០២៤។ នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផាន រឹម ដោយបញ្ជាក់បន្ថែមថា ក្រុមការងារបច្ចេកទេសកំពុងសិក្សាលើចំណុចនេះ។ គួរបញ្ជាក់ថាតាមគម្រោងផែនការ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានចំងាយ ១៣៨គីឡូម៉ែត្រ និងត្រូវចំណាយលុយសាងសង់សរុបប្រមាណ ១ ៦៣៨លានដុល្លារអាមេរិក។ ចំណែកផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនក្រុងហូជីមិញ-ម៉ុកបៃត្រូវបានបញ្ជាក់ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។

តាមលោក ប៉ែន បូណា គម្រោងតភ្ជាប់ផ្លូវល្បឿនលឿនរវាងកម្ពុជា និងវៀតណាមនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV និងថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយវៀតណាមតាមរយៈផ្លូវល្បឿនលឿននេះ នឹងផ្តល់ប្រយោជន៍ឱ្យកម្ពុជាច្រើនផ្នែកសេដ្ឋកិច្ច តាមរយៈការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យសំខាន់ៗជាច្រើនផ្សេងទៀត៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា