banner1
ODC៖ គម្របព្រៃឈើនៅកម្ពុជា ថយចុះមកទាបជាង ៤០% នៅឆ្នាំ២០២៣

 2-កញ្ញា-2024

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា (Open Development Cambodia) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញផ្សាយរបាយការណ៍មួយ អំពីគម្របព្រៃឈើនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ ក្នុងរបាយការណ៍នេះ អង្គការក្រៅរដ្ឋាភិបាល ODC បានអះអាងថា គម្របព្រៃឈើនៅកម្ពុជាបានថយចុះមកក្រោម ៤០% ក្នុងឆ្នាំ២០២៣។

ODC៖ គម្របព្រៃឈើនៅកម្ពុជា ថយចុះមកទាបជាង៤០%នៅឆ្នាំ២០២៣ © សហការី

យោងតាមរបាយការណ៍របស់ ODC  គម្របព្រៃឈើរបស់កម្ពុជា បើគិតជារួមបានថយចុះពី ៤៣.២១% ក្នុងឆ្នាំ២០១៥ មកត្រឹម ៣៩.៧៥% នៅក្នុង២០២៣។ ក្នុងចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ ពោលគឺរយៈពេល៨ឆ្នាំចុងក្រោយនេះ ការថយចុះគម្របព្រៃឈើដែលគួរឱ្យកត់ស្គាល់ គឺកើតមានឡើងនៅតំបន់ភាគខាងកើត និងភាគពាយ័ព្យ ដោយសារតំបន់នេះមានព្រៃឈើច្រើនបំផុតក្នុងចំណោមតំបន់ធំៗទាំង៤។

គួរឱ្យដឹងថា កម្ពុជាមានតំបន់ព្រៃឈើធំៗចំនួន៤ គឺតំបន់ជួរភ្នំក្រវាញ តំបន់ទំនាបទន្លេមេគង្គ តំបន់ភាគពាយ័ព្យ និងតំបន់ភាគខាងកើត។ តែទោះជាយ៉ាងណា មានតំបន់ចំនួន២ គឺតំបន់ជួរភ្នំក្រវាញ និងតំបន់ទំនាបទន្លេមេគង្គ គម្របព្រៃឈើ គឺមានការកើនឡើង ក្នុងចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ពី អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជាដដែល។  បើតាមទិន្នន័យស្រាវជ្រាវនៅ សកលវិទ្យាល័យMaryland ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើប្រមាណ ១២១ ០០០ហិកតា ក្នុងនោះពាក់កណ្តាលនៃព្រៃឈើ ដែលបានបាត់បង់គឺ ស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់។

ចំណែកទិន្នន័យសរុប ប្រមូលដោយ Global Forest Watchវិញ គិតត្រឹមថ្ងៃទី៤ មេសា ឆ្នាំ២០២៤ បានបង្ហាញថា នៅឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃឡង់រងការកាប់បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ ១១ ៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរដែលបាត់បង់អស់ ៧ ២៣២ ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសដែលបាត់បង់អស់ ៦ ១២៥ ហិកតា។

ពាក់ព័ន្ធនឹងបញ្ហាគម្របព្រៃឈើធ្លាក់ចុះនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំ និងចែកចាយដល់ពលរដ្ឋឱ្យយកទៅដាំដោយឥតគិតថ្លៃ។ ក្រៅពីនេះ ក្រសួងបានការដាក់សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែង ជនប្រព្រឹត្តបទល្មើសព្រៃឈើ និងជំរុញការដាំដើមឈើឲ្យច្រើន។ ក្រសួងបរិស្ថានបានដាក់ផែនការរក្សាគម្របព្រៃឈើឱ្យបាន៦០% នៅត្រឹមឆ្នាំ២០៥០៕

ប្រភពព័ត៌មាន ៖ វិទ្យុបារាំងអន្តរជាតិ RFI https://www.rfi.fr/kh


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖

E-mail : grdp.senatekh@gmail.com

ឯកសារសំខាន់ៗ

ចំនួនឯកសារ

ឯកសារស្រាវជ្រាវ : 35
ឯកសារគោលនយោបាយ : 124
ឯកសារពិគ្រោះ : 349
ឯកសារច្បាប់ : 154
ចំនួនអ្នកទស្សនា


សំលេង
វីដេអូខ្លីៗ
សៀវភៅថ្មីៗ
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា