banner1
ADB ផ្តល់លុយចំនួន ៩៣,៦ លានដុល្លារ ឲ្យកម្ពុជាដើម្បីផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់ជនបទ

 3-កញ្ញា-2024

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានសម្រេចអនុម័តថវិកាលើកញ្ចប់ថវិកាចំនួន ៩៣,៦ លានដុល្លារឲ្យរដ្ឋាភិបាលកម្ពុជាដើម្បីយកទៅធ្វើការកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព និងអនាម័យនៅតាមតំបន់ជនបទក្នុងប្រទេសកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយថ្ងៃទី២ កញ្ញា លុយទាំង ៩៣,៦លានដុល្លារ ជាប្រាក់កម្ចី និងជាជំនួយឥតសំណងដើម្បីជួយគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អ ផ្គត់ផ្គង់ទឹកស្អាត និងសម្ភារៈអនាម័យដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅតាមតំបន់ជនបទសម្រាប់ ៨ម៉ឺន៨ពាន់គ្រួសារ ក្នុង៤០០ភូមិ នៃឃុំចំនួន៥០ ក្នុងខេត្តចំនួន៩ របស់កម្ពុជា។ ខេត្តទាំង៩ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។

លោកស្រី Jyotsana Varma នាយិកាធនាគារ ADB ប្រចាំកម្ពុជាលើកឡើងថា ជំនួយរបស់ ADB ផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយោល ដើម្បីទទួលបាននូវកំណែទម្រង់ ការពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារ និងផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យដែលគ្រប់គ្រងដោយសហគមន៍ រួមទាំងពង្រីកវិសាលភាពលើផែនការរបស់រដ្ឋាភិបាល ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ។ ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈអ្នកនាំពាក្យ លោក ពិត ករុណា ប្រាប់វិទ្យុបារំាងអន្តរជាតិ RFI នៅថ្ងៃទី២ កញ្ញា ថា ជំនួយរបស់ ADB ធ្វើឡើងស្របពេល ដែលក្រសួងខិតខំប្រឹងប្រែងឱ្យប្រជាជននៅតាមតំបន់ជនបទដាច់ស្រយោលទទួលបានទឹកស្អាតប្រើប្រាស់ពេញលេញនៅត្រឹមឆ្នាំ២០៣០។

បើតាម លោក ពិត ករុណា ក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងធ្វើការយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធទាំងអស់ នឹងថាបច្ចុប្បន្ន ប្រជាពលរដ្ឋនៅជនបទមានទឹកស្អាតប្រើប្រាស់ជាង ៩០% រួចហើយ។

តាមធនាគារអភិវឌ្ឍន៍អាស៊ី លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាពក្នុងឆ្នាំ២០២២ មានត្រឹមតែ២៩% នៅទូទាំងប្រទេសកម្ពុជា និងមានទាបជាង ២០% សម្រាប់តំបន់ជនបទ ខណៈដែលលទ្ធភាពទទួលបានអនាម័យមូលដ្ឋានមាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅតាមតំបន់ជនបទ៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា